ប្រមុខរដ្ឋាភិបាល រំឭកឈប់ឲ្យតដំឡើងឋានៈមន្ត្រី តាមរបៀបបក្ខពួក និងគ្រួសារនិយម ដោយថាប្រព័ន្ធដឹកនាំបែបនេះ មិនទទួលបានការគាំទ្រពីអ្នកនៅក្រោមឱវាទទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៥ខែមិថុនានេះ បានរំឭកថា មន្ត្រីឡេមឡឺម និងមន្ត្រីចាំតែធ្វើរបាយការណ៍ប្រាប់មកថ្នាក់លើ និងស្តីបន្ទោសមន្ត្រីថ្នាក់ក្រោម ថាជាមន្ត្រីបង្កគ្រោះថ្នាក់ដល់ប្រជាប្រិយភាព របស់ក្បាលម៉ាស៊ីនដឹកនាំ។
មេដឹកនាំរូបនេះ លើកឡើងទៀតថាការដំឡើងឋានៈ ឬតែងតាំងតួនាទី មន្ត្រីណាមួយ តាមរបៀបបក្ខពួក និងគ្រួសារនិយម ដោយមិនផ្តោតលើសមត្ថភាពនោះ ជាប្រព័ន្ធដឹកនាំមួយ មិនទទួលបានការគាំទ្រពីមន្ត្រីថ្នាក់ក្រោមទេ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា បញ្ហាគ្រួសារ និងបក្ខពួកនិយម បានចាក់គ្រឹះជ្រៅក្នុងស្ថាប័នរដ្ឋ និងជួរមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ លោកបន្ថែមថាបញ្ហានេះស្ទើរតែពិបាកធ្វើកំណែទម្រង់ទៅហើយ។ ប៉ុន្តែលោកថា បើចង់ធ្វើកំណែទម្រង់ពិតប្រាកដ ទាល់តែមេដឹកនាំកំពូលៗ ក្នុងជួររដ្ឋាភិបាលធ្វើគំរូមុនគេ។
បើតាមលោក សន ជ័យ មន្ត្រីអែបអប ឡេមឡឺម ច្រើនបានឡើងបុណ្យស័ក្តិ ប៉ុន្តែថាមន្ត្រីដែលមានសមត្ថភាពច្រើនគេមើលរំលង ដែលនេះជាផ្នែកមួយជំរុញឲ្យមានអយុត្តិធម៌សង្គម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ
ទោះជាយ៉ាងណាកាលពីខែមុន លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក នឹងពិនិត្យមើលឡើងវិញ ចំពោះឋានន្តរស័ក្តិ និងតួនាទីរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានដំឡើងនៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់។