កាលពីថ្ងៃទី៥ កក្កដា គ្រួសារតារាកម្ពុជា និងអ្នកស្រី ងិន ម៉ានីយ៉ា ម្ដាយរបស់អតីតហ្វ្រេស៊ី លោក ថៃ នរៈវិទូ បានរួមគ្នាធ្វើពិធីបង្សកូល និងវេចង្ហាន់ប្រគេនព្រះសង្ឃក្នុងទ្រង់ទ្រាយធំមួយនៅវត្តទួល ទីដែលបូជាសពនាង ដើម្បីអបអរថ្ងៃខួបគម្រប់វ័យ៤០នាង បន្ទាប់ពីបុណ្យ៧ថ្ងៃរបស់នាង ទើបនឹងត្រូវបានបញ្ចប់មួយថ្ងៃ ។
នៅក្នុងពិធីនោះ ឪពុកម្ដាយបង្កើតរបស់នាង ក៏បានបង្ហាញខ្លួនផងដែរ ដោយបានចេញមុខឆ្លើយតបជុំវិញការចុះផ្សាយថាអ្នកទាំងពីរបោះបង់នាងតាំងពីពេលកើតនៅនឹងពេទ្យនោះផង។
អ្នកស្រី សូយ ហោ វ័យ៦១ឆ្នាំ ជាម្ដាយបង្កើតរបស់កញ្ញាអាលីយ៉ា បានថ្លែងបញ្ជាក់ថា ក្នុងពេលដែលកញ្ញាអាលីយ៉ា មានវ័យបាន៩ខែ អ្នកស្រី និងស្វាមីក៏បែកបាក់គ្នា ហើយនៅក្នុងពេលនោះ អ្នកស្រីសម្រេចចិត្តយកកូនប្រុសទៅរស់នៅខេត្តប៉ៃលិន ហើយប្រគល់កញ្ញាអាលីយ៉ា អោយទៅលោក ចក់ ស៊ីផុន ជាឪពុករបស់នាង ហើយបន្តបន្ទាប់មកអ្នកស្រីក៏ដាច់ទំនាក់ទំនងជាមួយនាង ដោយសារតែខឹងអតីតស្វាមីផង និងដោយសារតែគិតថាកូនស្រីរស់នៅក្រោមបន្ទុករបស់អតីតស្វាមីហើយ។
អ្នកស្រីថាខ្លួនមិនបានបង្កើតកូនស្រី ហើយបោះចោលនៅនឹងពេទ្យកាល់ម៉ែត្រដូចការចុះផ្សាយនោះទេ ហើយអ្នកស្រីក៏មិនបានបោះបង់កូនស្រីចោលដែរ ប៉ុន្តែក្រោយពីប្រគល់អោយអតីតស្វាមី អ្នកស្រីក៏មានជីវភាពលំបាក ហើយមិនដឹងទំនាក់ទំនងមករករបៀបណាក៏ដាច់ទំនាក់ទំនងឈឹង។ យ៉ាងណាមិញ ក្រោយពេលកូនស្រីបានក្លាយជាតារាសិល្បៈ អ្នកស្រីស៊ើបដឹងថានាងគឺជាកូនស្រី អ្នកស្រីបានស្កាត់ទៅដល់សៀមរាបដើម្បីចង់ជួប តែត្រូវនាងបដិសេធមិនជួប និងឃ្លៀងគ្នារហូតដល់ថ្ងៃនាងស្លាប់ទើបដឹង។
ដោយឡែក លោក ចក់ ស៊ីផុន វ័យ៦១ឆ្នាំដូចគ្នា ជាឪពុកបង្កើតរបស់នាងបានថ្លែងបញ្ជាក់ថា ក្នុងពេលអតីតភរិយាប្រគល់កូនស្រីអោយលោក ជីវភាពរបស់លោកនៅក្នុងពេលនោះគឺលំបាកយ៉ាងខ្លាំង ទើបលោកប្រគល់អោយឪពុកបង្កើតចិញ្ចឹម ហើយដោយសារតែឪពុករបស់លោកក៏ទ័លដៃទ័លជើងខ្លាំងដែរ ទើបក្រោយពេលមានមិត្តភ័ក្រ្តឪពុកសុំយកទៅធ្វើកូន ឪពុករបស់លោក និងលោក ក៏ឯកភាពគ្នាប្រគល់អោយដើម្បីអោយនាងមានការរស់នៅបានសមរម្យ។ យ៉ាងណាមិញ លោកថាមិនបានបោះបង់កូនស្រីនោះទេគឺនោះតែស្កាត់ទៅជួបនាង និងយកលុយអោយនាងចាយជាប្រចាំជាពិសេសក្នុងពេលដែលឪពុកម្ដាយចិញ្ចឹមរបស់នាងអោយនាងឈរលក់សាំងដប។
លោកថាខ្លួន និងអាលីយ៉ា មានទំនាក់ទំនង និងបានជួបគ្នាជារឿយៗនោះទេ បើទោះជាទំនាក់ទំនងនៅក្នុងពេលនោះ គឺអាលីយ៉ា ត្រូវបានហាមប្រាមដោយគ្រួសារអ្នកចិញ្ចឹមមិនសូវចង់អោយស្គាល់លោក អ៊ីចឹងហើយទើបលោកលែងសូវបានចេញចូល ហើយក្រោយមកនាងក៏ត្រូវឪពុកម្ដាយផ្លាស់អោយទៅរស់នៅឆ្ងាយ ធ្វើអោយលោកពិបាកទាក់ទង។ លោកថាក្រោយពេលនាងបានក្លាយជាតារាសិល្បៈ លោកកាន់តែស្កាត់ទៅជួបនាងញឹកញាប់ ប៉ុន្តែនាងមិនសូវចង់ជួបទេ ហើយលោកក៏កាន់តែខ្មាស់នៅពេលអ្នកជុំវិញនាងថានិយាយថាលោកចង់ជួបព្រោះតែចង់សុំលុយសុំកាក់ ទើបលោកសម្រេចចិត្តមិនទៅរកតែម្ដង គឺគេចពីនាងរហូតដល់ថ្ងៃមានដំណឹងថានាងឈឺធ្ងន់ ទើបរត់ទៅមើលដល់ពេទ្យ។
លោកថានៅថ្ងៃដែលលោកទៅសួរសុខទុក្ខនាងនៅពេទ្យ នាងសម្រានលក់អត់បានជជែកគ្នានោះទេ ដោយបានត្រឹមតែយករបស់បន្តិចបន្តួច ហើយទុកផ្ញើអោយប៉ុណ្ណោះ។ លោកថាលោកមិនបានបោះបង់នាងទេ ហើយបើកុំតែក្នុងពេលនោះ លោក និងភរិយាមានវ័យ២០ឆ្នាំ និងមិនទាន់ចេះគិត គឺប្រហែលមិនដាច់ដោចគ្នា និងធ្វើអោយកូនបែកបាក់គ្នាឡើយ៕