ប្រជាប្រិយភាពរដ្ឋាភិបាល​យោធា​អាចល្អជាងមុន​ក្រោយជោគជ័យក្នុងការជួយសង្រ្គោះក្មេងៗចេញពីរូងភ្នំ​

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ បានអង្គុយនៅខាងស្ដាំនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី 9 ខែកក្កដាជាមួយលោក ណារ៉ុងសាក់ អូសាតាណាខន (Narongsak Osatanakorn) ប្រធានមជ្ឈមណ្ឌលបញ្ជារួមគ្នាសំរបសំរួលការសង្គ្រោះ។ រូបថត Reuters

ព័ត៌មាននៃការជាប់គាំងក្នុងរូងភ្នំរបស់​ក្រុម​កីឡាករបាល់ទាត់ក្មេងៗទាំង១២នាក់និង​គ្រូ​បង្វឹករបស់​ពួកគេ​ ត្រូវបាន​តាម​ដាន​យ៉ាងយក​ចិត្តទុក​ដាក់​ពី​មហាជនជាច្រើននៅលើពិភពលោក​ក្នុង​រយៈពេល​២សប្តាហ៍ចុងក្រោយនេះ។ ប្រតិបត្តិការនៃការជួយសង្រ្គោះ​ក្រុម​មនុស្សទាំង​១៣​នាក់នេះ​បាន​បញ្ចប់ទៅដោយជោគជ័យ​កាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅ។

ការនាំចេញមកវិញ​ដោយជោគជ័យនៃក្រុម​កីឡាករបាល់ទាត់​ក្មេង​ៗទាំង១២នាក់​និង​គ្រូបង្វឹករបស់​ពួកគេ បាន​ធ្វើ​ឲ្យ​សារណៈជន​ទូទៅទូទាំង​ពិភពលោក​ជាពិសេស​ប្រជាពលរដ្ឋ​របស់​ថៃ​​សប្បាយរីករាយ​ជាខ្លាំង នៅ​ពេល​ដែល​ឃើញ​ពួកគេទាំងនោះ​អាចចេញ​មក​វិញ​បាន​ដោយ​សុវត្ថិភាព។

តើជោគជ័យក្នុងការ​ជួយសង្រ្គោះក្រុម​កីឡាករបាល់ទាត់ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក​របស់ពួកគេ​ចេញ​ពីរូងភ្នំ​អាច​បង្កើន​ប្រជាប្រិយភាពរដ្ឋាភិបាលយោធាថៃ ខណ​រយៈ​ពេលចុងក្រោយនេះពួកគេ​ត្រូវបាន​សាធារណៈជនថៃ​​រិះគន់​យ៉ាងខ្លាំងពី​រឿងលើកពេល​នៃ​ការបោះឆ្នោត​ម្ដងហើយម្ដងទៀត?​

កាលពីថ្ងៃទី២៩ខែមិថុនាកន្លងទៅ មេដឹក​នាំរដ្ឋាភិបាល​យោធាថៃសព្វថ្ងៃ ​លោក​ប្រាយុទ្ធ ចាន់អូចា ​បាន​ទៅដល់រូងភ្នំដែល​ក្មេង​ទាំង​នោះ​ជាប់គាំង។ យោងតាម​ការចុះផ្សាយ​របស់ភ្នាក់ងារសារព័ត៌មាន​ AP លោក ប្រាយុទ្ធ បាន​ប្រាប់ក្រុមគ្រួសារក្មេងៗទាំងនោះនិង​ប្រជាពលរដ្ឋ​ថៃ​ទូទៅថៃ​ថា​ត្រូវតែមាន​ជំនឿទៅលើសកម្មភាពមន្ត្រីរដ្ឋាភិបាល ហើយលោកជឿជាក់​ថាអ្វីៗ​នឹងត្រលប់មកធម្មតាវិញ។

ការចូលដល់ទីតាំងដល់កន្លែងកើតហេតុ​របស់នាយករដ្ឋមន្រ្តីរូបនេះ ត្រូវបាន​អ្នកតាម​ដាន​នយោបាយ​ថៃមួយចំនួន​យល់ថា​ លោក​ ប្រាយុទ្ធ​ បានប្រើឱកាសនេះដើម្បី​បង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោក​ Andrew MacGregor Marshall សាស្រ្តាចារ្យសារព័ត៌មាន​នៃសាកលវិទ្យាល័យ Edinburgh Napier ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន ​DW របស់​អាឡឺម៉ង់ ថា​លោក ប្រាយុទ្ធ បានប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមដើម្បី​អួតអាង​​ពី​ភាពខ្លាំងពូកែរបស់ខ្លួនទៅវិញទេក្នុងកំឡុងពេលនោះ​។

ចាប់តាំងពីពេល​ដែលក្រុម​កុមារទាំងនោះបាត់ខ្លួន រដ្ឋាភិបាលយោធា​ថៃ​តែងតែសន្យានិង​ធ្វើ​សកម្មភាពយ៉ាងសកម្ម​ក្នុងការ​​ជួយ​ពួកគេ​។ កំឡុងនៃការជួយសង្រ្គោះ មន្រ្តីគ្រប់ជាន់ថ្នាក់របស់​ថៃ​បាន​រួមគ្នា​ធ្វើ​ការ​យ៉ាងសស្រាក់​សស្រាំ​ក្នុង​ប្រតិបត្តិការនេះ។ ប៉ុន្តែតួអង្គ​ដែល​សំខាន់និង​ត្រូវបាន​មហាជនទូទៅ​ចាប់អារម្មណ៍ជាងគេនោះគឺក្រុម​កង​ទ័ពជើង​ទឹក​ថៃ​។

ក្រុម​កងទ័ពជើងទឹក​ទាំងនោះដើរតួនាទីសំខាន់ជាងគេរឿងនេះ ដោយ​សារ​តែ​ពួកគេត្រូវចូលរួម​ជាមួយក្រុម​មុជទឹកមកពីប្រទេស​ដទៃទៀត​ក្នុងការជួយសង្រ្គោះក្រុមកុមារ​ទាំងនោះ។ អ្នកមុជទឹកម្នាក់​ដែល​មក​ពីក្រុមកង​ទ័ពជើងទឹក​ថៃ បាន​បាត់បង់ជីវិតក្នុ​ងប្រតិបត្តិការជួយសង្រ្គោះនេះ។ អតីតមន្ត្រីយោធារូបនេះត្រូវបាន​ប្រជាជន​ថៃ​ទូទៅចាត់ទុក​ជា​វីរៈបុរស​របស់ពួកគេ។​

ដូច្នេះជោគជ័យនៃប្រតិបត្តការនៃការជួយសង្រ្គោះនេះជាគុណសម្បត្តិមួយរបស់​ក្រុម​យោធា​ថៃ​ដែល​គេមិន​អាច​មើលរំលងបាន។ ការសម្រេច​បាន​នូវ​ភារកិច្ច​របស់ក្រុម​អ្នកជួយសង្រ្គោះនេះ ក៏ឆ្លើយតប​ទៅនឹងអ្វី​ដែល​នាយករដ្ឋមន្រ្តី​យោធាបច្ចុប្បន្ន​សន្យា​ថា​ឲ្យជឿជាក់លើមន្រ្តីរដ្ឋាភិបាល​ខ្លួន​ផងដែរថាពួកគេនឹងអាចធ្វើបាន។​

ជារួម​ជោគជ័យ​នេះតិចឬច្រើន វាបាន​រួមចំណែកឲ្យប្រជា​ជន​ថៃ​មើលឃើញពីសមត្ថភាព​ក្រុមយោធា​ក៏ដូចជា​រដ្ឋាភិបាល​យោធាដែល​កំពុង​គ្រប់គ្រង​ប្រទេសថៃសព្វថ្ងៃផងដែរ។

ប្រជាជន​ថៃ​ និង សហគមន៍អន្តរជាតិ តែងតែ​ជម្រុញឲ្យ​មេដឹក​យោធា​សព្វថ្ងៃ​ រៀបចំអោយមាន​ការបោះឆ្នោត​ឲ្យបាន​ឆាប់។ ប៉ុន្តែមេដឹកនាំ​ថៃសព្វថ្ងៃតែងតែលើក​ពេលម្ដង​ហើយម្តងទៀតក្រោម​ហេតុផលផ្សេងៗ​ ដែល​ជាហេតុ​ធ្វើឲ្យប្រជា​ជន​ថៃ​ជាច្រើន​មិនពេញ។

ពេល​វេលា​បោះឆ្នោតដែល​រដ្ឋាភិបាល​យោធាថៃបាន​កំណត់ចុងក្រោយគឺនៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៩ ប៉ុន្តែកាល​ពីខែ​មិថុនា​កន្លងទៅរដ្ឋាភិបាលលោកប្រាយុទ្ធបាន​ប្រកាសលើកពេល​បោះឆ្នោតម្តង​ទៀត​ ដោយ​លើកហេតុផល​ថា​រដ្ឋាភិបាល​ត្រូវរៀបចំពិធីឡើងគ្រងរាជសម្បត្តិ​របស់ព្រះ​មហាក្សត្រខ្លួន​ជាមុខសិន។

បាតុករបានប្រមូលផ្តុំគ្នានៅជិតរបាំងផ្លូវប៉ូលិសមួយនៅខាងក្រៅសាកលវិទ្យាល័យ Thammasat ក្នុងអំឡុងបាតុកម្មមួយនៅទីក្រុងបាងកកនៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2018
រូបភាព៖ AFP
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ