មិនគួរជឿ! ​លាភ សំណាង ស៊យដល់ម្លឹង!

ការប្រកួត​​កាលពីថ្ងៃទី​​​១៤ កក្កដា នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock out  Series(K-Cement)

ខុសពីការប្រកួត​មុន​​ដែលលាភ សំណាង មកពីក្លិប​ទីបញ្ជាការ​កងពលតូចលេខ​​​៧០ តែង​តែមានសំណាង​​​​​​ដូចឈ្មោះរបស់ខ្លួន ​​សម្រាប់ការប្រកួត​​កាលពីថ្ងៃទី​​​១៤ កក្កដា នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock out  Series(K-Cement) ដែលជាការប្រកួតជម្រុះជើងឯក​ដ៏សំខាន់​​​​​​​​​​ក្នុងប្រភេទទម្ងន់​​​​៦០គីឡូក្រាម គេបែរជា​​ស៊យស្ទួនៗទៅវិញ។ មិនត្រឹមតែ​​​រងការអាម៉ាស និង​​ធ្លាក់ហាលអាវ​ប៉ុណ្ណោះទេ ប៉ុន្តែក៏​​​បែករយះ​ក្បាល​​​ហូរឈាម​ជូត​​​​​​​​ឡើង​​​​​ជោគសំឡី​​​​​​​ពិបាក​ភ្នែកផងដែរ។

ការប្រកួតដែលបានធ្វើឡើងនៅ​លើ​​​​សង្វៀនប៉ុស្ដិ៍លេខ​​៥​នៅព្រែកកំពិសនេះ ​​​​​គឺជា​​ការ​បើកឆាក​​​​​​ប្រដាល់​​ដែលប៉ុស្ដិ៍លេខ​​៥​​បាន​ប្ដូរម៉ោង​​ពេលប្រកួត​​​​ ខណៈដែលកាលពីមុន​​​​​​​​សង្វៀននេះ​​​បើកប្រកួត​រៀងរាល់ថ្ងៃសៅរ៍​វេលាម៉ោង​​​​៥​​ដល់ម៉ោង​​៧ តែប៉ុន្តែលើកនេះ​បានប្ដូរ​ទៅម៉ោង​​៦រហូតដល់​ម៉ោង​​​៨វិញ ​ដោយ​​រក្សាទុកនៅ​ថ្ងៃដដែល។

អ្នករៀបចំការប្រកួតបានអះអាងថា ហេតុផលនៃការប្ដូរម៉ោងពេលប្រកួត គឺដោយសារតែ​​ប៉ុស្ដិ៍លេខ​​​៥យល់ថា បើ​ការប្រកួត​​​​រំកិលទៅ​យប់បន្តិច​ គឺងាយស្រួល​កម្មករ​កម្មការិនី​ចេញធ្វើ​​ការ​ចូលមកទស្សនា។

បើទោះជា​​ការ​យល់ឃើញនេះ​​គឺ​​ខុស​​ពីការលើកឡើងរបស់​អ្នកទស្សនាមួយចំនួនដែលថា​ទីតាំងនោះ​បើប្រកួត​យប់ពេកនឹង​​ពិបាក​ ក៏អ្នករៀបចំការប្រកួត​នៅតែយល់ថា​​​ការ​ផ្លាស់ប្ដូរ​​ម៉ោង​ពេលនឹង​ល្អសម្រាប់ព្រឹត្តិការណ៍របស់ខ្លួន។

​ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករ លាភ សំណាង ត្រូវគេមើលឃើញថា​​មិនមានយីអ៊ុនដូចមុនទៀត​​ទេ ខណៈដែលកាលពី​ រដូវកាលមុនលោកគឺជាកីឡាករ​ដែលមាន​សំណាង​បានឈ្នះ និងបាន​ឡើង​ទៅ​វគ្គ​ជម្រុះ​​​​ជុំទី២ទី៣ ប៉ុន្តែក្រោយពេ​ល​ធ្លាក់ហាលអាវកាលពីមុន​រួចទៅហើយ ​បែរជា​មកធ្លាក់ក្នុងជុំទី​១​​សម្រាប់​​ព្រឹត្តិការណ៍ថ្មីនេះ។ ​ម្នាក់ៗមានការ​ភ្ញាក់ផ្អើល ​​​ដែលការប្រកួតលើកនេះ គេ​​​ស៊យមិនដូចមុន ​​ដោយ​​ក្រៅពីត្រូវអ្នកគាំទ្ររិះគន់ថា ​​ជាកីឡាករ​ជើងចាស់មានបទពិសោធន៍ច្រើនមកចាញ់ជើងថ្មីហើយ ក៏ត្រូវ​អស់​ឱកាស​​​ឡើងទៅប្រកួត​នៅវគ្គបន្ត​ទាំងក្នុងជុំដំបូង​​ខុសពីការបង្ហាញខ្លួន​មុនៗ។

ការប្រកួតដែលជាជម្រុះ​​​​រវាងកីឡាករ​​​​៣២រូប ​យកតែ​​​១៦នាក់នេះ កីឡាករ លាភ សំណាង ​ទទួលបាន​លទ្ធផលផ្ទុយពីឈ្មោះ​​​​តែម្ដង​​ ​នៅពេលដែលប៉ះជាមួយកីឡាករបង្គោលខៀវ កូយ ឡាយ ហើយត្រូវកីឡាករបង្គោលខៀវរូបនេះ វាយកែងដល់ថ្នាក់បែករយះពីលើថ្ងាស​ឡើង​​​ហូរឈាមដល់ថ្នាក់​ធ្វើអោយប៉ះការប្រកួតរបស់​​​លោកនោះផង ទើប​ធ្វើអោយគេមិនអាចទៅមុខរួច ​​​​​​ដោយសារតែត្រូវជូតឈាមបណ្ដើរប្រកួត​បណ្ដើរ។

យ៉ាងណាមិញ កីឡាកររូបនេះ មិនមានប្រតិកម្ម ឬតវ៉ា ថាការហាលអាវរបស់ខ្លួនជារឿងមិនសមនោះទេ ដោយបានទាំងទទួលស្គាល់ថា បណ្ដាលមកពីថ្វីដៃរបស់កីឡាករ កូយ ឡាយ ល្អជាងខ្លួន ទើបធ្វើអោយខ្លួនបរាជ័យទាំងអស់ចិត្ត។ ប៉ុន្តែកែងរបស់ កូយ ឡាយ មិនត្រឹមតែធ្វើអោយ លាភ សំណាង បាត់លាភ បាត់សំណាង និងធ្លាក់ហាលអាវប៉ុណ្ណោះទេ ប៉ុន្តែក៏បែករយះពេលក្បាលផ្នែកខាងមុខ មិនក្រោម៣ទៅ៥ថ្នេរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ