សហជីព៥ស្នើសហភាពអ៊ឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

សហជីពចំនួន៥ដែលមានទំនោរគាំទ្ររដ្ឋាភិបាលស្នើទៅសហភាពអ៊ឺរ៉ុប ឲ្យបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា ដោយថា ដើម្បីធានាដល់ជីវភាពកម្មករនិងក្រុមគ្រួសារពួកគេ អាចរស់នៅសមរម្យ។

ការស្នើឡើងនេះ ខណៈសហភាពអឺរ៉ុបបញ្ជូនគណៈប្រតិភូរបស់ខ្លួន​មកកម្ពុជារយៈពេល៨ថ្ងៃ​ដើម្បី​ស្វែង​រក​ការ​ពិត ថា​​តើ​រដ្ឋាភិបាល​កម្ពុ​​ជា​ពិត​ជាបា​ន​រំ​លោ​​​ភសិទ្ធិ​​​មនុ​ស្ស ​សិ​​ទ្ធិ​​​ធ្វើ​នយោបា​យ ដូចការលើកឡើង​មែន​ឬទេ? ​​មុន​ខ្លួនស​ម្រេចកាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធមកកម្ពុជាវិញ។

ប្រ​ព័​​​ន្ធ​អនុគ្រោះពន្ធ​ «គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA​ របស់​សហភាព​អឺរ៉ុប​ បានកំណត់​មិនយកពន្ធ​លើ      ផ​លិត​ផល​គ្រប់​យ៉ាង​លើកលែងតែអាវុធ ដែល​កម្ពុ​ជា​​នាំ​​​ទៅលក់​នៅទីផ្សាររបស់ខ្លួន ហើយប្រព័ន្ធនេះ បានធ្វើឲ្យសហភាពអឺរ៉ុបក្លាយជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជានាំ​ផលិតផលកាត់​ដេរ​ និងកសិកម្ម​​ទៅលក់​នៅ​ទី​នោះ​ដោ​​យ​​រួចព​ន្ធ។

ក្នុងលិខិតរបស់សហជីពចំនួន៥ចុះថ្ងៃខែដូចគ្នាមាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហជីពផ្សេងទៀត បានសុំទៅសហភាពអ៊ឺរ៉ុបពិចារណាពីផលប៉ះពាល់ដល់កម្មករកម្ពុជានៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា ដោយថា ប្រសិនបើដកចេញមែននោះនឹងជៈឥទ្ធិពលអវិជ្ជមានផ្ទាល់ដល់ការងារនិងជីវភាពរបស់កម្មករជាង៨០ម៉ឺននាក់ រួមទាំងក្រុមគ្រួសាររបស់ពួកគេជិត៣លាននាក់ ដែលទទួលបានផលប្រយោជន៍ដោយប្រយោលពីវិស័យកាត់ដេរ និងផលិតផលស្បែកជើងនេះដែរ។

កន្លងមកក្រុមអ្នកវិភាគមួយចំនួនលើកឡើងថា សេណារីយ៉ូសំខាន់ ដើម្បីទប់ស្កាត់កុំឲ្យសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​នេះ គឺកម្ពុជាត្រូវកែលំអរលក្ខខណ្ឌសិទ្ធិមនុស្ស ផ្តល់សិទ្ធិធ្វើនយោបាយ និងស្តារប្រជាធិបតេយ្យឡើងវិញដោយអនុលោមតាមកិ​ច្ច​ព្រ​ម​ព្រៀ​​​​​​ងស​​​ន្តិភា​ពទីក្រុ​ងប៉ារីសដែលមាន១៨ប្រទេសចុះហត្ថខារួមគ្នាក្នុងនោះ​មានទាំង​មហា​អំណាចទាំ​ង៥នៅអង្គការសហប្រជាជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ