អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចវាយប្រហារបក្សនេះថា​រមិលគុណដោយមិនបាន​រំលឹក​ពីព្រឹត្តិការណ៍ឆ្នាំ​១៩៩៧

អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង

អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែលពេលនេះកំពុងភៀសខ្លួននៅក្រៅប្រទេស បានរិះគន់ធ្ងន់ៗទៅលើគណបក្សហ្វ៊ុនស៊ិនប៉ិច ថារមឹលគុណដោយមិនបាន​រៀបចំធ្វើពិធី​រំលឹក​ព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧។

លោក លឺ ឡាយស្រេង បានថ្លែងក្នុងវីដេអូដែលចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះថា៖

រាល់ដង រាល់ឆ្នាំ គណបក្សពីរដែលជាសាច់ឈាម អតីតហ៊្វុនស៊ិនប៉ិចនោះ គេអត់ហ៊ានធ្វើអីទាំងអស់ គេបំភ្លេចចោលទាំងអស់ ខ្ញុំខ្ជិលចេញឈ្មោះ បងប្អូនទាំងអស់គ្នាដឹងហើយ។ ខ្លាចគេ ញ័រ! ព្រមរណបគេ គេកាប់សម្លាប់ រដ្ឋប្រហារប៉ុណ្ណឹងហើយនៅខ្លាចគេឲ្យញ័រ ហើយអត់ដែលធ្វើបុណ្យរម្លឹកបងប្អូនទាំងអស់។ រមិលគុណហ្នឹងហើយដែលរលាយខ្លួនទាំងពីរបក្សហ្នឹង រលាយខ្លួនអស់ ព្រោះបំភ្លេចចោលអ្នកតស៊ូយើង!

អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង

រហូតមកដល់រសៀល​ វីអូឌី មិនទាន់អាចទទួលបានការឆ្លើយតបពីអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានទេ។

អស់​រយៈពេល​២១​ឆ្នាំ​ហើយ ចាប់តាំងពីមានព្រឹត្តិ​ការ​ណ៍​ឆ្នាំ​១៩៩៧ ដែលជាការ​បង្ហូរ​ឈាមរវាង​អ្នកគាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ទី​២ លោក​ ហ៊ុន សែន និង​អ្នក​គាំទ្រនាយក​រដ្ឋ​មន្ត្រី​ទី​១ សម្តេច​ក្រុម​ព្រះ ​នរោត្តមរណឫទ្ធិ។ ​ព្រឹត្តិការណ៍នេះហើយដែលបាន​ទម្លាក់​   សម្តេច​ក្រុម​ព្រះចេញ​ពីអំណាច​ ហើយ​បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ភាគច្រើនមកពីគណបក្សហ៊្វុនស៊ិនប៉ិច។

ព្រឹត្តិការណ៍នេះ​ត្រូវបាន ​លោក​ ថូម៉ាស់ ហែម​ម៉ាប៊ើគ​ (Thomas Hammarberg) តំណាងពិសេសអង្គការសហប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​នៅកម្ពុជា បានហៅថាជា “រដ្ឋប្រហារ” ដែល​បានបណ្ដាល​ឲ្យ​មនុស្សជាច្រើនរយនាក់ស្លាប់ និងរងរបួស។ ប៉ុន្តែរដ្ឋាភិបាលតែងតែ​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​អំពើ​រដ្ឋ​ប្រហារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ