ការប្រកួតក្នុងព្រឹត្តិការណ៍ ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣ កាលពីថ្ងៃទី១៦ មិថុនា កីឡាករ សេក ចៅជូត បានក្លាយជាកីឡាករទី៣គួរអោយសរសើរដែលដណ្ដើមបានកៅអី១៦នាក់ ក្នុងចំណោម៣២រូបដែលមានឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។
អ្វីដែលគេកត់សម្គាល់ គឺ គេបានបង្ហាញពីអារម្មណ៍ក្ដុកក្ដួលចំពោះជ័យជម្នះនេះយ៉ាងខ្លាំង ដោយគេបញ្ជាក់ថាអ្វីដែលបានស្ដែងឡើង នឹងជួយអោយគេបានក្លាយជាកីឡាករអាជីពនៅថ្ងៃខាងមុខ ហើយជួយអោយជីវិតមិនមានប្រាក់ចំណូលច្បាស់លាស់របស់គេនៅខេត្តសៀមរាប អាចបន្តរស់បានដោយស្រួលនោះផង។
កីឡាករ សេក ចៅជូត បានអះអាងថា លោកមិនធ្លាប់ឡើងប្រកួតក្នុងវគ្គជម្រុះបែបនេះពីមុនមកទេ បើទោះជាប៉ុស្ដិ៍លេខ៥បានបើកការប្រកួតប្រភេទនេះជាច្រើនលើកជាច្រើនសារពីមុនក៏ដោយ។ លោកថាខ្លួនធ្លាប់តែស្រម៉ៃ និងធ្លាប់តែគិតថាថ្ងៃណាមួយនឹងបានឡើងរេញនៅប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះ ទើបសុំប្រធានក្លិបអង្គរមានជ័យនៅខេត្តសៀមរាបហ្វឹកហាត់បានមួយរយៈ ដោយសារតែជីវភាពស៊ីឈ្នូលគេនៅខេត្តសៀមរាបពិបាកខ្លាំង ហើយដោយសារតែមានការផ្ដល់ឱកាសទើបធ្វើអោយលោកមានឈ្មោះក្នុងចំណោមបេក្ខជន៣២រូប។
លោកថាខ្លួនសុខចិត្តខ្ចីលុយបងប្អូនឡើងមកប្រកួតនៅប៉ុស្ដិ៍លេខ៥ ដើម្បីបានប្រកួត ដោយលោកបានទាំងចិត្តយ៉ាងមុតមាំថាត្រូវតែឈ្នះដាច់ខាត មិនអាចបរាជ័យ ដើម្បីបានឡើងសង្វៀនម្ដងហើយ ត្រូវតែបានឡើងម្ដងទៀត គ្រាន់បានចំណូលទប់ការចំណាយ។ លោកថាលទ្ធផលដែលឈ្នះការប្រកួតនៅប៉ុស្ដិ៍លេខ៥ ហើយទទួលបានកៅអីក្នុងវគ្គ១៦នាក់កាលពីថ្ងៃសៅរ៍ គឺកើតចេញពីភាពខ្វះខាត ពោលគឺកើតចេញពីការចង់ឈ្នះតែម្ដង ដើម្បីកុំអោយបងប្អូន និងសាច់ញាតិរបស់លោកសើចយំលោក ដែលលោកសម្រេចចិត្តចូលហាត់ប្រដាល់ ហើយគ្រាន់តែឡើងរេញសង្វៀនក្នុងវគ្គជម្រុះលើកដំបូង ក៏បរាជ័យទៅសៀមរាបវិញ។
លោកមានបំណងសន្សំលុយពីការឡើងប្រដាល់ដើម្បីយកលុយទៅបង្កើតមុខរបរផ្ទាល់ខ្លួនមួយ អ៊ីចឹងហើយទើបពេលដែលឡើងរេញនាថ្ងៃនោះ លោកអត់គិតពីរឿងវាយយ៉ាងមិចអោយត្រូវបច្ចេកទេស ឬមិនត្រូវនោះទេ ប៉ុន្តែសំខាន់បំផុតគឺវាយអោយបានរហ័ស វាយអោយបានមុន វាយអោយត្រូវគូប្រកួតបានខ្លះ ហើយសំខាន់បំផុតគឺវាយសម្រុកកុំញញើតគូប្រកួតតាមបណ្ដាំរបស់មិត្តភ័ក្រ្តមុនពេលឡើងរេញ។
ក្រោយត្រូវបានប្រកាសថាឈ្នះ កីឡាករវ័យក្មេង សេក ចៅជូត បានសារភាពថា លោកហ្វឹកហាត់ការប្រដាល់បានរយៈពេលខ្លីប៉ុណ្ណោះ ហើយបទពិសោធន៍ក៏មិនបានច្រើនដែរ ប៉ុន្តែលោកមានឆន្ទៈ និងមិនចង់បរាជ័យ ទើបការតស៊ូខ្ចីលុយគេមកតាំងពីខេត្តសៀមរាប ធ្វើអោយលោកជោគជ័យ ដោយក្រោយដណ្ដើមបានកៅអី១៦នាក់ គឺលោកនឹងបន្តមកប្រកួតក្នុងវគ្គជម្រុះយក៨នាក់ទៀត ដែលលោកបានហៅឱកាសនោះថានឹងធ្វើអោយលោកបានលុយទៀតហើយ ក្នុងពេលដែលនៅសៀមរាប គឺលោកស៊ីឈ្នួលគេបានប្រាក់ទាំងលំបាក។
ក្រោយពីកក់បានកៅអី១៦នាក់តាមការចង់បាននេះ កីឡាករ សេក ចៅជូត នឹងត្រូវត្រៀមខ្លួនឡើងប្រកួតក្នុងវគ្គ១៦នាក់យកតែ៨នាក់ទៀត ដោយលោកនិយាយថាទោះមិនមានសង្ឃឹមច្រើន ក៏ដឹងតែវាយសិនដែរ ដើម្បីអោយអ្នកគាំទ្រដឹងថាលោកតស៊ូក្នុងអាជីពកីឡា ហើយបន្តផ្ដល់ឱកាសអោយលោកឡើងរេញ ដើម្បីបានលុយដោះស្រាយជីវភាព៕