ក្រសួង​រៀបចំ​ដែនដី​បដិសេធ​ដោះស្រាយ​ជំលោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន ហេង​ អភិវឌ្ឍន៍​

ពលរដ្ឋមកពីខេត្តកណ្ដាល តវ៉ារឿងដីធ្លីនឹងក្រុមហ៊ុន ហ៊ុន ហេងអភិវឌ្ឍន៍ របស់​អ្នកស្រី​ សៀង ចាន់​ហេង (រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍)

ក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ បានបដិសេធសំណើប្រជាពលរដ្ឋ២៩២គ្រួសារ ដែលស្នើឲ្យស្ថាប័ននេះ ជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញឲ្យដឹងថា ក្រសួងសម្រេចមិនធ្វើការពិនិត្យដោះស្រាយបញ្ហានេះទៀតទេ ដោយក្រសួងសំអាងថា ករណីនេះព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកណ្ដាល លោក ហួត វុទ្ធី បានចេញដីកាសម្រេចកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨រួចហើយ។

ការបដិសេធនេះធ្វើឡើងស្របពេលដែលអគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៍ លោកស្រី សៀង ចាន់ហេង កាលពីម្សិលមិញនេះ បានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមពលរដ្ឋ២៩២គ្រួសារ ខណៈក្រុមពលរដ្ឋទាំងនោះបានឡើងមកតវ៉ានៅក្រសួងរៀបចំដែនកាលពីម្សិលមិញនេះដែរ។

ក្នុងដីកាសម្រេចចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ២០០៨ របស់ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកណ្ដាល លោក ហួត វុទ្ធី ឲ្យដឹងថា ប្រជាពលរដ្ឋ ២៩២  គ្រួសារដែលបានទាមទារដីនោះ  សុទ្ធតែបានកាន់កាប់ជាន់លើដីរបស់ក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលមានប័ណ្ណសម្គាល់អចលនវត្ថុរួចហើយ។ បើតាមដីកានោះបន្ថែមថា ប្រជាពលរដ្ឋទាំង២៩២គ្រួសារ បានកាន់កាប់ដីដោយខុសច្បាប់ គ្មានអាជ្ញាធរដែនដីទទួលស្គាល់។​

ថ្លែងប្រាប់​អ្នកយកព័ត៌មាន VOD នៅ​ព្រឹកថ្ងៃអង្គារនេះ លោក ញ៉េម ញៀប អះអាងជាអ្នក​មកតវ៉ាម្នាក់ដែរនោះ មានប្រសាសន៍ថា ពួកគាត់មិនសុខចិត្តទៅនឹងដីកាសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តកណ្ដាលកន្លងមក។

ខ្ញុំប្រជាពលរដ្ឋទាំងអស់គ្នាឡើងទៅនេះ ឲ្យក្រសួងដែនដីចុះវាស់វែងឲ្យប្រជាពលរដ្ឋតាមប័ណ្ណ ៤០ “វ” និង១២ “វ” ដែលឆ្នាំ២០០៧ ក្រសួងដែនដីបានចុះវាស់វែងឲ្យប្រជាពលរដ្ឋ ហើយខ្ញុំមានចុងសន្លឹករៀងៗខ្លួនផ្ដិតមេដៃ មានត្រាពីក្រសួង

លោក ញ៉េម ញៀប អះអាងជាអ្នក​មកតវ៉ា

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​​អាដហុក លោក ស៊ឹង សែនករុណា ជំរុញទៅ​អាជ្ញាធរនិងស្ថាប័ន​ពាក់​ព័ន្ធ​ធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋឡើងមកតវ៉ាម្ដងហើយម្ដងទៀត។

នៅពេលដែលដំណាក់កាលដោះស្រាយនៅតាមខេត្តដែលជាមូលដ្ឋានដោះអត់បាន អញ្ចឹងហើយបានគាត់រត់មករកនូវសេវាកម្ម ដំណោះស្រាយពីថ្នាក់ជាតិ ដើម្បីដោះស្រាយជូនគាត់ អញ្ចឹង ប្រសិនថ្នាក់ជាតិមិនពិនិត្យមើល ក្នុងការរកដំណោះស្រាយឲ្យពួកគាត់ទេ​ ដំណើរការដោះស្រាយនៅតែមិនអាចដោះស្រាយបាន​ ហើយបញ្ហានៅតែកើតមានជាបន្តអញ្ចឹង។ អ្វីដែលគួរធ្វើគឺអាជ្ញាធរទាំងថ្នាក់ជាតិក៏ដោយ ទាំងថ្នាក់ខេត្តក៏ដោយគួរតែធ្វើយ៉ាងណាសហការគ្នាដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​​អាដហុក លោក ស៊ឹង សែនករុណា

លោក ញ៉េម ញៀប អះអាងថាដីរបស់ពួកគាត់ទាំង២៩២​គ្រួសារមាន​ទំ​ហំ៤៥០​ហិកតា ស្ថិត​ក្នុង​ឃុំ​ព្រែកហូ ឃុំ​កណ្តោក ឃុំជើង​កែប នៃ​ស្រុក​កណ្តាល​ស្ទឹង និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ លោកបញ្ជាក់ថាដីនេះ​មាន​ទំនាស់ជាង១៣​ឆ្នាំ​មក​ហើយ។ លោកអះអាងថាក្រុម​ហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នកស្រី​ សៀង ចាន់​ហេង បានយក​ដី​របស់​ពួកគេ​ក្នុង​ឆ្នាំ​២០០៥។

កាល​ពីថ្ងៃ​ទី ១៣ ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​ទៅ​រដ្ឋបាល​ខេត្តនានា​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ