ការ​អនុវត្ត​ការ​ដាំ​ដុះ​ស្រូវ​នៅ​កម្ពុជា​ឆ្នាំ​នេះ​​លឿន​ជាង​ឆ្នាំ​មុន​

សកម្មភាពប្រមូលស្រូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ (រូបកាលពីពេលកន្លងទៅ)

របាយការណ៍ក្រសួងកសិកម្មដែល​ចេញផ្សាយ​កាល​ពីថ្ងៃទី​២៨ខែមិថុនា​ បានឲ្យដឹងថានៅឆមាស​ទី១ឆ្នាំ២០១៨នេះ ការអនុវត្តការដាំដំណាំស្រូវបានចំនួន ១លាន ៦៦៤៣១៦ហិកតា ស្មើនឹង៦៦.២០% នៃផែនការចំនួន ២លាន ៥១៣៨៩៥ហិកតា លឿនជាងផែនការឆ្នាំមុនចំនួន ២១មឺុន ២០៤៩ហិកតា ។

អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម លោក ហ៊ាន វណ្ណហន បានប្រាប់វី.អូ.ឌីតាមទូរស័ព្ទនៅម្សិលមិញ​ថា នៅក្នុងឆ្នាំនេះ ការបង្កបង្កើនផលស្រូវបាន​លឿន​ជាងឆ្នាំមុន ប៉ុន្ដែក៏ជួបប្រទះបញ្ហាមួយចំនួនដែរ ដូចជាតំបន់ខ្លះមានការផលិតយឺត និងលឿនជាងផែនការ និងតំបន់មួយចំនួនជួបប្រទះការរាំងស្ងួត។

របាយការណ៍ក្រសួងកសិកម្ម​ដដែលនេះ ក៏បង្ហាញ​ដែរថា​ខេត្តដែលអនុវត្តការ​ដាំដុះស្រូវបានច្រើនជាងគេក្នុងឆមាសទី១ឆ្នាំ២០១៨នេះ​គឺ ខេត្តពោធិ៍សាត់ កំពង់ធំ និងឧត្តរមានជ័យ ដោយក្នុងនោះ ខេត្តពោធិ៍សាត់បានអនុវត្តលើសពីផែនការបានចំនួន ៣.៨៣% នៃផែនការ១០មឺុន៣០០០ហិកតា។ ចំពោះខេត្តបាត់ដំបង បច្ចុប្បន្នកំពុងប្រឈមនឹងការរាំងស្ងួត ធ្វើឲ្យដំណាំស្រូវប៉ះពាល់ចំនួន ២មឺុន ៧៣៣៤ហិកតា ប៉ុន្ដែសង្រ្គោះបាន ១មឺុន៩៩៣៥ហិកតា។

បើ​តាម​លោក ហ៊ាន វណ្ណហន ប្រទេសកម្ពុជាបានផលិតដំណាំស្រូវបានចំនួន ១០លានតោននៅក្នុងមួយឆ្នាំ និងបាននាំអង្ករទៅក្រៅប្រទេសចំនួន ៦៣៥ពាន់៦៧៩តោន ដែលប្រទេសចិនជាប្រទេសលេខមួួយក្នុងចំណោមប្រទេសទាំង១០ដែលកម្ពុជានាំចេញទៅច្រើនជាងគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ