គ.ជ.ប បើកឲ្យភ្ញៀវ​ពិសេស​ចូល​មើលការបោះឆ្នោត​ ខណៈ​សង្គម​ស៊ីវិល​បដិសេធ​ចូល​រួម​សង្កេតការណ៍

កិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប (រូបភាព៖ គ.ជ.ប)

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាសឲ្យ​មានភ្ញៀវពិសេសជាបរទេស ចូលពិនិត្យមើលការបោះឆ្នោត​នៅកម្ពុជា ខណៈប្រទេសលោកសេរីមួយចំនួនបានរិះគន់ថា ការបោះឆ្នោតខាងមុខនេះមិនមានតម្លាភាព។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា ការអនុញ្ញាតឲ្យមានភ្ញៀវពិសេសបរទេសចូលពិនិត្យមើលការបោះឆ្នោតនេះ ដើម្បីបញ្ជាក់ថា កម្ពុជាពិតជាបានបោះឆ្នោតពិតប្រាកដមែន។ លោកបន្តថា ភ្ញៀវពិសេសបរទេសដែលចូលពិនិត្យមើលដំណើរការបោះឆ្នោតខាងមុខនេះ គឺមានគ្រប់ប្រទេសឲ្យតែពួកគេចង់ចូលមើលការបោះឆ្នោតខាងមុខនេះ។

ចំណែកភ្ញៀវពិសេស គាត់មើលឲ្យឃើញនូវព្រឹត្តិការណ៍ហ្នឹង ​ឃើញថា មានការបោះឆ្នោតមែននៅហ្នឹង គាត់អត់លម្អិតត្រូវចូលម៉ោងប៉ុន្មាន ត្រូវចេញម៉ោងប៉ុន្មានទេ ត្រឹមត្រូវអត់ មន្ត្រី ការិយាល័យគ្រប់ចំនួនអត់។ គាត់មើលអត់ដល់ហ្នឹងទេ គាត់គ្រាន់តែទៅមើលឲ្យឃើញ

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

អ្នកជំនាញផ្នែកបោះឆ្នោត លោក យឿង សុធារ៉ា មើលឃើញថា ការបើកឲ្យភ្ញៀវបរទេសចូលពិនិត្យមើលដំណើរការបោះឆ្នោតខាងមុខនេះ វាជារឿងមួយ ប៉ុន្តែ អ្វីដែលសំខាន់នោះ លោកថា គ.ជ.ប ត្រូវរៀបចំប្រព័ន្ធបោះឆ្នោតឲ្យប្រជាពលរដ្ឋ និងសហគមន៍​អន្តរជាតិជឿជាក់បានថាដំណើរការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមគន្លងប្រជាធិបតេយ្យ​។

ការមើលរបស់គាត់ វាគ្រាន់តែជាការឃ្លាំមើល ឬក៏ពិនិត្យ​សង្កេតមើលដំណើរការទូទៅទេ។ បើចង់ឲ្យពួកគាត់ចេញជាសេចក្ដីថ្លែងការណ៍ថា តើការបោះឆ្នោតហ្នឹង វាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌យ៉ាងណានោះ វាមិនមានជាទម្ងន់ប៉ុន្មានទេ ដោយសារ ខ្វះខាតរឿងបច្ចេកទេស។ ធម្មតាយើងគ្រាន់តែដើរមើលពីទិដ្ឋភាពទូទៅ ហើយមិនបានសិក្សាស៊ីជម្រៅពីបច្ចេកទេស​ការបោះឆ្នោតអ្វីដែលរកឃើញនោះមិនឆ្លុះបញ្ចាំងទេ

អ្នកជំនាញផ្នែកបោះឆ្នោត លោក យឿង សុធារ៉ា

​អ្នក​នាំ​ពាក្យ គ​.ជ.ប រូប​នេះ​ បាន​ឲ្យ​ដឹង​ថា រហូតមកដល់ថ្ងៃនេះ ចំនួន​អ្នកចុះឈ្មោះអង្កេតការណ៍បោះឆ្នោតសម្រាប់អាណត្តិទី៦ មានជាង ៧​ម៉ឺននាក់ មកពីស្ថាប័នចំនួន ១០៦​ផ្សេងគ្នា ខណៈដែលអាណត្តិទី៥កន្លងទៅចំនួនអ្នកសង្កេតការណ៍បោះឆ្នោតមានតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ​។​

ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានប្រកាសមិនដាក់អ្នកអង្កេតការណ៍បោះឆ្នោតឡើយ ដោយសារតែបញ្ហាស្ថានភាពនយោបាយមិនល្អ និងការភ័យខ្លាចមានការចោទប្រកាន់ផ្សេងៗ។

ចំណែកប្រទេសលោកសេរីមួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ៤៥ នៅក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជាជាតិ បានព្រមានថា ការបោះឆ្នោតខាងមុខ​ពុំអាចទទួលយកបានឡើយ បើគ្មានគណបក្សប្រឆាំង។

ថ្មីៗនេះ តំណាងបេសកម្ម​ជប៉ុន​ប្រចាំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិក៏បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា ​​ចរចារ​នយោបាយ​​ឡើង​វិញ​ នៅ​​មុន​ការ​បោះឆ្នោត​នៅ​ចុង​ខែ​នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ