មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង បានអះអាងថា ពួកគេនៅតែស្វះស្វែងរកការចចារជាមួយបក្សកាន់អំណាចជានិច្ច ដរាបណាបក្សនេះទទួលបានលក្ខខណ្ឌសមស្របណាមួយពីបក្សកាន់អំណាច។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិចំនួន ២០រូប បានសរសេរលិខិតមួយច្បាប់ថ្វាយទៅព្រះមហាក្សត្រ កាលពីថ្ងៃទី១២ ខែមេសា ដើម្បីស្នើសុំព្រះអង្គជួយអន្តរាគមន៍ទៅតុលាការកំពូល ឲ្យទម្លាក់ចោលបម្រាមនយោបាយលើមន្ត្រីគណបក្សប្រឆាំងទាំង ១១៨រូប និងឲ្យគណបក្សនេះដំណើរឡើងវិញដូចកាលពីមុន។
តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍នៅថ្ងៃនេះថា អតីតបក្សប្រឆាំងរបស់លោក អាចចរចានយោបាយជាមួយបក្សកាន់អំណាចបាន លុះត្រាតែបក្សនេះទទួលបានលក្ខខណ្ឌមួយចំនួន រួមមាន ដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការទាំងអស់ អនុញ្ញាតឲ្យមេដឹកនាំ លោក កឹម សុខា រួមទាំងសមាជិកជាន់ខ្ពស់ ១១៨រូប បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើងវិញ រៀបចំការបោះឆ្នោតឡើងវិញឲ្យបានត្រឹមត្រូវ និងអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានវត្តមាននៅកម្ពុជាឡើងវិញជាដើម។
តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន
ប្រធានខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៧កក្កដាថា មេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា បានផ្ញើសារពីពន្ធនាគារត្រពាំងផ្លុង “ម៣” (ព្រំដែនខ្មែរ-យួន)ថា លោកមិនក្បត់ឆន្ទៈរាស្ត្រ ដើម្បីបុគ្គល ឬបក្ខពួកគ្រួសារ និងមិនបោះបង់ជាតិខ្មែរនោះទេ។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គ្មានផ្លូវណាដែលត្រូវចរចាជាមួយអតីតបក្សប្រឆាំងនោះទេ ដោយថា បក្សកាន់អំណាចមិនអាចរំលោភលើច្បាប់កម្ពុជាឡើយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី វិភាគថា ដំណាក់កាលនេះ អ្នកនយោបាយបក្សកាន់អំណាច និងអតីតបក្សសង្គ្រោះជាតិ មិនអាចចរចាគ្នាមុនបោះឆ្នោតថ្នាក់ជាតិនេះបានទេ ដោយថា បក្សកាន់អំណាចកំពុងរុញទូកបណ្តោយទឹក និងទុកពេលសម្រាប់ពិនិត្យមើលលទ្ធផលបោះឆ្នោតក្រោយការបោះឆ្នោតថ្នាក់ជាតិថា តើមានអ្នកគាំទ្រ ឬមិនគាំទ្រកម្រិតណា ដើម្បីងាយស្រួលសម្រេចចិត្តទៅចរចា ឬមិនទៅចរចាជាមួយអតីតបក្សប្រឆាំង។
លោកវិភាគថា៖ «ការចរចាទាំងឡាយដែលសមស្រប មានតែក្រោយ២០១៨ ក្រោយបោះឆ្នោត។ សម្រាប់ពេលនេះហាក់ដូចជាតក់ក្រហល សម្រាប់គូភាគីទាំងសងខាងមកធ្វើការចរចា ហើយសង្គ្រោះជាតិក៏មិនទាន់សមស្របក្នុងការទទួលយកការចរចាមួយនៅក្នុងកំឡុង នៅពេលការបោះឆ្នោតថ្នាក់ជាតិជិតមកដល់ដែរ»។
គណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលមេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនមកដល់ពេលនេះ ក្រោមការចោទពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ក្រោយពីរំលាយបក្សប្រឆាំង មេដឹកនាំបក្សនេះនិងមន្ត្រីជាន់ខ្ពស់មួយចំនួន បានស្វែងរកកិច្ចអន្តរាគមន៍បន្តបន្ទាប់ពីប្រទេសលោកសេរី ជាពិសេសសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា និងថ្វាយលិខិតទៅព្រះមហាក្សត្រឲ្យជួយធ្វើព្រះរាជអន្តរាគមន៍នយោបាយផងដែរ ប៉ុន្តែ រហូតដល់ថ្ងៃទី៩ខែកក្កដានេះ មិនទាន់មានដំណោះស្រាយនយោបាយណាមួយនៅឡើយ ខណៈការបោះឆ្នោតថ្នាក់ជិតនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដានេះ ដោយពុំមានវត្តមានអតីតបក្សសង្គ្រោះជាតិចូលរួមប្រកួតជាមួយបក្សកាន់អំណាច៕