ជប៉ុន​​បន្ត​​ស្វែង​រក​​មនុស្ស​​បាត់​​ខ្លួន​ ខណៈ​​មនុស្ស​​ស្លាប់​​កើន​​ដល់​​១៣២​​នៅ​​ក្នុង​​គ្រោះ​​ទឹក​​ជំនន់​

ក្រុមជួសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់ នៅជប៉ុន (ប្រភព៖ វេបសាយបរទេស)

សារព័ត៌មាន​ជប៉ុន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ជួយ​សង្គ្រោះ​កំពុង​តែ​ត្រូវ​ការ​ពេល​វេលា ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​រាប់​សិប​នាក់ ដែល​កំពុង​តែ​បាត់​ខ្លួន​នៅ​ឡើយ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ បង្ក​ជា​ទឹក​ជំនន់​​ និង​ការ​រអិល​បាក់​ដី​បំផ្លិច​បំផ្លាញ​តំបន់​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ ១៣២​នាក់​ហើយ​រហូត​មក​ដល់​ពេល​នេះ។

សារព័ត៌មាន​ជប៉ុន​ថ្ងៃ​នេះ បាន​ផ្សាយ​ថា ប្រតិបត្តិការ​ស្វែង​រក​មនុស្ស​បាត់​ខ្លួន កំពុង​តែ​បន្ត​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា និង​អូកាយ៉ាម៉ា និង​បណ្ដា​ខេត្ត​ជិតៗ​នោះ បើទោះបី​ជា​គ្រោះ​មហន្តរាយ​នេះ​បាន​អូស​បន្លាយ​ពេល​អស់​រយៈ​ពេល ៧២​ម៉ោង​មក​ហើយ ដែល​នាំ​ឲ្យ​មាន​គិត​ថា ជា​ពេល​សំខាន់​សម្រាប់​ស្វែង​រក​មនុស្ស​បាត់​ខ្លួន។

ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ក្លា​នេះ បាន​បង្ក​ឲ្យ​មាន​ល្បាប់​ភក់​ និង​ទឹក​ជំនន់​ជន់​លិច​ផ្ទះ​សម្បែង​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក។

មនុស្ស​ជាង ២០​នាក់ បាន​ស្លាប់​នៅ​ទីក្រុង​គូរ៉ាហ្ស៊ិគី ខេត្ត​អូកាយ៉ាម៉ា បន្ទាប់​ពី​ទំនប់​ទឹក​ទន្លេ​បាន​បាក់ ហើយ​ទឹក​បាន​ជន់​លិច​ផ្ទះ​សម្បែង​ប្រហែល ៤៦០០​ខ្នង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ