អាជ្ញាធរ​​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​របស់​លោក​ ហ៊ុន សែន

ពលរដ្ឋមកពីខេត្តកោះកុង មកតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​អន្តរាគមន៍ករណីជំលោះដីធ្លី ដែលពួកគេថា​ជាប់ពាក់ព័ន្ធជាមួយនឹង​ក្រុមហ៊ុន​ស្កអំពៅ​របស់លោក​ឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ៣១៧គ្រួសារមកពីខេត្តកោះកុង បានធ្វើដំណើរមករាជធានីភ្នំពេញ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ដើម្បី​ស្វែងរក​អន្តរគមន៍ករណីជំលោះដីធ្លី ដែលពួកគេថា​ជាប់ពាក់ព័ន្ធជាមួយនឹង​ក្រុមហ៊ុន​ស្កអំពៅ​របស់លោក​ឧកញ៉ា លី យ៉ុងផាត់។​

តំណាងប្រជាពលរដ្ឋដែលមកតវ៉ាលោក នុត សារឿន បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មកលើកនេះគឺ​លុះត្រា​តែមានដំណោះស្រាយពិត​ប្រាកដទើបគាត់​យល់ព្រមត្រឡប់ទៅ​ស្រុក​វិញ។

ឧទាហរណ៍ បើគេសងជាទឹកប្រាក់ ទាល់តែគេលាតទឹកប្រាក់ឲ្យពួកខ្ញុំទើបខ្ញុំត្រលប់ទៅវិញ។ បើគេចាប់ឆ្នោតដីធ្លីទាល់តែយកឆ្នោតនោះមកចាប់នៅទីនេះទើបខ្ញុំត្រលប់ទៅវិញ ពីព្រោះគេសន្យាច្រើនលើកច្រើនសារហើយ តែគេមិនមានវិធានការអ្វីជូនដល់ប្រជាពលរដ្ឋឡើយ

តំណាងប្រជាពលរដ្ឋដែលមកតវ៉ាលោក នុត សារឿន

ពលរដ្ឋម្នាក់ទៀតដែលមកតវ៉ាដែរនោះ អ្នកស្រី ចេង អូន បានប្រាប់វីអូឌីថា ប្រជាពលរដ្ឋ​បាត់បង់ជំនឿរទៅលើអាជ្ញាធរ​ដែល​បាន​សន្យាថា​ដោះស្រាយ តែ​មិនមានលទ្ធផល ដូច្នេះហើយទើប​ពួកគេ​មិន​ត្រឡប់​ទៅវិញ​ដោយគ្មានដំណោះស្រាយ។​

គេប្រាប់ឲ្យទៅវិញទៅចាំគេដោះស្រាយបញ្ហាឲ្យតាមក្រោយ ពីព្រោះការដោះស្រាយត្រូវការពេលវេលា ប៉ុន្ដែលើកនេះខ្ញុំមិនទៅវិញនោះទេ ពួកគេសន្យាច្រើនលើកហើយប៉ុន្ដែមិនមានដំណោះស្រាយអ្វីចំពោះប្រជាជនឡើយ។

ពលរដ្ឋម្នាក់ទៀតដែលមកតវ៉ាដែរនោះ អ្នកស្រី ចេង អូន

អ្នក​នាំពាក្យ​សាលា​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍​លោកកំពុង​ចូលរួម​ជាមួយនឹង​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ដើម្បី​ដោះស្រាយ​បញ្ហា​ជំលោះដីធ្លី​របស់​ប្រជាពលរដ្ឋនេះ។

លោកមានប្រសាសន៍ថា«មកទល់ពេលនេះ​មានការ​សម្របសម្រួល​ពីខាងក្រសួង​ អាជ្ញាធរ និងរាជធានី»។​

កាលពី​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០១៨​ ​សាលាខេត្តកោះកុង​បាន​សម្រេច​បង្កើត​ក្រុមការងារ​ខេត្ត​ដើម្បី​ចុះពិនិត្យនិងសិក្សា​ករណី​ទំនាស់​ដីធ្លីរបស់​ប្រជាពលរដ្ឋ​នៅក្នុងស្រុក​ស្រែអំបិល​ និងស្រុក​បូទុមសាគរ។ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញប្រជាពលរដ្ឋ​បាន​អះអាង​ប្រាប់អ្នកយកព័ត៌មានថា ពួកគេមិនអាចទទួលយកបាន ពីដំណើរការដោះស្រាយរបស់ក្រុមការងារ ស្រុក និងខេត្តកោះកុង ដែល​មិន​អនុវត្ត​ទៅតាម​គោល​ការ​របស់​ពួក​គាត់ ដែលបានឯកភាពគ្នាជាមួយក្រសួងដែនដីរួចហើយនោះ។ ពលរដ្ឋ​អះអាងថា​អាជ្ញាធរ​ចង់​ឲ្យពួកគេ​​បង្វែរទៅទទួលយក​ដីនៅកន្លែងផ្សេង ហេតុនេះហើយទើបពួកគាត់កើតទុក្ខមិនសុខចិត្តហើយ​ឡើង​មកតវ៉ា​ជាថ្មីទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ