មេដឹកនាំអតីតបក្សប្រឆាំងថ្លែងរិះគន់រដ្ឋាភិបាល ដែលធ្វើវិសោធនកម្មច្បាប់មួយចំនួននៃច្បាប់សញ្ជាតិ ដោយថានឹងធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ដូចកម្ពុជាក្រោម។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងក្នុងហ្វេសប៊ុករបស់លោក រិះគន់រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដើរតាមគន្លងមេដឹកនាំសម័យមុនដែលធ្វើឲ្យបាត់បង់ទឹកដី។ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ថា ច្បាប់សញ្ជាតិថ្មីនេះនឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីដូចកម្ពុជាក្រោម។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការធ្វើវិសោធនកម្ម ច្បាប់ស្តីពីសញ្ជាតិនេះ ដើម្បីការពារបូរណភាពទឹកដី មិនដូចការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះ ជាអាវុធមុខពីរ ដោយថាអាវុធទីមួយអាចធ្វើឲ្យសង្គមមានភាពរីកចំរើន និងមួយទៀតអាចធ្វើឲ្យកម្ពុជាវិលទៅដូចសម័យស្តេចជ័យជេដ្ឋាទី២ ដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរក្រោម។
លោក មាស នី ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវប្រុងប្រយ័ត្នក្នុងការធ្វើវិសោធនកម្មច្បាប់នេះ និងអនុវត្តឲ្យមានភាពសុក្រិត ដើម្បីកុំឲ្យដើរតាមគន្លងស្តេចជ័យជេដ្ឋាទី២។
លោកផ្តល់ជាអនុសាសន៍ថា«រដ្ឋាភិបាលគួរតែមានការប្រុងប្រយ័ត្ន ក្នុងការពិនិត្យលើច្បាប់[ស្តីពីសញ្ជាតិ] កុំឲ្យចេះតែយល់ព្រមតៗគ្នា ហើយចុងបំផុតគ្រោះថ្នាក់ គេទំលាក់មកលើអ្នកដឹកនាំសម័យនេះជាអ្នកទទួលខុសត្រូវនៅមុខប្រវត្តិសាស្ត្ររាប់ជំនាន់ រាប់រយឆ្នាំទៀត ដូចជ័យជេដ្ឋាទី២ បើសិនជាធ្វើមិនត្រឹមត្រូវ »។
ច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលព្រឹទ្ធសភាអនុម័តយល់ព្រមកាលពីថ្ងៃទី១១ ខែមិថុនានេះ ជាមួយសំឡេងគាំទ្រ ៥៩លើសំឡេង ៥៩នោះ មានចំនួន ១០ ជំពូក និង៣៨ មាត្រា។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News ដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ មេដឹកនាំវៀតណាមបានស្នើសុំឲ្យកម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន ១៧ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕