រដ្ឋាភិបាល​ថា​កំពុង​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​

រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​លោក លុយ ដាវីត សុន្ទរកថាទៅកាន់​វិទ្យាស្ថាន​អឺរ៉ុបដើម្បី​សិក្សា​ពី​អាស៊ី នៅ​ទី​ក្រុង​ប្រ៊ុច​សែល កាលពី​ថ្ងៃ​ទី២៨ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​ថ្លែង​ក្នុង​ពេលចុះ​បេសកកម្ម​ទៅ​សហភាពអឺរ៉ុបថា ​អន្តរជាតិ​ហាក់​បាន​ផ្តល់​ភាព​អយុត្តិធម៌​ដល់​កម្ពុជា លើការវិនិច្ឆ័យនិងដាក់សម្ពាធផ្អែកលើស្ថានភាពនយោបាយបច្ចុប្បន្ន។​

ក្នុង​សុន្ទរកថាទៅកាន់​វិទ្យាស្ថាន​អឺរ៉ុបដើម្បី​សិក្សា​ពី​អាស៊ីនៅ​ទី​ក្រុង​ប្រ៊ុច​សែល កាលពី​ថ្ងៃ​ទី២៨ មិថុនា ដែល​ក្រសួងការ​បរទេស​ទើប​បាន​ផ្សព្វផ្សាយ​កាលពីម្សិល​មិញ​​ឲ្យ​ដឹងថា ​​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​លោក លុយ ដាវីត បាន​ថ្លែង​ថា ប្រជា​ជន​អឺរ៉ុប​កំពុង​យល់​ខុស​ពីស្ថានភាពបច្ចុប្បន្ន​របស់​ប្រទេសកម្ពុជា ហើយ​កម្ពុជាត្រូវ​រង​គ្រោះ​ជា​បន្ត​បន្ទាប់​ពីអន្តរជា​តិ និង​​អឺរ៉ុប​ដោយ​សារ​ការ​វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ​ទាំង​នោះ។

លោក​បាន​បញ្ជាក់​ថា ការ​រំលាយ​បក្សប្រឆាំង​ ការ​បិទ​NGOsមួយ​ចំនួន និង​កាសែតCambodia Daily គឺ​ជា​ការ​អនុវត្តច្បាប់​សុទ្ធ​សាត ហើយ​បើកើត​មាន​នៅប្រទេស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​ក៏​គេ​នឹង​អនុវត្តន៍​ដូច​គ្នា​ដែរ។ លោក​បន្ថែម​ថា ប្រទេស​ទាំង​នោះ មើល​ឃើញ​តែ​មួយ​ជ្រុង​តូច​តែ​ពុំ​បាន​ក្រឡេក​មើល​រឿង​ល្អ​ៗ​ជា​ច្រើន​របស់​កម្ពុជា​នោះ​ទេ។

ខណៈ​បេសកកម្ម​របស់​លោក​គឺ​ដើម្បីព្យាយាម​ប្រាប់​អឺរ៉ុប​ពី​ស្ថាន​ការ​កម្ពុជាដើម្បីកុំ​ឲ្យ​អឺរ៉ុប​ព្យូរប្រព័ន្ធ​អនុគ្រោះពន្ធEBA ​នោះ លោក លុយ ដា​វីត​ បញ្ជាក់ថា ប្រសិន​ជា​មាន​ការព្យូរ​ការ​លើក​លែង​ពន្ធ​EBA ចំពោះ​កម្ពុជា​ពិត​មែន​គឺអឺរ៉ុប​គ្មាន​ភាពស្មោះ​ត្រង់​ និង​កំពុង​ប្រើ​ស្តង់​ដា​រពីរមក​កាន់​កម្ពុជា ហើយ​វា​ពុំ​មាន​ឥទ្ធិ​ពល​ដល់​ការ​​ផ្លាស់​ប្តូរ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាលកម្ពុជា​​នោះ​ទេ។

នៅពេល​ដែល​មិន​មាន​ការ​ដាក់​ទណ្ឌ​កម្មបែប​នេះ​ទៅលើ​ប្រទេស​ដែល​ទទួល​ផល​ពី​ EBA ផ្សេង​ទៀត​ដែល​កំពុង​តែ​កើត​មាន​ការ​សម្លាប់​រង្គាល គ្មាន​សេរីភាព​សារព័ត៌មាន ឬ​បណ្តាញ​ព័ត៌មាន​សង្គម ហើយ​ការ​បង្ក្រាបគាប​សង្គត់​គឺ​ជា​ឧប​ករ​ណ៍​របស់​រដ្ឋាភិបាល នោះ​គឹ​ធ្វើ​ឲ្យ​ប្រជា​ជនកម្ពុជា​ទទួល​រង​នូវ​ភាព​អយុត្តិ​ធម៌​សង្គម​សាជា​ថ្មី​ម្តង​ទៀត។ អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​​មើល​បញ្ជី​ប្រទេស​ទទួល​ផល​ពី EBA ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ការប្រៀប​ធៀប​កំណត់​ត្រា​នៃ​ការ​អនុវត្ត​លិទ្ធិ​ប្រជា​ជា​ធិប​តេយ្យ​​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ជា​មួយ​កម្ពុជា នោះ​អស់​លោក​លោក​ស្រី​ប្រាកដ​ជា​អាចធ្វើ​ការ​វិនិច្ឆ័យ​បាន

​​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​លោក លុយ ដាវីត

លោក​លុយ ដា​វីត​បន្ថែម​ទៀតថា ភាព​រង​គ្រោះ​របស់​កម្ពុជានេះ ​គឺ​កើត​ពី​​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយរវាង​លោក​សេរី ជា​មួយ​ចិនប៉ុណ្ណោះ​មិន​មែន​ជា​បញ្ហា​​សិទ្ធិ​មនុស្ស ឬប្រជា​ធិបតេយ្យនោះ​ទេ។ ​

អ្នក​តាម​ដាន​បញ្ហា​នយោបាយ​កម្ពុជាលោក ឯម សុវណ្ណារ៉ា ​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ លុយ ដារីត តែ​លោក​ថា​វា​មិន​ដូច​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ទាំង​ស្រុង​នោះ​ទេ ព្រោះ​សហ​គមន៍​អន្តរជាតិ​ត្រូវ​បាន​ចង​ភ្ជាប់ជា​មួយ​កម្ពុជា​ដោយ​សារ​សន្ធិសញ្ញាសន្តិភាពទី​​ក្រុង​ប៉ារីស ដែល​ប្រទេស​ទាំង​នោះ​ត្រូវ​មាន​កាតព្វកិច្ច​ពិនិត្យ​មើល​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​​ប្រជា​ធិបតេយ្យ​កម្ពុជា។

ប្រសិន​បើ​ទុក​ពេល​វេលា​ដូច​ជា​បណ្តា​ប្រទេស​ទាំង​អស់​នោះ​ដូចជា​សហ​រដ្ឋអាមេរិក ឬ​ក៏​សហ​គមន៍​អឺរ៉ុប​គេ​វិនិច្ឆ័យ​មក​កម្ពុជា​ហើយ​យើង​ចេះ​តែ​គិត​ថា​គេ​អវិជ្ជមាន។ យើង​យល់​ឃើញ​បែប​របស់​យើង​ហើយ​គេ​យល់​ឃើញ​បែប​របស់​គេ នោះ​ខ្ញុំ​គិត​ថា​កម្ពុជា​យើង​ប្រឈម​ហើយ។ ហេតុ​អី​! ខ្ញុំ​គិត​ថាយើង​នៅពឹង​ផ្អែក​លើ​គេ អញ្ចឹង​យើង​ត្រូវមើល​អំពី​យន្ត​ការ​របស់​ខ្លួនឯង ពីសម្រែក​ដែល​យើង​ស្រែក។ ខ្ញុំ​គិត​ថា​អត់​អាច​បន្ទន់​ចិត្ត​គេ​បាន​ទេ មាន​តែ​យន្ត​ការណ៍ នៃ​ការ​ចរចាគ្នា​ហ្នឹង​ទេ​ទើប​អាច​បន្ថូរ​បន្ថយ​ស្ថាន​ការ​ណ៍​ហ្នឹងបាន​

អ្នក​តាម​ដាន​បញ្ហា​នយោបាយ​កម្ពុជាលោក ឯម សុវណ្ណារ៉ា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រា​ប់​នា​យករដ្ឋ​មន្ត្រីថា នៅឆ្នាំ២០១៦​​កន្លង​មក កម្ពុជាបាន​ចំណេញ​ប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ​រ​បស់សហភាព​អឺរ៉ុបនេះ​។

ខណៈពេល​ដែលស​ហភាព​អឺរ៉ុប​បញ្ជូន​ប្រតិ​ភូរបស់​ខ្លួនមក​កម្ពុជា ​ដើម្បីស្វែង​រក​ការពិត​មុន​ការ​ពិចារណា​ពី​ការ​​ព្យូរ​ប្រព័ន្ធ ​​អនុ​គ្រោះ​ពន្ធ​ EBA ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​នេះ​នោះ​ អ្នក​តាម​ដាន​យល់​ថា​រដ្ឋាភិបាល​គួរតែ​ពិចារណា​ពី​ដំណោះ​ស្រាយ​​នយោ​បាយ​​បែប​ណាមួយ​ដែល​ធ្វើឲ្យ​បរទេសអាច​ទុកចិត្ត​ពី​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​នេះ។

ថ្លែង​ប្រាប់​វី​អូឌី​កាល​ពី​ថ្ងៃ​ច័ន្ទ អ្នក​​ស្រាវ​ជ្រាវ​ពីកា​រអភិវ​ឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ លើ​កឡើ​ងថា ​ប្រព័ន្ធអ​នុគ្រោះ​​ព​ន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​ បា​ន​ផ្តល់​​ឱ​កា​សឲ្យអ្នកវិនិយោគនៅកម្ពុជា ពិសេសវិស័យកាត់ដេរ អាចមានលទ្ធភាពប្រកួតប្រជែង​ជាមួយប្រទេ​សជិតខាងបាន​។

លោក​បន្ថែម​ថា​ គន្លឹះ​នៃការទប់ស្កាត់កុំឲ្យថវិកាជាតិ​រាប់លានដុល្លារក្នុងមួយឆ្នាំៗ បាន​ពី​ប្រព័ន្ធ​អនុ​គ្រោះពន្ធនេះ បាត់បង់​ រដ្ឋា​ភិ​បាល​ត្រូវពិនិត្យមើលឡើងវិញ ពីការគោរព​រដ្ឋធ​ម្មនុ​ញ្ញ ជំរុញឲ្យមាន​លំហរសេរីភាព​បញ្ចេញ​មតិ លើកកម្ពស់​សិទ្ធិ​មនុ​ស្ស​ សិទ្ធិធ្វើន​យោ​បា​យ​ពិតប្រាកដមួយ ​អា​ចទទួ​ល​យ​ក​​​​បា​នទាំ​ងសហគមន៍ជាតិ និងអន្តរជាតិជាតិ ចៀសវាង​បង្កើតប្រ​ព័​ន្ធ​​ប្រ​​ជាធិបតេយ្យមួយ ទទួ​​ល​ស្គា​​ល់ត្រឹមតែ​ពី​មន្ត្រីរដ្ឋាភិបាលនោះ។

សេណារីយូសំខាន់ គូភាគីពាក់ព័ន្ធខ្លួនឯងដឹង មិនមែនមិនដឹងថាខ្លួនឯងកំពុងធ្វើអីទេ ពិសេសរដ្ឋាភិបាលហ្នឹ​ងត្រូវពិ​និ​ត្យ​ឡើងវិញពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ធ្វើយ៉ាងនាទាញឲ្យវាស្ថិ​តមកក្នុងគន្ល​ងប្រជាធិបតេ​យ្យនិង​ការគោ​រពសិ​ទ្ធិមនុស្ស

អ្នក​​ស្រាវ​ជ្រាវ​ពីកា​រអភិវ​ឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី

អឺរ៉ុបបាន​បញ្ជូន​គណៈប្រតិភូរបស់ខ្លួន​មកកម្ពុជារយៈពេល ៧ថ្ងៃ គឺចាប់ពី​ថ្ងៃទី៥ ដល់ថ្ងៃទី​១១ខែកក្ក​ដា​នេះ​ ជា​​អ្វី​ដែ​ល​ក្រុមប្លុក​លោកសេរីមួយ​នេះហៅ​ថា បេ​សក​កម្ម​​ពិ​សេស​ដើម្បី​ស្វែង​រក​ការ​ពិតថា​​ តើ​រដ្ឋាភិបាល​កម្ពុ​​ជា​ពិត​ជាបា​ន​រំ​លោ​​​ភសិទ្ធិ​​​មនុ​ស្ស ​សិ​​ទ្ធិ​​​ធ្វើ​នយោបា​យដូចការលើកឡើង​មែន​ឬទេ​​ មុន​ខ្លួនស​ម្រេចកាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធពីកម្ពុជាវិញ៕

វិទ្យាស្ថាន​អឺរ៉ុបដើម្បី​សិក្សា​ពី​អាស៊ី នៅ​ទី​ក្រុង​ប្រ៊ុច​សែល កាលពី​ថ្ងៃ​ទី២៨ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ