បក្សប្រជាធិបតេយ្យមូលដ្ឋាន​ព្រមានដើរចេញពីការ​បោះឆ្នោត ក្រោយពីសកម្មជនខ្លួន​មាន​ការគំរាមកំហែង​

នាព្រឹកថ្ងៃទី ១០ កក្កដា ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃោសនាបក្សនៅស្តុបបូកគោ កន្លែងដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា គ.ប.ម ព្រមានដកខ្លួន ចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនាចុងខែកក្កដានេះ ក្រោយអះអាងថាអាជ្ញាធរមួយចំនួន មិនជួយសម្រួលក្បួនឃោសនាបោះឆ្នោត និងមានការគំរាមកំហែងសកម្ម​ជនបក្សខ្លួន​។

អ្នកនាំពាក្យ គ.ប.ម លោក សាម អ៊ីន មានប្រសាសន៍ថា កាលពីថ្ងៃទី១០ ខែកក្កដា ចំថ្ងៃឃាតកម្មសម្លាប់​លោក កែម ឡី គឺគណបក្សរបស់លោកបានដឹកនាំសកម្មជនហែរក្បួនឃោសនារកសំឡេងឆ្នោត នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរមិនជួយសម្របសម្រួលក្បួនឃោសនាដូចបក្សនយោបាយ​ទេ ខណៈនៅខេត្តមណ្ឌគិរី និងខេត្តបាត់ដំបងមានការគំរាមកំហែង​សកម្មជនចែកខិត្តប័ណ្ណ និងថាមានជនមិនស្គាល់អត្តសញ្ញាណហែក​ផ្ទាំងបដាគណបក្សដែលបិតលើដើមឈើ​ទៀតផង​។

អ្នកនាំពាក្យរូបនោះ ព្រមានថា បើអាជ្ញាធរ និង គ.ជ.ប មិនជួយសម្រួលដល់គណបក្សនយោបាយ​ដែលហែរក្បួនទេ គណបក្សនេះនឹងពិចារណាដកខ្លួនចេញពីការប្រកួតប្រជែងបោះឆ្នោត​ នាចុង​ខែកក្កដា​ខាមុខ​នេះ។

ប្រសិនបើបញ្ហាប្រឈមកាន់តែធ្ងន់ឡើង​រាលដាលគ្រប់ទីកន្លែង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ នឹងពិចារណាក្នុងការដកខ្លួន[…]យើងគ្រាន់តែចង់បញ្ជាក់ថា ​យើង​ឃើញបោះឆ្នោតមួយដែលសេរី ដែលត្រូវ​ត្រឹម​ ដែលយុត្តិធម៌ ជាការប្រកួតប្រជែងមួយអាចទទួលយកបាន

អ្នកនាំពាក្យ (គ.ប.ម) លោក សាម អ៊ីន

ទោះជាយ៉ាងណា លោក សាម អ៊ីន បញ្ជាក់ថា គ.ប.ម មិនទាន់មានគម្រោងប្តឹងទៅ គ.ជ.ប នៅឡើយ ដោយថាទុកពេលឲ្យអាជ្ញាធរ និង គ.ជ.ប ថ្នាក់រាជធានី/ខេត្ត​ ធ្វើកិច្ចការនេះជាមួយមន្ត្រីថ្នាក់ក្រោម ដើម្បី​កុំឲ្យមានភាពមិនប្រក្រតីកើតឡើង​ទៀត​។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា មានប្រសាសន៍ថា អំឡុងពេលឃោសនាបោះឆ្នោតចំនួន៩ថ្ងៃកន្លងទៅនេះ គ.ជ.ប ទទួលបានបណ្តឹងចំនួន​៧។ ​

ទោះជាបែបនេះក្តី មន្ត្រី គ.ជ.ប រូបនោះ បានលើកទឹកចិត្តឲ្យគណបក្សនយោបាយ​ ដែលជួបបញ្ហាប្រឈមក្នុងអំឡុង​​ពេលឃោសនារកសំឡេងឆ្នោត ត្រូវ​ដាក់ពាក្យប្តឹងទៅការិយាល័យ គ.ជ.ប រាជធានី/ខេត្ត ដើម្បីជួយសម្រួលដល់​បក្សនយោបាយនោះ ឲ្យបានទាន់ពេលវេលា។

បើសិនជាគាត់មិនពេញចិត្តនិងការសម្រេច​របស់គណៈកម្មាធិការឃុំសង្កាត់រៀបចំបោះឆ្នោត​ទេ​ គាត់អាចប្តឹងបន្តមក គណៈកម្មាធិការរៀប​ចំការបោះឆ្នោត។ ហើយក្នុងករណីដែលគាត់មិនពេញចិត្តនឹងការសម្រេច​របស់​ គ.ជ.ប គាត់អាច​ប្តឹងទៅក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែលជាស្ថាប័នកំពូល បិទផ្លូវ​តវ៉ា

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា

​ក្រសួងមហាផ្ទៃកាលពីម្សិលមិញបាន​ចេញសេចក្ដីណែនាំមួយទៅមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឬមន្រ្តីនគរបាល ថា ពួកគេ​អាចចូលរួមស​កម្ម​ភាពឃោសនារបស់បក្សនយោបាយបាន នៅក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកការងារដែលកំណត់​ដោយ​រដ្ឋ តែពេលចូលរួមសកម្មភាពឃោសនាមិនត្រូវពាក់ឯកសណ្ឋាន និងមិនត្រូវធ្វើអ្វីដេលនាំឲ្យមានការគំរាម​កំហែង​ឡើយ។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស នី មានប្រសាសន៍ថា បើមានការរារាំង គំរាមកំហែងសកម្មជនគាំទ្របក្សតូចៗគណបក្សនយោបាយដែលរងគ្រោះ​ ត្រូវក្លាហានក្នុងការតស៊ូមតិ ឬដាក់ពាក្យប្តឹងទៅ គ.ជ.ប ស្រប​តាមច្បាប់បោះឆ្នោត ដោយថាកុំឲ្យបក្សកាន់អំណាច​ជិះសេះលែងដៃ។

ត្រូវតែមាត់កខ្លះ មិនត្រូវនៅស្ងៀមពេកទេ​។ កាលណាស្ងៀមពេកវាធ្វើឲ្យគណបក្សណា​ដែលមានអំណាច​ ចេះតែដើរធ្វើអ្វីស្រេចតែអំពើចិត្ត។ រីឯគណបក្សតូចៗ បានត្រម​តែដើរដង្ហែរគេ ដូចចែវទូកឲ្យគេ​ចឹង​ ហើយមិនហ៊ាន​និយាយស្តីទាំងអស់

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស នី

ក្នុងប្រតិទិនរបស់ គ.ជ.ប បានឲ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្នាក់ជាតិ មានរយៈពេល​២០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ខណៈការបោះឆ្នោតថ្នាក់ជាតិអាណត្តិនេះ មានបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ