អង្គការតម្លាភាពប្រកាសមិនចូលរួមឃ្លាំមើលការបោះឆ្នោតអាណត្តិនេះ

ការបោះឆ្នោត កន្លងទៅ

អង្គការមួយប្រកាសថា នឹងមិនចូលរួមឃ្លាំមើលការបោះឆ្នោតខែកក្កដាខាងមុខនេះទេ  ខណៈ អ្នកនាំពាក្យ គ.ជ.ប ចាត់ទុកការប្រកាសបែបនេះ ថា ជារឿងធម្មតា។

អង្គការមួយប្រកាសថា នឹងមិនចូលរួមឃ្លាំមើលការបោះឆ្នោតខែកក្កដាខាងមុខនេះទេ  ខណៈ អ្នកនាំពាក្យ គ.ជ.ប ចាត់ទុកការប្រកាសបែបនេះ ថា ជារឿងធម្មតា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ អង្គការតម្លាភាពកម្ពុជាបានប្រកាសមិនចូលរួមឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខទេ ដោយអង្គការនេះបន្ទោសលើបរិយាកាសនយោបាយ ថា ធ្វើឲ្យខ្លួនមិនអាចប្រមូលធនធានគ្រប់គ្រាន់ ដើម្បីធ្វើការសង្កេតការណ៍ និងជួយជំរុញដល់ដំណើការបោះឆ្នោត។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ទាត់ចោលកង្វល់ទាំងនេះថា មិនឆ្លុះការពិតទាំងស្រុង និងថា ការប្រកាសមិនចូលរួមឃ្លាំមើលរបស់អង្គការសង្គមស៊ីវិល គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះឡើយ។

ការប្រកាសចូលរួម ឬមិនចូលរួមរបស់អង្គការណាក៏ដោយ វាមិនបានធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវដល់ការបោះឆ្នោតនោះទេ។ កុំយកភាពចន្លោះប្រហោង ភាពអសមត្ថភាពរបស់ខ្លួន ប្រែក្លាយទៅជាការទម្លាក់កំហុសមក គ.ជ.ប

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលដទៃទៀត ក៏រងការគំរាមកំហែង បំភិតបំភ័យ និងចោទប្រកាន់ជាបន្ដបន្ទាប់ដូចគ្នាដែរ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន មានការខ្លាចរអា និងមិនហ៊ានចូលរួមជាមួយពួកគេ។

ឲ្យតែស្ថាប័ន ឬអង្គការឯករាជ្យដែលធ្វើកិច្ចការងារហ្នឹង គឺវាដូចតែគ្នា។ ជាពិសេសទាក់ទងរឿងបរិយាកាសនយោបាយ វាពាក់ព័ន្ធនឹងរឿងគំរាមកំហែងដល់ស្ថាប័ន NGOs ដែលធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ លោកភ័យខ្លាចក្នុងការចូលរួម ស្ថាប័នយើងក៏ដូចគ្នាដែរ […] ភាគីទាំងអស់ហ្នឹង គួរទទួលស្គាល់នូវអ្វីដែលសង្គមស៊ីវិលបានធ្វើ កន្លង មកការចោទប្រកាន់លើស្ថាប័ន និងសង្គមស៊ីវិល យើងមិនដែលមានការគាំទ្រពីស្ថាប័ន គ.ជ.ប ទេ

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស

បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គការតម្លាភាពកម្ពុជាអះអាងថា កន្លងមក ខ្លួនធ្លាប់បានចូលរួមសង្កេតការណ៍បោះឆ្នោតពីរលើកមកហើយ គឺការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។