តុលាការ​ក្រុងភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​មនុស្ស​ប្រាំ​នាក់​ពាក់ព័ន្ធ​ករណី​ពពោះ​ជំនួស​

សមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីដែលពពោះជំនួស ​ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ ថ្ងៃទី ២៤ មិថុនា ២០១៨ (រូបភាព៖ FN)

អយ្យការសាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ​​​​​​បានសម្រេចចោទប្រកាន់​​​ស្រី្តខ្មែរបួននាក់ និង​​បុរសជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការពពោះជំនួស។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នគរបាលការិយាល័យប្រឆាំងការជួញដូ​​រមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាប​ករណីជួញដូរ ស៊ីឈ្នួលពរពោះជំនួស នៅ ខណ្ឌឬស្សីកែវ ដោយឃាត់ខ្លួននារីខ្មែរជាអ្នកពពោះជំនួសចំនួន៣៣នាក់ និងជន​សង្ស័យប្រុសស្រីចំនួន៥នាក់ដែលក្នុងនោះមានជនជាតិចិនម្នាក់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងថា តំណាងអយ្យការបានសម្រេច​ចោទប្រកាន់មនុស្ស​៥នាក់ដែលក្នុងនោះ មានជនជាតិចិនម្នាក់ពីបទ ការជួញដូរមនុស្សដោយឆ្លងដែន ដែល​ស្ថិត​ក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបទ ​«អន្តរការីជាមួយស្រ្តីពពោះ» ដែលស្ថិតក្នុងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រកម្ពុជា។

លោកលី​​ សុផាណា​​​បានបន្ថែមថា តំណាងអយ្យការសម្រេចបើក​ការស៊ើបសួរនិងបញ្ចូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនិតិវីធី។

យោងតាមមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មនុស្ស៥នាក់​​​​នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ២០ (ម្ភៃ) ឆ្នាំ។

ដោយឡែក តាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ខែ ទៅ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី​១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល។

គួររំលឹកផងដែរ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស​ស្រី្តជនជាតិ​អូស្រ្តាលីម្នាក់ឈ្មោះ Tammy- Alayne Chales ​និង បក្សពួក២នាក់ទៀតជាជនជាតិខ្មែរ ដាក់ពន្ធនាគារក្នុង​ម្នាក់ៗ ១ឆ្នាំ ៦ខែ ចោទពីបទ «អន្តរកាលរវាងអ្នកសុំកូន និងស្រ្តីពពោះ និងបទសុំឲ្យ​ផ្តល់ឯកសារទុច្ចរិត» និងពិន័យជាប្រាក់ចំនួន ៤លានរៀលចូលថវិការរដ្ឋ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ