បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​អាជ្ញាធរ​ថា​លម្អៀង​ទៅ​បក្ស​កាន់​អំណាច​ករណី​លើក​ស្លាក​​

រូបភាព៖ ហ្វេសប៊ុក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDPបានរិះគន់​អាជ្ញាធរមូលដ្ឋានថា មានការរើសអើងមិនឲ្យគណបក្សនេះលើកស្លាក​នៅផ្តុំផ្សារពួក ខេត្តសៀមរាបនោះទេ ខណៈបក្សកាន់អំណាចមានសិទ្ធិលើកបានដោយសេរី។

ប្រធានប្រតិបត្តគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំខេត្តសៀមរាប លោក​ ឃុន សាវឿន បាននិយាយរៀបរាប់​ក្នុងវីដេអូឃ្លីបបង្ហោះតាមបណ្តាញសង្គម​នៅថ្ងៃនេះថា កាលពីពេលថ្មីៗនេះ គណបក្សរបស់លោកបានសុំអាជ្ញាធរមូលដ្ឋានលើកស្លាកគណបក្សនៅម្តុំផ្សារពួក ប៉ុន្តែត្រូវ​បានអាជ្ញាធរបដិសេធ ដោយថាកុំឲ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈ ខណៈបក្សកាន់អំណាចមានសិទ្ធិលើកបានដោយសេរីនៅតំបន់ហាមឃាត់នោះ។

យើងបានលើកស្លាកមួយនៅក្រោម​ឆ័ត្រក្រហម Wi Fi ហើយគាត់ឲ្យយើងដកចេញក្នុងហេតុផលថារំខាន​សោភ័ណ្ឌភាព យើងធ្វើតូចទេនៅក្រោមហ្នឹង ដ៏ពេលឥឡូវគាត់[CPP]លើកស្លាកយ៉ាងធំនៅមុខ​ផ្សារ​ចំតែម្តង

ប្រធានប្រតិបត្តគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំខេត្តសៀមរាប លោក​ ឃុន សាវឿន

អភិបាលស្រុកពួក លោក ម៉ៅ វិសុទ្ធ ទទួលស្គាល់ថា អាជ្ញាធរពិតជាបដិសេធមិនឲ្យបក្សប្រជាធិបតេយ្យមូលដ្ឋានលើកនៅម្តុំផ្សារ​ពួកមែន។ ដោយឡែកករណីអាជ្ញាធរអនុញាតឲ្យគណបក្សប្រជាជនកម្ពុជា​លើកស្លាកនៅម្តុំនោះ ដោយសារ​គណបក្សសុំម្ចាស់ស្លាកឯកជនដាក់។

ទោះជាយ៉ាងណា លោក វិសុទ្ធ បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចដាក់ពាក្យស្នើសុំលើកស្លាកជាថ្មី នៅក្បែរស្លាកគណបក្សប្រជាជនកម្ពុជាបាន ដោយថាអាជ្ញាធរនឹងជួយសម្របសម្រួលករណីនេះ​។

លោកបញ្ជាក់ថា«ខាងគណបក្សមូលដ្ឋានចង់ដាក់[ផ្លាក]អាចទំនាក់ទំនងសាថ្មីវិញ​ អាចជ្រើសរើសយកទៅដាក់ទៅ អាជ្ញាធរនឹងសម្របសម្រួលជូន​​»។

ឆ្លើយតប​នឹង​ករណីនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា គណបក្សរបស់លោកនឹងពិភាក្សាជាមួយក្រុមការងារបក្សជុំវិញការដាក់ពាក្យជាថ្មីសុំលើក​ស្លាក​បក្ស​នោះ​។ ប៉ុន្តែលោកបញ្ជាក់ថា ការលើកឡើងរបស់អាជ្ញាធរស្រុក​ឲ្យបក្សរបស់លោកដាក់ពាក្យជាថ្មីនោះ ជាសញ្ញានៃការធ្វើការមិនច្បាស់លាស់ នឹងធ្វើឲ្យប៉ះពាល់ដល់ពេលវេលារបស់គណបក្សនយោបាយ​ដែលមានបំណងចង់លើកស្លាកតាមគោលដៅ ដែលបក្សបានកំណត់​។

លោកមានប្រសាសន៍ថា«ឆ្លុះបញ្ចាំនៃភាពអន់ខ្សោយនៃការធ្វើការរបស់យើង ប្រាប់គេថាលើកមិនបាន ហើយហាមគេមិនឲ្យលើក ហើយក្រោយមកបែជាលើកស្លាកគណបក្សប្រជាជនបានទៅវិញ ហើយឥឡូវមកផ្តល់ព័ត៌មានថា ឲ្យ[GDP]សុំវិញជាដើម មានន័យថា ការធ្វើការ​របស់គាត់ វាហាក់ដូចជាអត់តាមនីតិវិធី តាមច្បាប់ត្រឹមត្រូវ​ ចេះតែថាតាមនឹកឃើញ​»។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មានប្រសាសន៍ថា បើអាជ្ញាធរហាមឃាត់មិនឲ្យបក្សប្រជាធិបតេយ្យមូលដ្ឋានលើកស្លាកនៅម្តុំផ្សារពួក ហើយអនុញាតឲ្យតែបក្ស​កាន់អំណាចលើកបានតែមួយ គឺជាការរើសអើងផ្នែកនយោបាយ​។

លោក សាវាង្ស បានបញ្ជាក់ថា បើអាជ្ញាធរនៅតែបន្តធ្វើបែបនេះទៀត នឹងធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល។

វាប៉ះពាល់សំខាន់​រាជរដ្ឋាភិបាលតែម្តង អត់មានតម្លៃ មានន័យថាជាចំណុច​មួយអត់មានការជឿទុកចិត្ត​ទៅលើកិច្ចការការងារ ក្នុងការ​រៀបចំទាំងអស់

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស

ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធត្រូវបង្កលក្ខណៈងាយស្រួល ដោះស្រាយបញ្ហាផ្សេងៗដល់គណបក្សនយោបាយទាំងអស់ ជាពិសេស​ ការលើកស្លាក​បក្ស​ ត្រូវធ្វើឱ្យស្របតាមនីតិវិធី ដោយគ្មានការរើសអើង ដើម្បីឲ្យស្របតាម​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្មើភាពគ្នាឆ្ពោះ​ទៅរកការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ខាង​​មុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ