រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានអះអាងនៅថ្ងៃនេះថា ក្រសួងនឹងនៅតែបន្តរឹតបន្តឹងការប្រឡងបាក់ឌុបនៅឆ្នាំនេះដូចឆ្នាំមុនៗដដែល ខណៈដែលចំនួនសិស្សត្រូវប្រឡងបាក់ឌុបនៅឆ្នាំនេះ កើនឡើងលើសពីឆ្នាំមុនដល់ទៅជាង ១ម៉ឺននាក់។
រដ្ឋមន្ត្រីអប់រំរូបនេះ បានបង្ហាញជំហរនៃការរឹតបន្តឹងលើការប្រឡងបាក់ឌុបបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានៅថ្ងៃនេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន
ខណៈដែលប្រាប់ឲ្យដឹងថា ការប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែសីហាខាងមុខនោះ រដ្ឋមន្រ្តីក្រសួងអប់រំ បានឲ្យដឹងថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួនជាង ១សែននាក់ ដែលដាក់ពាក្យប្រឡង ដែលចំនួននេះកើនឡើងលើសឆ្នាំមុនជាង ១ម៉ឺននាក់។
លោកបានបញ្ជាក់បន្ថែមថា ពិន្ទុពេញគឺ៥០០ពិន្ទុ ពិន្ទុត្រឹមមួយជាប់គឺ២៣៧ពិន្ទុដដែល បេក្ខជនណាដែលទទួលបានពិន្ទុ៩០%នៃពិន្ទុសរុបនឹងទទួលបាននិទ្ទេស A ហើយ៨០%នៃពិន្ទុសរុប ទទួលបាននិទ្ទេស B ហើយ៧០%នៃសរុបទទួលបាននិទ្ទេស C ៦០%នៃសរុបទទួលបាននិទ្ទេស D ៥០%នៃសរុបទទួលបាននិទ្ទេស E ៕