លោក ហ៊ុន សែន ព្រមានវាយខ្នោះអ្នកនិយាយថា ទឹកខ្មៅជ្រលក់ដៃ​ធ្វើ​ឲ្យ​មនុស្សស្លាប់​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហុយ ព្រឹកថ្ងៃទី ០២ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានវាយខ្នោះលើអ្នកដែលនិយាយថា ទឹកខ្មៅជ្រលក់ដៃក្នុងថ្ងៃបោះឆ្នោតនឹងធ្វើឲ្យមនុស្សស្លាប់ក្រោយពីជ្រលក់បាន ២៤ម៉ោង ដោយថា ពាក្យចចាមអារាមនេះធ្វើឲ្យឲ្យប៉ះពាល់ដល់​សន្តិសុខជាតិ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មិត្ត​ភាពកម្ពុជា-ចិន ឬ​ហៅ​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា ក្រុម​ប្រឆាំង​មួយ​ចំនួន​កំពុង​រៀបចំ​ផែនការ​ដើម្បី​បំផុស​បំផុល​ពលរដ្ឋ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​មាន​ពីរ​ប្រភេទ គឺទីមួយទឹកថ្នាំធម្មតា និងមួយប្រភេទទៀតក្រោយពេលជ្រលក់ដៃបាន ២៤ម៉ោងនឹងធ្វើឲ្យមនុស្សស្លាប់។

ជា​មួយ​ព័ត៌មាន​បែបនេះ លោក ហ៊ុន សែន បាន​ព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលនិយាយបំភ័យប្រជាពលរដ្ឋមិនឲ្យបោះឆ្នោត និងបញ្ជាទៅសមត្ថកិច្ចឲ្យ​ត្រៀមគុកដាក់ជននោះ។

កម្លាំងប្រដាប់អាវុធ គេប្រើសំរាប់ការពាររដ្ឋ គុកសម្រាប់ដាក់អ្នកទោស អ្នកដែលប្រុង​ដើរបំផុសថា ទឹកខ្មៅជ្រលក់[ដៃ]ងាប់ ២៤ម៉ោង។ ត្រៀមគុកឲ្យហើយទៅ មិនទា​ន់ទូទាត់បញ្ជីឆ្នាំ២០១៣ផង ស្រាប់តែមានចេញរឿងនេះមក​ទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

មុនបោះឆ្នោតពីរថ្ងៃ ពោលគឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ អង្គការឃ្លាំមើលការបោះឆ្នោត​ខុមហ្វ្រែល បានរក​ឃើញថា ទឹកថ្នាំជ្រលក់ដៃ ដែលកម្ពុជាទិញពីប្រទេសឥណ្ឌា សម្រាប់កិច្ចការបោះឆ្នោតនោះ អាច​លាងជ្រះ ខណៈអង្គការនេះរកឃើញថា អ្នកបោះឆ្នោតជាង ១លាន ២សែននាក់ បាត់សិទ្ធិបោះឆ្នោត ប៉ុន្តែ ត្រូវបានរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា បើរដ្ឋាភិបាលនៅតែលាបពណ៌ដាក់គ្នាទៅវិញទៅមក​ ដោយមិនគិតប្រយោជន៍ជាតិជាធំទេ អាច​នឹងធ្វើឲ្យកម្ពុជា​វិលទៅរករបបអតីតកាលវិញ។

កាលណាយើងចេះតែលាបពណ៌សង្គម​យើង វាអត់រីកចម្រើនទេ ហើយបរទេសចាំតែឱកាស​យើងទាស់គ្នាទេ ដើម្បីគេឆក់ឱកាស ហើយយើងជាច្រើនសតវត្សហើយ ដែលយើង​លាបពណ៌រហូត​ហិនហោច​នៅក្នុង​របបសម័យ ប៉ុល ពត ៣ឆ្នាំ ដោយសារ​តែរឿង​លាបពណ៌គ្នាទៅវិញទៅមក​។ គួរតែបញ្ឈប់ទៅវប្បធម៌អស់ហ្នឹង

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភា នឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០ បក្ស។​

ប៉ុន្ដែ ប្រទេសលោក​សេរីមួយចំនួន បាន​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​ដ៏ធំនៅ​កម្ពុជា ត្រូវ​បានរំលាយចោល ហើយ​អាសនៈ​របស់​អតីតបក្ស​ប្រឆាំង ត្រូវ​បានបែង​ចែកឲ្យទៅគណបក្សផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ