ស្នងការខេត្តពោធិ៍សាត់ហ្វឹកហាត់កម្លាំងដើម្បីទប់ស្កាត់បាតុកម្មមុននិងក្រោយការបោះឆ្នោត

រូបភាពពី អគ្គស្នងការនគរបាលជាតិ

ស្នងការខេត្តពោធិ៍សាត់បានបើកវគ្គហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រចំនួន ៣ថ្ងៃ ដល់កងកម្លាំងនគរបាល​ដើម្បីត្រៀម​ទប់​ស្កាត់​លើបាតុកម្ម​ និង​កូដកម្ម ដែលនឹងកើតឡើងជាយថាហេតុមុន និង ក្រោយការបោះឆ្នោត។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានរឲ្យដឹងថាការហ្វឹកហាត់រយៈពេល ៣ថ្ងៃ ដែលបញ្ចប់កាល​ពីថ្ងៃទី ២៨ ខែ មិថុនា ដោយវគ្គនេះបាន​ហ្វឹកហាត់ក្បួន​យុទ្ធសាស្រ្តបាញ់គ្រាប់​ឧស្ម័នបង្ហូរទឹកភ្នែក​ទៅលើហ្វូង​បាតុកម្ម កូដកម្ម​ ផងដែរ។

តាមការចុះផ្សាយដដែលនៅក្នុងឱកាសបិទវគ្គហ្វឹកហ្វឺននោះ លោក ឆាយ ភន ស្នងការស្តីទីខេត្តពោធិ៍សាត់​បាន​ធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ទាំង ៦កង ដែលបានយកចិត្តទុកដាក់ អត់ធ្មត់ និង​ខិតខំ​ប្រឹង​ប្រែងរៀនសូត្រ​ ក្នុងការហ្វឹកហាត់ក្បូនយុទ្ធសាស្រ្តបាញ់គ្រាប់បង្ហូរទឹកភ្នែកនេះ។

លោកបន្តថា៖«កងកម្លាំងអន្តរាគមន៍ត្រូវយកចំណេះដឹងបានពីការហ្វឹកហាត់ និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈការពារទប់ស្កាត់ បានរាល់សភាពការណ៍ ដែលកើតមានឡើងជាយថាហេតុ សំដៅក្នុងកិច្ចការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមមុននិងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ជូនជាតិមាតុភូមិ។»

កាលពីឆ្នាំមុន​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ព្រមានវាយក្បាលអ្នកតវ៉ាដោយគល់ ឬស្សីចំពោះអ្នកតវ៉ាប្រឆាំងការបោះឆ្នោត ខណៈលោក ទៀ បាញ់ ព្រមាន​វាយបំបាក់ធ្មេញចំពោះអ្នកតវ៉ាករណីដូចគ្នានេះដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ