កងរាជអាវុធហត្ថឃាត់ខ្លួនអតីតនាយទាហានម្នាក់ជុំវិញការបង្ហោះព័ត៌មានមិនពិត

កងរាជអាវុធហត្ថខេត្តកំពង់ធំបានឃាត់ខ្លួនអតីតនាយទាហាននៃកងរាជអាវុធហត្ថម្នាក់កាលពីម្សិលមិញ បន្ទាប់ពីបានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ដោយអះអាងថាខ្លួនបាត់បង់ដំណែងក្នុងកងរាជអាវុធហត្ថទាំងអយុត្តិធម៌ ដោយសារការបង្ក្រាបគ្រឿងញៀនបុគ្គលមានឥទ្ធិពល។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់វី.អូ.ឌីតាមទូរសព្ទនៅថ្ងៃនេះថា កងរាជអាវុធហត្ថបានឃាត់ខ្លួនបុរសឈ្មោះ សន​​​ សំនៀង ជាម្ចាស់គណនីហ្វេសប៊ុក យមរាជ លោកីយ៍ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីបុគ្គលនេះបានបង្ហោះព័ត៌មានមិនពិតដែលធ្វើឲ្យខូចកិត្តិយសកងរាជអាវុធហត្ថខេត្ដ។

នៅក្នុងបណ្ដាញសង្គមឈ្មោះ «យមរាជលោកិយ៍» ដែលត្រូវបានចែកចាយតគ្នា ឈ្មោះ សន សំនៀង បានផ្សាយផ្ទាល់ជាបន្តបន្ទាប់ថាខ្លួនត្រូវបានបាត់បង់ដំណែងក្នុងកងរាជអាវុធហត្ថទាំងអយុត្តិធម៌ ដោយសារការ​បង្ក្រាបបទល្មើសគ្រឿងញៀន ១៧២ គីឡូក្រាម កាលពីឆ្នាំ ២០១៣ ដែលលោកថា​ជារបស់បុគ្គលមានឥទ្ធិពល។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៥ កក្កដា​​​ ឆ្នាំ២០១៨​​​​​​ បានចេញសេចក្តីថ្លែងការណ៍ដោយ ច្រានចោល ការបង្ហោះព័ត៌មាននេះ​​​ ហើយអះអាថា សន សំនៀង ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងរាជអាវុធហត្ថ ក្នុងឆ្នាំ២០១៧​​​ដោយសារតែការប្រព្រឹត្តកំហុសឆ្គងជាបន្ដបន្ទាប់រួមមាន បង្កគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែង ការបាញ់បោះសេរី និងប្រើប្រាស់អំពើហិង្សា។

លោក អេង ហ៊ី​​​ បានបន្ថែមថាបមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ កំពុងសាកសួរ​​​ជនសង្ស័យ​​​ និងចាត់ការតាមនិតិវិធី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ