គណបក្សមួយចំនួន បានអះអាងថា ការដែលខ្លួនមិនបានដាក់ភ្នាក់ងារឲ្យចូលរួមសង្កេតមើលការបោះឆ្នោត ថាមកពីខ្វះធនធានមនុស្ស និងខ្វះថវិកា រួមទាំងពេលវេលាផងដែរ។
គ.ជ.ប កាលពីថ្ងៃម្សិលមិញ បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា គណបក្សចំនួន៦ក្នុងចំណោមគណបក្ស២០ដែលបានចុះឈ្មោះរួចហើយ សម្រាប់ប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មិនបានដាក់ភ្នាក់ងារដើម្បីសង្កេតមើលការបោះឆ្នោតទេ ។
បើតាម គ.ជ.ប គណបក្សទាំង៦នោះមាន គណបក្សពន្លឺថ្មី គណបក្សខ្មែរសារធារណរដ្ឋ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរក្រោក និងគណបក្សឆន្ទៈខ្មែរ ។
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន បានអះអាងថា ការដែលគណបក្សនេះ ខកខានមិនបានដាក់ពង្រាយភ្នាក់ងាររបស់ខ្លួន កត្តាចំបងគឺខ្វះធនធានមនុស្ស និងថវិកា។
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូលីកា ដែលជាកូនប្រុសបង្កើត លោក គង់ គាំ ជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបាន អះអាងប្រហាក់ប្រហែលដែរថា ថ្វីបើគណបក្សលោក មិនបានដាក់ភ្នាក់ងារឲ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោតក៏ដោយ ប៉ុន្តែលោកថា នៅតែមានជំនឿលើការប្រកាសលទ្ធផលបោះឆ្នោត ដោយថាព្រោះ ជប៉ុនបានដាក់ភ្នាក់ងារតាមយ៉ាងជាប់លាប់ពីដំណើរការបោះឆ្នោតនេះជាមួយនិង គ.ជ.ប។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូលីកា
អគ្គលេខាធិការ គណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្នរិទ្ធ បានអះអាងថាមូលហេតុចំបងនៃការមិនដាក់ពង្រាយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យចូលរួមសង្កតមើលការបោះឆ្នោតដោយសារខ្វះធនធានផ្នែកថវិកា។
អគ្គលេខាធិការ គណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្នរិទ្ធ
មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវ៉ាង្ស យល់ថា ភ្នាក់ងារគណបក្សនយោបាយ បានដើរតួនាទីសំខាន់ ក្នុងការជំរុញតម្លាភាពពេលបោះឆ្នោត ដោយថា មានតែភ្នាក់ងារគណបក្សនយោបាយទេ ដែលអាចដាក់ពាក្យបណ្តឹង ទៅ គ.ជ.ប ពេលខ្លួនពិនិត្យឃើញភាពមិនប្រក្រតីណាមួយកើតឡើងអំឡុងពេលបោះឆ្នោត។
បើតាមអ្នកឃ្លាំមើលការពោះឆ្នោតរូបនេះ បើគណបក្សនយោបាយណាមិនបានដាក់ភ្នាក់ងាររបស់ខ្លួនចូលរួមឃ្លាំមើលការបោះឆ្នោតទេ គណបក្សនោះនឹងបាត់ឱកាសតវ៉ា។
បើតាមសេក្តីប្រកាសរបស់ គ.ជ.ប ដដែល ក្រៅពីគណបក្សចំនួន ៦មិនដាក់ភ្នាក់ងារ ដើម្បីសង្កេតមើលពីដំណើរការបោះឆ្នោត នោះ មានគណបក្ស៤ផ្សេងទៀត ដាក់ភ្នាក់ងារចន្លោះពី៥នាក់ទៅ១១នាក់ ក្នុងចំណោមការរិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង(២១៩៦៧)។
ប៉ុន្តែគណបក្ស១០ទៀត បានដាក់ភ្នាក់ងាររបស់ខ្លួនចាប់ពីជាង១០០នាក់ រហូតដល់ជាង២ម៉ឺននាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ។