ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google បានអះអាងថា សារអ៊ីម៉ែលលក្ខណៈឯកជន ដែលត្រូវបានផ្ងើនិងត្រូវបានទទួល ដោយអ្នកប្រើប្រាស់គណនី Gmail ជួនកាល គឺអាចត្រូវបានអាន ដោយអ្នកបង្កើតកម្មវិធី (app developers) ដែលជាគីទី៣, ពោលគឺមិនត្រឹមតែត្រូវបានអាន (ត្រួតពិនិត្យទិន្ន័យ) ដោយម៉ាស៊ីនកុំព្យូទ័រនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃ៣មិថុនា។
បើតាម BBC រាល់អ្នកប្រើប្រាស់ទាំងឡាយ ដែលបានភ្ជាប់កម្មវិធីនានា (apps) ជាមួយភាគីទី៣ (app developers) ទៅគណនីរបស់ពួកគេ ប្រហែលជាត្រូវបានអនុញ្ញាតដោយមិនដឹងខ្លួន ដើម្បីឲ្យភាគីទី៣អានសារអ៊ីម៉ែលរបស់ពួកគេ។
ក្រុមហ៊ុនមួយ បានប្រាប់កាសែត Wall Street Journal ថាការអនុវត្តនេះ គឺជារឿងធម្មតា ហើយវាក៏ជា «រឿងសម្ងាត់ដ៏កខ្វក់»។
ចំណែក ក្រុមហ៊ុ Google បានបង្ហាញថា ការអានសារអ៊ីម៉ែលរបស់អ្នកប្រើប្រាស់គណនី Gmail នេះ មិនបានផ្ទុយ ទៅនឹងគោលនយោបាយរបស់ក្រុមហ៊ុនខ្លួននោះទេ ខណៈអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាម្នាក់z ត្រូវបានដកស្រង់ សម្តីដោយ BBC ថាវា «គួរឱ្យភ្ញាក់ផ្អើល» ដែលក្រុមហ៊ុន Google បានអនុញ្ញាតឲ្យធ្វើបែបនេះ។
បណ្តាញទំនាក់ទំនងផ្ងើសារតាម Gmail គឺជាសេវាកម្មអ៊ីម៉ែល ពេញនិយមបំផុតរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់១,៤ពាន់លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Google ។
ក្រុមហ៊ុន Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Gmail ភ្ជាប់គណនីរបស់ពួកគេ ទៅនឹងប្រព័ន្ធគ្រប់គ្រងទិន្ន័យអ៊ីម៉ែលដែលគេដឹងថាជាជនទី៣ ដើម្បីអាចដឹងពីព័ត៌មានរបស់អ្នកប្រើប្រាស់ ដូចជា ការធ្វើផែនការធ្វើដំណើរ និង ការប្រៀបធៀបតម្លៃទំនិញនានាជាដើម។
នៅពេលតភ្ជាប់គណនីមួយទៅគណនីផ្សេងទៀត អ្នកប្រើប្រាស់ ត្រូវបានស្នើសុំឱ្យផ្តល់សិទ្ធិជាក់លាក់ ដែលជាញឹកញាប់រួមមានការអនុញ្ញាតឲ្យអានសារ, ផ្ញើសារ, លុបសារ និង គ្រប់គ្រងអ៊ីម៉ែលរបស់អ្នកប្រើប្រាស់។
យោងទៅតាមកាសែត Wall Street Journal, ការអនុវត្តបែបនេះជួនកាល អនុញ្ញាតឱ្យបុគ្គលិកដែលជាភាគីទី៣ អានអ៊ីម៉ែលអ្នកប្រើប្រាស់។
តំណាងក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលត្រូវបានដកស្រង់សម្តីដោយ BBC បាននិយាយថា ពួកគេមិនបានសុំអ្នក ប្រើប្រាស់នូវការអនុញ្ញាតជាក់លាក់ណាមួយ ដើម្បីឲ្យពួកគេអាចអានសារ Gmail នោះទេ ព្រោះការអនុវត្តទាំង អស់នេះ ត្រូវបានយល់ព្រមរួចជាស្រេចដោយកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ (user agreements) រួចទៅហើយ។
បើតាម BBC ក្រុមហ៊ុន Google បានអះអាងថា មានតែក្រុមហ៊ុនដែលមានការយល់ព្រម និង បានផ្តល់ការអនុញ្ញាតច្បាស់លាស់ពី Google ប៉ុណ្ណោះ អាចចូលពិនិត្យមើល ឬ អាចចូលដំណើរការសារ អ្នកប្រើប្រាស់ប្រាស់។
ជាទូទៅ អ្នកប្រើប្រាស់គណនី Gmail អាចចូលមើលទំព័រផ្នែកពិនិត្យសុវត្ថិភាព (Security Check-up) ដើម្បីដឹងថា តើកម្មវិធីណាខ្លះ ដែលពួកគេបានភ្ជាប់ទៅគណនីរបស់ខ្លួន ហើយអ្នកប្រើប្រាស់អាចលុបនូវអ្វី ដែលពួកគេ មិនចង់ចែករំលែកទិន្នន័យជាមួយ៕