មនុស្ស​​ជិត​​១​​ពាន់​​នាក់​​ស្លាប់​​នៅ​​ឆមាស​​ទី​​១​​​ឆ្នាំ​​នេះ​ ខណៈ​​មន្ត្រី​​ថា​ តួ​លេខ​​​គ្រោះ​​ថ្នាក់ចរាចរណ៍ថយចុះ

រូបភាពពី អគ្គស្នងការនគរបាលជាតិ

មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១ពាន់​នាក់ បាន​ស្លាប់ ហើយ​ជិត ២៤០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ នៅ​ក្នុង​ឆមាសទី​១ដើម​ឆ្នាំនេះ បើទោះបី​ជា​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ក៏​ដោយ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​​ថ្ងៃ​នេះ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​កើត​ឡើង​ចំនួន ១៩៦៣​​លើក​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៩៣០នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២៣៩៩​នាក់​រង​របួស ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា​កន្លង​មក​នេះ។

ប៉ុន្តែ មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នេះ បាន​ឲ្យ​ដឹង​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ បាន​ថយ​ចុះ ១៤​ភាគរយ បើធៀបទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​បាន​ថយ​ចុះ​ពី​​ចំនួន ១៩០៧​លើក​កាល​ពី​ឆមាស​ទី​១​ឆ្នាំ​២០១៧ មក​នៅ​ត្រឹម​តែ ១៦៣៣​លើក​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ។

ទោះជាយ៉ាងណា លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​តែ​ម្នាក់​គត់ ខណៈ​ដែល​ចំនួន​មនុស្ស​រង​របួស បាន​ថយ​ចុះ​យ៉ាង​ច្រើន​រហូត​ដល់ ៦០៧​នាក់ ឬ​បាន​ថយ​ចុះ​រហូត​ដល់​ទៅ​ជាង ២០​ភាគរយ។

មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នេះ បាន​បន្ទោស​ទៅ​លើ​​ការ​បើក​បរ​អត់​ពាក់​មួក​សុវត្ថិភាព បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​​ថាជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ច្រើន​បែប​នេះ។

របាយការណ៍​នគរបាល​ចរាចរណ៍​​កាល​ពី​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៧៨០​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ដល់​ទៅ ៥៥៣៩​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ