ចិនស្នើទៅអាជ្ញាធរខេត្តព្រះសីហនុការពារសន្តិសុខអ្នកវិនិយោគចិន

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក លោក ជា លី ភារៈធារី នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ)

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានស្នើទៅអាជ្ញាធរខេត្តព្រះសីហនុឲ្យជួយការពារសន្តិសុខសុវត្ថិភាពដល់អ្នកវិនិយោគចិន ខណៈខេត្តមួយនេះត្រូវបានគេមើលឃើញថា កើតឡើងបទល្មើសច្រើនដែលបង្កដោយជនជាតិចិនកំពុងរស់នៅទីនោះ។

សាលាខេត្តព្រះសីហនុបានផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីថ្ងៃច័ន្ទ គណៈប្រតិភូនៃស្ថានទូតចិនប្រចាំកម្ពុជាដឹកនាំ ដោយលោក Li Jie បានជួបជាមួយអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដើម្បីពិភាក្សាលើកិច្ចការពារចំពោះអ្នករកស៊ីនិងជនជាតិចិនកំពុងស្នាក់នៅក្នុងខេត្តនេះ។

សាលាខេត្តបានបញ្ជាក់ថា ក្នុងជំនួបនោះ លោក Li Jie បានស្នើទៅ លោកយន្ត មីន ជួយការពារសន្តិសុខសុវត្តិភាពដល់អ្នកវិនិយោគចិន និងត្រូវផ្តល់ដំណឹងដល់ស្ថានទូតផងដែរ ប្រសិនបើមានជនជាតិចិនណាបង្កបញ្ហាក្នុងខេត្តព្រះសីហនុ ដោយថា ដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យសាធារណៈជនទូទៅមានទំនុកចិត្ត។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរដែនដីលោកបានត្រៀមរួចជាស្រេចក្នុងការការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ដែលមកលេងកំសាន្ត មករកស៊ី និងស្នាក់នៅជាដើម ដោយមិនប្រកាន់ពូជសាសន៍ឡើយ។

យើងសូមធានាចំពោះសន្តិសុខសុវត្ថិភាពជូនទាំងពលរដ្ឋខ្មែរ អ្នកវិនិយោគ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ខេត្តព្រះសីហនុមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខសុវត្ថិភាព សូមកុំមានការព្រួយបារម្ភ

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន

បើតាមសាលាខេត្តព្រះសីហនុ ក្រៅពីប្រតិភូពីស្ថានទូតចិនក៏មានប្រតិភូចិនមកពីខេត្តណាននីង ដែលដឹកនាំដោយ លោក     Liu Xoing អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៏ នៃសភាប្រជាជនក្រុងណាននីង បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែកក្កដានោះដែរ។

សាលាខេត្តបញ្ជាក់ថា ក្នុងជំនួបរវាង លោក Liu Xoing និងលោក យន្ត មីន គឺមានគោលបំណងសំខាន់ជូនដំណឹងអំពី ដំណើរការសាងសង់សួនច្បារមិត្តភាពព្រះសីហនុ ណាននីង និងអញ្ជើញអភិបាលខេត្តព្រះសីហនុរូបនេះ ឲ្យចូលរួមក្នុងកម្មវិធីពិពរណ៏ចិន អាស៊ាន (China-AseanExpo) និងពិពរណ៏សួនច្បារអន្តរជាតិ (GardenExpo) នៅទីក្រុងណាននីង​នៅខែកញ្ញាខាងមុខនេះដែរ។

លោក យន្ត មីន អះអាងថា ខេត្តព្រះសីហនុបច្ចុប្បន្នមានក្រុមហ៊ុនមកវិនិយោគច្រើន ក្នុងនោះក្រុមហ៊ុនមកប្រទេសចិនច្រើនជាងគេមានប្រមាណពី៦០%ទៅ៧០%។

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់ការសែតភ្នំពេញប៉ុសិ៍ថា បច្ចុប្បន្នជនជាតិចិនដែលមករស់នៅខេត្តព្រះសីហនុរយៈពេលវែង និងខ្លីមានប្រហែល៤ម៉ឺននាក់ ក្នុងនោះមានអ្នកវិនិយោគ២ម៉ឺននាក់។

កន្លងមកសារព័ត៌មានបានចុះផ្សាយជាច្រើន អំពីបទល្មើសកើតឡើងក្នុងខេត្តព្រះសីហនុ ដែលបង្កដោយជនជាតិចិនរស់នៅទីនោះ ហើយកាលពីចុងខែមករា អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ​ក៏បានផ្ញើរបាយការណ៍មួយទៅក្រសួងមហាផ្ទៃដោយបារម្ភពីបញ្ហាសន្តិសុខដោយកំណើនជនបរទេសច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ