៦​ខែ​ឆ្នាំ​២០១៨​ចំណូល​ពន្ធ​គយ​កើនឡើង​ជិត​៣០ភាគរយ

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាមានប្រារព្ធ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​គយ​និងរដ្ឋាករ​ប្រចាំឆមាសទី១ ឆ្នាំ​២០១៨

អគ្គ​នាយក​ដ្ឋាន​គយ​ប្រកាស​ថា  ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨នេះ​ប្រមូល​ពន្ធ​នាំ​ចេញ​នាំចូល​បាន​ជាង១ពាន់​លាន​ដុល្លារ​ដែល​កើន​ឡើង​លើស​ឆ្នាំ​មុន​ប្រមាណ​២៧​ភាគ​រយ។

យោង​តាម​ការ​ចុះ​ផ្សាយរបស់​អគ្គ​នាយក​ដ្ឋាន​គយ​កាលពី​ម្សិល​មិញ​ឲ្យ​ដឹងថាក្នុង​ឆមាសទី១ ឆ្នាំ២០១៨ នេះ ចំណូលសរុប ​ដែល​​ប្រមូល​បាន ​មាន​ប្រមាណ ៤ ៧៣៦ប៊ីលានរៀល ឬ​ប្រមាណជា ១ ១៧២​លាន​ដុល្លារ​​អាមេរិក។ ចំនូននេះ​បើ​ធៀប​នឹងឆមាស​ទី១ ឆ្នាំ​២០១៧  ​មាន​ការ​កើនឡើង​ប្រមាណ ២៧,៨%​ ដែលក្នុងនោះ ចំណូលពី​មុខទំនិញ​យានយន្ត​មាន​កំណើន ៤០,៥%, ​ប្រេង​និង​ថាមពលកើនឡើង ១០,៥%, គ្រឿង​សំណង់​កើនឡើង ២៦,៦% និង​មុខទំនិញ​ចម្រុះផ្សេងទៀតមានកំណើន ២៧%។

អគ្គ​នាយក​ដ្ឋាន​គយ​ក៏​បាន​ឲ្យ​ដឹងផង​ដែរថា តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្ម​អន្តរជាតិក្នុង​ឆមាសទី១ ឆ្នាំ​២០១៨ មាន​ការ​កើន​ឡើង​តម្លៃនាំចូលសរុប​ ១៧% ហើយតម្លៃនាំចេញសរុបមាន​កំណើនជាង ៧% ក្នុង​នោះតម្លៃផលិតផល​កាត់​ដេរនាំចេញកើនឡើងជិត ១៣% និង​តម្លៃផលិតផលស្រូវនិងអង្ករកើនឡើង ៥៣%។

បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ ប្រភពចំណូលពន្ធ និងអាករសំខាន់ៗរបស់​កម្ពុជា​មាន យានយន្តនិងគ្រឿងចក្រ (ប្រមាណ​ជា​៤២%​នៃចំណូលសរុប) ប្រេង​ឥន្ធនៈ និង​ថាមពល (ត្រូវជាប្រមាណ ២០%នៃចំណូលសរុប) ទំនិញ​ចម្រុះ​និង​គ្រឿង​សំណង់។

ក្នុងឆ្នាំ២០១៧ ចំណូលពន្ធគយសម្រេចបានជាង ១ ៩០០ លានដុល្លារអាមេរិក ដែល​កើន​លើស​ឆ្នាំ​២០១៦​ប្រមាណ​១០ភាគ​រយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ