លោក អាឡិច ស្នើទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមចាត់វិធានការចៅក្រមខេត្តកោះកុង

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ស្នើទៅក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា ដាក់ពិន័យទៅលើចៅក្រមសាលាដំបូងខេត្តកោះកុង ដែលអសកម្មមិនចាត់ការលើសុំណុំរឿងរបស់លោក។

ក្នុងបណ្តឹងមួយចុះថ្ងៃទី២៦ មិថុនាដែលវីអូឌីទើបទទួលបានថ្ងៃនេះ លោក អាឡិច  បានប្តឹងទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាឲ្យមានវិធានការទៅលើចៅក្រម ភាព សុភា និងចៅក្រម មិន មករា ដែលបច្ចប្បន្នជាប្រធានសាលាដំបូងខេត្តកោះកុង ដោយចោទ ចៅក្រមទាំងពីរនាក់នោះថា បានទុកចោលសុំណុំរឿងពាក់ព័ន្ធនឹងរូបលោករយៈពេលជិត ៣ឆ្នាំអត់ចាត់ការ ខណៈមេធាវីរបស់លោកបានស្នើឲ្យបើកសវនាការជាច្រើនដងក៏ដោយ។

លោក អាឡិច  ចាត់ទុកថា ភាពអសកម្ម និងកប់ទុកសំណុំរឿងដែលចោទប្រកាន់មកលើរូបលោកដោយអត់ចាត់ការនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ហើយលោកថា សកម្មភាពនេះផ្ទុយច្បាប់ស្តីពីការរៀបចំអង្គការតុលាការដែលធានាឲ្យមានកិច្ចដំណើរការល្អរបស់អង្គការតុលាការ និងអង្គការអយ្យការដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពលរដ្ឋ។

វីអូឌីមិនអាចសុំការឆ្លើយតបក្រុមប្រឹក្សាវិន័យ​នៃឧត្តមក្រុមប្រឹក្សាបានទេជុំវិញបណ្តឹងរបស់លោ អាឡិច  នេះ។

សកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបានដោះលែងឲ្យនៅក្រៅឃុំវិញនៅឆ្នាំ២០១៨នេះ ខណៈលោកអាឡិច ត្រូវតុលាការខេត្តកោះកុងចោទពីបទសមគំនិត និងបានចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥។

សកម្មជនបរិស្ថានរូប ធ្លាប់បានស្នើសុំទិដ្ឋាការចូលមកប្រទេសកម្ពុជាដើម្បីប្រឈមមុខនឹងតុលាការ ខណៈចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុងបានចេញដីកាចាប់ខ្លួនរូបលោក ប៉ុន្តែក្រសួងការបរទេស​កម្ពុជា​បានចេញលិខិតមួយដោយជម្រាបទៅ មន្រ្តី​អន្តោប្រវេសន៍​​មិន​អនុញ្ញាតឲ្យ​សកម្ម​ជន​អារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច  ចូល​ប្រទេស​កម្ពុជាវិញ បើទោះ​លោក​មាន​ទិដ្ឋាការអាឡិច ត្រូនិក(e-Visa)ក៏ដោយ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ