បទយកការណ៍៖ កុំព្យូទ័រយួរដៃផលិតដោយកូនខ្មែរលើកដំបូង នឹងមានវត្តមានលើទីផ្សារចុងឆ្នាំ២០១៨

កុំព្យូទ័រយួរដៃម៉ាក «គម្ពីរ» បង្កើតដោយស្នាដៃកូនខ្មែរ

បច្ចេកវិទ្យាកាន់តែដើរឆ្ពោះទៅមុខ ការបង្កើតគ្រឿងម៉ាស៊ីនដែលសម្រួលដល់ប្រសិទ្ធភាពការងារ ក៏ដូចជា ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែមានច្រើនឡើងៗ។ ទោះបីជាការបង្កើតស្នាដៃជាច្រើនបានដាក់តាំងបង្ហាញនៅលើទីផ្សារ ប៉ុន្ដែតម្លៃហាក់ដូចជាខ្ពស់ដែលប្រជាពលរដ្ឋមួយចំនួនមិនអាចទិញ​​​ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន។

ចំណែកការសិក្សា និងការធ្វើការតាមការិយាល័យមួយចំនួនវិញ ទាមទារឲ្យមានកំព្យូទ័រប្រើប្រាស់ក្នុងការបំពេញការងារ។ ជាពិសេស វាជាតម្រូវការមួយដែលមិនអាចខ្វះបានរបស់និស្សិត ដោយសារតែពួកគាត់ត្រូវការចំណាយពេលជាច្រើនម៉ោងនៅក្នុងការប្រើប្រាស់កំព្យូទ័រទាំងក្នុងការសិក្សា ស្រាវជ្រាវ ក៏ដូចជាការធ្វើកិច្ចការសាលាផងដែរ។

ដោយសង្កេតឃើញតម្លៃកំព្យូទ័រដែលដាក់លក់នៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្នមានតម្លៃខ្ពស់ ក្រុមផលិតករខ្មែរមួយក្រុម បានរួមគំនិតនិងបានបង្កើតកំព្យូទ័រយួរដៃ​​​​​​ដោយលក់ក្នុងតម្លៃសមរម្យដើម្បីឲ្យប្រជាជនខ្មែរ ក៏ដូចជាសិស្សនិស្សិតមានលទ្ធភាពទិញសំរាប់ប្រើប្រាស់។

គម្ពីរ (Koompi) ជាឈ្មោះកំព្យូទ័រយួរដៃមួយដែលត្រូវបានបង្កើតដោយកូនខ្មែរ ដែលបានស្ថាបនាជាសមិទ្ធផលថ្មីដំបូងគេបង្អស់ នៅក្នុងឆ្នាំ២០១៨។ គម្ពីរ នេះសំដៅទៅលើ សៀវភៅសម្រាប់ចំណេះដឹង ដែលអាចផ្ដល់ភាពងាយស្រួលនៅក្នុងការសិក្សា។ ហើយឡូហ្គូ ដែលមានទិស៤នេះ មានន័យថាផ្លូវ៤ បើកទូលាយឲ្យរៀនតាមចិត្ត ដែលបើកជាទម្រង់សៀវភៅ ដែលវាតំណាងឲ្យធនធាន និងប្រភពនៃចំណេះដឹង។

ស្ថាបនិកគម្ពីរ លោក ធុល រិទ្ធី (កណ្ដាល) និងសហការី (រូបភាព៖ ហ្វេសប៊ុក Koompi)

ស្ថាបនិកគម្ពីរ លោក ធុល រិទ្ធី បានប្រាប់វី.អូ.ឌី ឲ្យដឹងថាគំនិតដែលបង្កើត កុំព្យូទ័រយួរដៃ ដែលមានឈ្មោះថាគម្ពីរ ឡើងដោយសារតែមើលឃើញពីជំនាន់មុនរៀនដោយសៀវភៅតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយបច្ចុប្បន្ននេះបច្ចេកវិទ្យាបានវិវត្តទៅមុខហើយកុំព្យូទ័រអាចផ្ទុកឯកសារបានរាប់សិបម៉ឺន ព្រមទាំងអាចផ្ទុកទិន្នន័យមេរៀននៅក្នុងនោះបានផងដែរ។ ដូច្នេះ លោកក៏ចង់បង្កើតនូវកំព្យូទ័រមួយធូរថ្លៃដែលអាចបំពេញតម្រូវការប្រជាជនបានគ្រប់គ្នា។

ទី១ គឺវាជាឧបករណ៍ឲ្យសិស្សរៀនតាមគម្ពីរ (កុំព្យូទ័រ) នេះ ដោយយកវាទៅសាលាដោយមិនចាំបាច់យកសៀវភៅទៅតាមទៀត ដោយគ្រាន់តែតម្លើង និងទាញយកមេរៀនដាក់ចូលនៅក្នុងកុំព្យូទ័រជាការស្រេច ដែលអាចឲ្យសិស្សានុសិស្សអាចយកទៅអានបានគ្រប់ទីកន្លែង […] ។ គោលបំណងទី២ គឺតម្លៃវាសមរម្យដែលអាចទទួលយកបានក្រោម៤០០$ តែប៉ុណ្ណោះ បើធៀបជាមួយកំព្យូទ័រផ្សេងមានតម្លៃចាប់ពី៨០០$ឡើងទៅ

ស្ថាបនិកគម្ពីរ លោក ធុល រិទ្ធី 

គំនិតនៃការបង្កើតគម្ពីរនេះត្រូវបានចាប់ផ្ដើមឡើងនៅឆ្នាំ២០១២ និងចាប់ផ្ដើមបង្កើត System នៅឆ្នាំ២០១៧ ដោយសារតែនៅក្នុងកំឡុងពេល២០១២ ដល់២០១៤ ជារយៈពេលនៃការស្រាវជ្រាវនិងជាការអភិវឌ្ឍន៍នៃគម្រោងមួយនេះ។

ជុំវិញការបង្កើតកំព្យូរទ័រនេះឡើងមានការជួបប្រទះនូវបញ្ហាជាច្រើន  ដោយសារតែមានអ្នកយល់ច្បាស់ពីគម្រោងនេះមានតែ៣នាក់ប៉ុណ្ណោះ។ ក្រៅពីនោះ អ្នកផ្សេងៗទៀត គ្រាន់តែជួយទំនុកបំរុង និងផ្ដល់ជាគំនិតប៉ុណ្ណោះ។ ហើយនៅក្នុងគម្រោងនេះដែរ មិនមាន អ្នកវិនិយោគណាមកចូលរួមនោះឡើយ ដោយមានត្រឹមតែការចូលរួមពី Smallworld ប៉ុណ្ណោះ។

តាមពិតទៅតាំងពីដើមមកមានតែបីនាក់ទេដែលបង្កើត ពីព្រោះអត់មានអ្នកយល់ពីវា អ្នកផ្សេងៗគ្រាន់តែជួយគាំទ្រ និងដំណើរការ Smallworld ហើយជួយផ្ដល់គំនិត។ អ្នកដែលបង្កើតមែនទែនមានតែ២នាក់ទេ មួយផ្ដោតទៅលើ System និង Hardware និងម្នាក់ទាក់ទងជាមួយ Interface ហើយខ្ញុំជាអ្នករៀបចំ System ទាំងមូល ហើយនឹងទំនាក់ទំនងជាមួយរោងចក្រនៅចិនថា Hardware ត្រូវជាមួយអ្វីដែលយើងចង់បាន ហើយជាអ្នកចេញលុយ

ស្ថាបនិកគម្ពីរ លោក ធុល រិទ្ធី 

លោក ធុល រិទ្ធី​​​ បានបន្ថែមថា មូលហេតុចំបងដែលជម្រុញឲ្យស្ថាបនិកកំព្យូទ័របង្កើតស្នាដៃនេះឡើង ដោយសារតែលោកចង់ប្រើប្រាស់វាសម្រាប់ជាប្រយោជន៍ឲ្យវិស្វករបច្ចេកវិទ្យាជំនាន់ក្រោយ ដើម្បីជាអ្នកដោះស្រាយបញ្ហា អ្នកសិក្សាស្រាវជ្រាវ ដែលទស្សនៈវិស័យរបស់លោកចង់ឲ្យអ្នកប្រើប្រាស់សម្មិតផលនេះចេះផលិតនូវសមិទ្ធផលថ្មីដែលកាន់ប្រសើរឡើងជាងគាត់។

លោកបានបន្ថែមថា៖ “គោលដៅរបស់ពួកយើងគឺមនុស្សអាយុក្រោម២៥ឆ្នាំ អាចប្រើកុំព្យូទ័រនេះ ទៅហើយរៀនប្រើឲ្យចេះ ហើយជួយជំនាន់ក្រោយឲ្យមានគំនិតកាន់តែច្រើន ហើយអាចជម្រុញឲ្យមានការស្រាវជ្រាវឲ្យកាន់តែច្រើនទៀត វាគ្រាន់បើជាងប្រើរបស់គេ”។

គម្ពីរ កំព្យូទ័រ មានរូបរាងស្ដើងស្រាល ទម្ងន់ ១.៤គីឡូក្រាម អាចកាន់ថ្មបានរយៈពេលយូររហូតដល់៧ម៉ោង និងមានល្បឿនលឿន។ ចំពោះក្ដារឆ្នួន (keyboard) ក៏ជាស្នាដៃរបស់កូនខ្មែរជាអ្នកបង្កើតផងដែរ ដោយkoompi បានសហការណ៍គ្នាជាមួយក្រុមខ្មែររីស៊ិម “Khmerism”។ Koompi បានសហការ ជាមួយក្រុមហ៊ុនមួយនៅប្រទេសចិនដើម្បីតម្លើងកុំព្យូទ័រ។

បច្ចុប្បន្ននេះ Koompi បានដាក់ឲ្យបញ្ជាទិញនៅតាមវេបសាយរបស់ខ្លួនគឺ koompi.com ចាប់តាំងពីដើមខែកក្កដានេះ រហូតដល់ចុងខែវិច្ឆកានេះ។ មកទល់ពេលនេះKoompi ត្រូវបានទទួលបញ្ជាទិញជាង១០០គ្រឿងមកហើយ។ នៅចុងឆ្នាំ២០១៨នេះ Koompi នឹងយកមកប្រគល់ជូនដល់អ្នកបញ្ជាទិញទាំងអស់។

អតិថិជនគម្ពីរម្នាក់ លោក សុខ លីម បានបញ្ជាទិញកុំព្យូទ័រចំនួន១០គ្រឿង ព្រោះលោកចង់គាំទ្រស្នាដៃកូនខ្មែរ និងមានសេចក្ដីរីករាយចំពោះបច្ចេកវិទ្យាថ្មីនេះ។

លោកបានបញ្ជាទិញកុំព្យូទ័រ សំរាប់លើកទឹកចិត្តដល់សិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិ​​​ដោយទទួលបានពិន្ទុខ្ពស់ក្នុង និទ្ទេសA ចំនួន១០នាក់។

ពីព្រោះថាគម្ពីរជាស្នាដៃកូនខ្មែរផលិតនៅលើទឹកដីខ្មែរជាលើកដំបូង។​​ទីពីរផលិតផលគម្ពីរគាត់មានចំណុចពិសេសដែលអាចប្រើជា​​​លក្ខណៈកូនកាត់ Windowផង និងអាចជាMacផង។ ទីបី គំាទ្រលើកទឹកចិត្តបងប្អូនដែលខំប្រឹងរៀន ចង់ឲ្យឃើញថាពេលដែលគាត់ខំរៀនសូត្រ […]គាត់និងទទួលបានការស្រឡាញ់ យោគចិត្តទុកដាក់ និងការគាំទ្រ […]  ទោះបីជាមនុស្សមិនស្គាល់គ្នាក៏ដោយ និង លើកទឹកចិត្តដល់អ្នកថ្មីៗទៀតដែលគាត់មានគំនិតផលិត បង្កើតអ្វីដែលជារបស់ខ្មែរ ទៅលើធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យា

អតិថិជនគម្ពីរម្នាក់ លោក សុខ លីម

និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក លឹម ប្រសើរ បានសម្ដែងការពេញចិត្តចំពោះការផលិតកុំព្យូរទ័រថ្មីនេះ ប៉ុន្ដែទន្ទឹមនឹងការសាទរចំពោះស្នាដៃរបស់កូនខ្មែរនេះ លោក ក៏មានការព្រួយបារម្ភចំពោះគុណភាពរបស់កុំព្យូទ័រនេះផងដែរ ដោយសារតែវាជាការបង្កើតលើកដំបូងរបស់ខ្មែរ។

ជាទូទៅការបារម្ភវាមានហើយ មួយវិញទៀតដោយសារតែយើងទើបតែបង្កើត អាចមិនល្អដូច ប្រ៊េនគេដែលមានស្រាប់ដូចជា កំព្យូទ័រ DELL ASUS APPLE អីចឹង តែវាជារឿងធម្មតាដែលជៀសមិនផុតពីការប្រកួតប្រជែងបរទេស

និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក លឹម ប្រសើរ 

លោកបានបន្ថែមថា ប្រសិនបើគាត់មិនទាន់ទិញកុំព្យូទ័រ ដែលគាត់កំពុងប្រើរាល់ថ្ងៃ គាត់នឹងទិញគម្ពីរនេះមកប្រើប្រសិនបើវាមានគុណភាព និងតម្លៃប្រហាក់ប្រហែលគ្នាបើធៀបទៅនឹងកុំព្យូទ័របរទេស ពីព្រោះគាត់ចង់លើទឹកចិត្ត គំនិតជាតិនិយមខ្មែរត្រូវគាំទ្រខ្មែរ ដែលអាចជម្រុញឲ្យគាត់មានគំនិតច្នៃប្រឌិត ដើម្បីឲ្យមានភាពប្រសើរឡើង។

ក្រៅពីការបង្កើតកំព្យូទ័រ កូនខ្មែរ ក៏ធ្លាប់ផលិតបានរថយន្ដដែលជាសម្មិតផលស្នាដៃរបស់ខ្មែរផងដែរ។ លោក ញាន ផល្លិត ផលិតកររថយន្ដអង្គរ បានបង្កើតរថយន្ដដើរដោយពន្លឺព្រះអាទិត្យ ដែលបានផលិតជាច្រើនសេរីរួចមកហើយ។ ក្នុងឆ្នាំ២០១៧កន្លងមកនេះក៏បានបញ្ចេញសេរីថ្មីទៅកាន់ទីផ្សារផងដែរ ដែលមានតម្លៃក្រោម១ម៉ឺនដុល្លារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ