អឺរ៉ុប​ស្នើឲ្យ​មានការធ្វើ​​កំណែទម្រង់​​ WTO ខណៈ​ដែល​ចិននិងអាមេរិក​មើលមុខគ្នាមិនត្រង់​រឿងពាណិជ្ជកម្ម​

រូបភាព៖ www.businesslive.co.za

សហគមន៍អឺរ៉ុប​ បាន​អំពាវនាវអោយ​ប្រទេស​មហាអំណាចធំៗរួមគ្នាធ្វើកំណែទម្រង់​អង្គពាណិជ្ជកម្ម​ពិភព​លោក។

ប្រធានក្រុម​ប្រឹក្សា​​សហមន៍អឺរ៉ុប លោក​ ដូណាល់ ថាស់ បាន​ស្នើ​ឲ្យប្រទេស​ចិន អាមេរិក​ និងរុស្ស៊ី​ រួមគ្នាជាមួយអឺរ៉ុប​ក្នុងការធ្វើការកែប្រែលើលក្ខខណ្ឌមួយចំនួន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ យោងតាម​សេចក្តីប្រកាសព័ត៌មាន​ដែល​ចេញ​ដោយផ្សាយ​ដោយក្រុម​ប្រឹក្សាសហគមន៍​អឺរ៉ុប ​ ​ការអំពាវនាវ​របស់​មេដឹក​​អឺរ៉ុបលោក​ ដូណាល់ ថាស់ ធ្វើឡើង​ក្នុង​ជំនួប​កំពូលលើកទី២០​​រវាងមេដឹក​នាំអឺរ៉ុប​និង​ចិន​​នាទីក្រុងប៉េកាំងកាលពីថ្ងៃ​ទី​១៦ខែកក្កដា​កន្ល​ងទៅ។​

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Tusk ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល (រូបភាព៖ uk.businessinsider.com)

ក្នុងសេចក្តីប្រកាសព័ត៌មាន​ដដែល​នោះ លោក​ ដូណាល់ ថាស់ បាន​ជម្រុញ​ឲ្យប្រទេស​ទាំងអស់នោះ​រួម​គ្នា​ធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្ម​ពិភពលោក​ទៅលើ​ច្បាប់មួយចំនួនរបស់ស្ថាប័ននេះ ដែលរួមមាន​ច្បាប់ស្តីពីការផ្ដល់​ប្រាក់​ទំនុកបម្រុង​ដែល​រដ្ឋាភិបាល​ជួយ​ដល់វិស័យឧស្សាហកម្ម​របស់ខ្លួន ច្បាប់កម្មសិទ្ធិបញ្ញា ការកាត់​បន្ថយតម្លៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍជាយុទ្ធសាស្រ្តក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម​ឲ្យមានប្រសិទ្ធភាព​ជាងមុនជាដើម​។

លោក​ ដូណាល់ ថាស់ បាន​និយាយ​ថា​វាជាកាតព្វកិច្ចរបស់អឺរ៉ុប និង ចិន ក៏ដូចជា​អាមេរិក​និង​រុស្ស៊ីក្នុងការថែរក្សាស្ថិរភាព​​និងធ្វើឲ្យពិភពលោកមានការរីកចម្រើន ប៉ុន្តែមិនមែន​ចាប់ផ្ដើម​ដោយការ​ធ្វើសង្រ្គាម​ពាណិជ្ជកម្ម​ជាមួយគ្នានោះទេ។ លោកបន្ថែម​ថា​ប្រទេស​នីមួយៗ​ត្រួវតែមាន​ភាពក្លាហាន​និងទទួល​ខុសត្រូវក្នុង​ការ​ធ្វើកំណែទម្រង់​មួយ​ដែល​យក​គោល​ការណ៍​សណ្ដាប់ធ្នាប់ពិភពលោកជាគោល។

អ្នកនាំពាក្យក្រសួងការបរទេស​ចិន​​ លោកស្រី ហួរ ឈុន​យីង បាន​ឆ្លើយទៅកាន់អ្នកសារព័ត៌មាន​ក្នុងសន្និសីទការសែតមួយ​​ដែល​ធ្វើឡើង​កាលពីថ្ងៃទី១៧ ខែកក្កដាម្សិលមិញនេះ​ថា​ ចិននិងអឺរ៉ុបជា​កម្លាំងពីរដ៏សំខាន់ដែល​ធ្វើ​ពិភពលោកមានស្ថិរភាព​។

អ្នកស្រីបន្តថា​ចិន​នឹងធ្វើការជាមួយអឺរ៉ុបបន្ត​​ទៀត ​ក្នុងការបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្តនិង​កិច្ច​សហការ​គ្នា​ដើម្បី​គាំទ្រការធ្វើពាណិជ្ជកម្ម​ពហុភាគី​ដោយសេរីរវាងប្រទេសនានា​ដោយឈរលើ​មូលដ្ឋាន​ច្បាប់ បង្កើន​សេរីភាវូបនីយកម្ម​នៃការវិនិយោគ និង ពាណិជ្ជកម្ម​ ដើម្បីធ្វើឲ្យសេដ្ឋកិច្ច​ពិភពលោក​មាន​ការប្រសើរឡើង ក៏ដូចជានាំមកនូវសន្តិ​ភាព ស្ថិរភាព ​និងការអភិវឌ្ឍសម្រាប់​សកលលោក​ទាំងមូល​​។

ការអំពាវនាវរបស់​ប្រធានក្រុមប្រឹក្សាសហគមន៍​អឺរ៉ុបលោកដូណាល់ ថាស់ បាន​ធ្វើឡើង ស្រប​ពេលដែលមេដឹក​នាំអាមេរិក​លោក​ ត្រាំ និងមេដឹកនាំរុស្ស៊ី​លោក ពូទីន ក៏មាន​ជំនួបជាមួយគ្នាដែរ​នៅប្រទេសហូឡង់។

ក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ប្រទេស​មហាអំណាចសេដ្ឋកិច្ច​ធំ​ៗ​មួយចំនួន​មាន​ដូចជា អឺរ៉ុប កាណាដា និងចិន​ជាដើម ចាប់ផ្ដើម​មើល​មុខគ្នា​លែងត្រង់ជាមួយសហរដ្ឋ​អាមេរិកដោយសារតែ​ការ​តម្លើង​ពន្ធគយរបស់​អាមេរិក។ អឺរ៉ុប និងកាណាដាបាន​ខកចិត្តជាខ្លាំងជាមួយនឹង​អាមេរិក​ដែល​ជាសម្ព័ន្ធមិត្ត​ដ៏ល្អរបស់​ខ្លួន​ជាយូរមកហើយ ដោយសារតែអាមេរិកបាន​តម្លើង​ពន្ធដែក​និង​អាលុយ​មីញ៉ូម​ដែល​នាំចូល​ពីប្រទេស​ទាំងនេះ។

ជាមួយគ្នានេះ ​អាមេរិកក៏បាន​តម្លើង​ពន្ធលើទំនិញ​ជាច្រើន​រយមុ​ខ​របស់​ចិនផងដែរដែល​បាន​ចាប់ផ្ដើមនាដើម​ខែនេះ។ ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ដំឡើងពន្ធ​នាំចូល​ទឹកដីអាមេរិក​ទាំងនោះក៏មិន​ទុក​ឲ្យ​អាមេរិក​ធ្វើអ្វី​តាម​អំពើចិត្តដែរ។ ក្រុម​ប្រទេស​ទាំងនោះក៏បាន​ធ្វើការសងសឹក​វិញ​ដោយការដំឡើងពន្ធគយលើ​ទំនិញដែល​នាំចូលពី​​អាមេរិក​ដូចគ្នា​ទៅនឹង​អ្វីដែល​អាមេរិកធ្វើមកខ្លួន​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ