វិភាគ៖ តើ​អ្វី​នៅពី​ក្រោយ​ការចេញ​មុខរបស់ចិនដែល​​រំឭក​អឺរ៉ុប​កុំឲ្យ​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះព​ន្ធ​ពី​កម្ពុ​ជា​?

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Xiong Bo (រូបភាព៖ kh.china-embassy.org)

មន្ត្រីការទូតចិនប្រចាំកម្ពុជា បានបង្ហាញជំហជាសាធារណៈថា សហភាពអឺរ៉ុបមិនគួរផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុ​ជា​វិ​ញ ដោ​យ​សា​រតែប​ញ្ហាន​យោ​បាយ​នោះ​ទេ។​

របត់នយោបាយនៅកម្ពុជាពេលនេះ ត្រូវបានក្រុមប្រទេសលោកសេរី វាយតម្លៃថាកំពុងដើរចេ​ញពីគន្លងប្រ​ជាធិបតេ​យ្យ ក្រោយពី​មា​នកា​រ​​ចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា រំលាយគណបក្សស​ង្គ្រោះជាតិ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង​ចោទអ​ង្គ​កា​រសង្គមស៊ីវិលមួយចំនួនថា ជាក្រុមបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាល ។

បញ្ហានេះបានជំរុញសភាពអឺរ៉ុប ព្រមាន​ជាថ្មីទៀតពីវិធាននៃការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ​ប្រសិនបើ​ការប្រឹងប្រែង ជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបរាជ័យនោះ។

​សហភាព​អឺរ៉ុប​ បានកំណត់​មិនយកពន្ធ​លើផ​លិត​ផល​គ្រប់​យ៉ាង​លើកលែងតែអាវុធ ដែល​កម្ពុ​ជា​​នាំ​​​ទៅលក់​នៅទីផ្សាររបស់ខ្លួន។

ហើយប្រព័​ន្ធអនុគ្រោះពន្ធ​ EBA ធ្វើឲ្យ​សហភាព​អឺរ៉ុ​ប​ក្លាយជា​ទីផ្សារ​ដ៏ធំ​មួយ​ សម្រាប់​កម្ពុជានាំ​ផលិតផលកាត់​ដេរ​ និងកសិកម្ម​​ទៅ​ល​ក់​នៅ​ទី​នោះ​ដោ​​យ​​រួចព​ន្ធ។​

រដ្ឋម​ន្ត្រីក្រសួងពាណិជ្ជកម្មបានប្រាប់នាយករដ្ឋមន្ត្រីថា ប្រាក់ដែលកម្ពុជាចំណេញពីការរួចពន្ធ រាល់មុខទំ​និញនាំទៅ​លក់នៅផ្សា​រអឺរ៉ុប​នៅឆ្នាំ​​​២០​១៦ មាន៦៧៦លានដុល្លារ។

ដោយឡែក របាយការណ៍របស់គណកម្មការអឺរ៉ុបដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ថាកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​៦ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​    ភា​គច្រើ​ន​គឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។

ទោះជាអឺរ៉ុបបានផ្តល់ទីផ្សារឲ្យកម្ពុជារកប្រាក់ចំណូលបានរាប់រយលានក្នុង១ឆ្នាំៗបែបនេះក៏ដោយ ប៉ុន្តែគេសង្កេត​ឃើញជិតកន្លះ​ឆ្នាំមកនេះ សម្ពាធនៃប្រទេសលោកសេរី​ រួមទាំងសហភាពអឺរ៉ុបផង មិនអាចជំរុញ​ឲ្យរដ្ឋាភិបាលក​ម្ពុជា ដែលដឹកនាំដោយ​គណ​បក្ស​ប្រជា​​ជនកម្ពុជា ផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន​ទេ ពោលគឺការបោះ​ឆ្នោ​​ត​​​ដែលខ្វះ​​តែមួយសប្តាហ៍ទៀតនឹងចូលមកដល់នេះ គ្មានវត្ត​មា​ន​​​​អតីតបក្សប្រឆាំងចូលរួម ដូចនូវអ្វីដែលប្លុកលោ​កសេរី​ចង់​ឃើញនោះទេ។

ភាពចម្រូងចម្រាសនេះ ធ្វើឲ្យអ្នកតាមខ្លះដាក់ការព្រួយបារម្ភថា ប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបកំពុង​តែស្ថិតក្នុងភាពផុ​យ​​ស្រួ​យ ។ ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Xiong Bo ថ្លែងក្នុងពិធីមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី​១៧ខែ​កក្ក​ដា​នេះ​​ថា៖

សហ​ភាព​អឺរ៉ុប ​មិន​គួរភ្ជាប់រឿង​នយោបាយ ជាលេសក្នុងការដកការអនុគ្រោះពន្ធ​ ​«រាល់​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុ​ធ (EBA)» ពីកម្ពុជានោះទេ

តើមានមូលហេតុអ្វីបានចិនចេញមុខរំឭកអឺរ៉ុបពីបញ្ហានេះ?

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច វិភាគថាមានទិដ្ឋភាពបីដែលចិនចេ​ញ   មុ​​​ខការពារ​ចំណាត់កា​ររបស់រដ្ឋាភិបាល។

បើតាមលោកសុខ ទូច ទីមួយ ដោយសារតែកម្ពុជា ធ្លាប់ជួយចិនពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នៅពេលដែលកម្ពុ​ជាធ្វើជា​ម្ចា​ស់​​នៃ​កិ​ច្ច​​ប្រជុំអាស៊ាន។ លោកថាករណីនេះប្រទេសជាសមាជិកអាស៊ានច្រើនទៀត​ គ្មាននរណាចេញមុខជួយចិន ដូចក​ម្ពុជាទេ។

ទី២ចិ​នចង់បង្ហាញថាទំនាក់ទំនងពាណិជ្ជកម្មមហាអំណាចចិន​មិនដែលភ្ជាប់ទៅនឹង​បញ្ហានយោបាយ​ដូចប្រទេសលោ​កសេ​រី​នោះ​​​​​ទេ ​និងទី៣ចិនទំនងជាដឹងមុខថា បើអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជា អ្នកវិនិយោគរបស់ខ្លួន​ក៏ប៉ះពាល់ដែរ។

ហើយចំនុចទី៣ហេតុអីបានចិន ចង់ដើរតួនាទីអញ្ចឹងពីព្រោះចិនក៏ធ្វើវិនិយោគនៅកម្ពុជាច្រើនដែរ ព្រោះកាលណាអឺរ៉ុប​ដា​​ក់ក៏ត្រូវចិនដែរ ​ព្រោះវិនិយោគនៅកម្ពុជាគឺលេខ១គឺចិនហ្នឹងហើយ។អញ្ចឹងកាលណាវាដាក់សម្ពាធណាមួយមកលើកម្ពុជា វាប៉ះ​ចិ​​ន​​​ព្រោះវានាំចេញ យើងដឹងហើយតាមដែលយើងធ្វើ​តួលេខ៦ពាន់លានដុល្លារធំជា​ងអាមេរិកដល់​ទៅ៤​ពា​ន់លា​ន់ដុល្លារឯ​ណោះ​

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច

អ្នកជំនាញ​សេដ្ឋកិច្ច​លោក ង៉ែត ជូ លើកឡើងថាប្រព័ន្ធអនុគ្រោះព​ន្ធ​​នេះ ​​បាន​​​ផ្ត​​ល់អត្រាកំណើតសេដ្ឋកិច្ច​ដល់​ទៅ៤០% និងផ្តល់​ឱ​កា​ស​ដល់​អ្នកវិនិ​យោគផ្នែកវិស័​យ​កា​ត់​​​ដេរ មា​នលទ្ធភា​ពប្រ​​​កួត​​​ប្រជែ​ង​ជា​​​​មួ​​យ​ប្រទេ​ស​​ជិ​​​តខាង និងស្រូប​យកកម្លាំង​ពលកម្មក្នុង​ស្រុ​​ក​ដល់ជាង៨០ម៉ឺននាក់ ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ពន្យល់ថា ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ បានផ្តល់ប្រយោជន​ទាំងអ្នកវិនិយោ​គ ទាំងរដ្ឋាភិ​បាល​ក​ម្ពុ​​ជា​​ ក្នុងការបង្កើ​តការងារ ដើម្បីទប់ស្កាត់ចំណាកស្រុក។

កាលណាវាលែកមានប្រព័ន្ធអនុគ្រោះពន្ធហ្នឹង ផលិតផលកាត់ដេរ របស់កម្ពុជា វាលែងមានសមត្ថភាពប្រកួត​ប្រជែ​ង​ជាមួ​យ​បណ្តាប្រទេ​សនៅក្នុងតំបន់ទៀតហើយ ជាពិសេសក្រៅពីអឺរ៉ុប និងអាមេរិកហ្នឹងយើងមិនអាចនាំទៅលក់នៅអាហ្វ្រឹក ឬក៏​នៅ​ចិន​អី​ទេ​ ពីព្រោះប្រទេសទាំងអស់ហ្នឹងគ្មានលទ្ធភាពទិញផលិតផលដែលមានតម្លៃខ្ពស់ទេ ហើយយើងក៏មិ​នអាចលក់​ថោក​បាន​ដែរ

អ្នកជំនាញ​សេដ្ឋកិច្ច​លោក ង៉ែត ជូ

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការដែលឯកអគ្គរដ្ឋទូតចិនចេញមុខ រំឭកអឺរ៉ុបបែបនេះ អាចថា ចិនមើ​លឃើ​ញ​ពី​ផលប៉ះពាល់ដល់អ្នកវិនិយោគ របស់ខ្លួននៅកម្ពុជាផង និងអាចជាសារបង្ហាញថា ចិននឹងមិនឈរឱបដៃមើលកម្ពុជា ដែលកំ​ពុងរក​​​សម្ពាធពីប្រទេសលោកសេរីនោះទេ ។

ខ្ញុំជឿថាអ្វីដែលលោកទូតចិន លើកឡើងហ្នឹងវាគ្មានឥទ្ធិពលអីដល់សហភាពអឺរ៉ុបទេ វាពាក់ព័ន្ធតែកម្ពុជាខ្លួនឯងហ្នឹង រៀបចំយ​ន្តកា​រចរចា ឬក៏បង្ហាញសុឆន្ទះក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យទៅទើបអាចមានប្រសិទ្ធិភាព

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា

សរុបជារួមអ្នកវិភាគថា ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ចិន នៅពេលនេះ បង្ហាញថារដ្ឋាភិបាលចិន កំពុងប្រើឥទ្ធិពលរបស់ខ្លួន ទប់ស្កាត់ វិធា​នការនានា របស់ក្រុមប្រទេសលោកសេរីតាមដែលអាចធ្វើទៅបាន ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគ ចិននៅ​កម្ពុ​ជា ​និងរ​ដ្ឋាភិបាលកម្ពុជាផងដែរ បើទោះបីចិនថា ការតតាំងរបស់ខ្លួន ​គ្មានឥទ្ធិពលអ្វីទៅលើសហភាពអឺរ៉ុបក៏ដោយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ