ពលរដ្ឋដែលថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ទារសំណងមុនបោះឆ្នោត

ពលរដ្ឋមកពីខេត្តកោះកុង ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន​ UDG (រូបភាព៖ ឃុត សុគន្ធ)

ពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុង ដែលថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លោក លី យ៉ុងផាត់ ជំរុញទៅអាជ្ញាធរនិងក្រុមហ៊ុនពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់គាត់ឲ្យបានមុនបោះឆ្នោត។

ពលរដ្ឋម្នាក់អ្នកស្រី ម៉ៃ ពៅ ប្រាប់វីអូឌីថា នៅថ្ងៃនេះអ្នកភូមិ២២គ្រួសារនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ដែលមិនទាន់ទទួលបានដំណោះស្រាយរឿងវិវាទដីធ្លីបានប្រមូលផ្តុំគ្នាបោះទីតាំងខាងលើដែលមានជម្លោះ ខណៈអាជ្ញាធរខេត្ត និងភាគីក្រុមហ៊ុនពន្យារពេលដោះស្រាយបញ្ចប់វិវាទ។

អ្នកស្រីបន្តថា ក្រុមអ្នកភូមិទាមទារទៅភាគីពាក់ព័ន្ធដោះស្រាយសំណងជូនឲ្យបានមុនថ្ងៃបោះឆ្នោត ដោយបារម្ភខ្លាចពេលបោះឆ្នោតរួចអាជ្ញាធរមិនដោះស្រាយឲ្យពួកគាត់។

ពួកខ្ញុំអស់ទាំងគ្នាដែលមាន​ក្រដាសស្នាមទាំងប៉ុន្មាន បានផ្ញើក្រដាសស្នាមនោះទៅឲ្យភូមិឃុំ ខេត្ត ក្រសួងរៀបចំដែនដី ក្រសួងបរិស្ថានអស់ហើយ។ ហេតុអ្វីនៅតែមិនដោះស្រាយឲ្យពួកខ្ញុំទៀតអញ្ចឹង? ពួកខ្ញុំដឹងថា គេសន្យាដោះស្រាយឲ្យថ្ងៃនេះ ថ្ងៃនោះ បើនិយាយទៅវាច្រើនឆ្នាំដែរ នៅតែមិនព្រមដោះស្រាយឲ្យទៀត។ ហើយឥលូវក្រុមហ៊ុនលោក លី យ៉ុងផាត់ គាត់បានឈួសឆាយ និងព័ទ្ធរបងជុំវិញដីខ្ញុំអស់ហើយ

ពលរដ្ឋម្នាក់អ្នកស្រី ម៉ៃ ពៅ

ស្រ្តីរូបនេះបន្តថា ក្រោយតវ៉ាជាង១០ឆ្នាំមិនទទួលបានដំណោះស្រាយ ក្រុមអ្នកភូមិបានប្តូរជំហរទាមទារសំណង ដោយកាលពីពេលមុខ​ ពលរដ្ឋទាមទារសំណងជាដីធ្លីត្រឡប់មកវិញ ប៉ុន្តែពេលនេះពួកគាត់ទាមទារជាប្រាក់វិញ គឺក្នុងមួយគ្រួសារ ១២លានរៀល  ខណៈក្រុមហ៊ុនបានបោះរបងហ៊ុម​ព័ទ្ធដីរបស់ពួកគាត់រួចអស់ហើយនោះ។

វីអូឌីមិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានជុំវិញបញ្ហានេះទេ។​

តំណាងក្រុមហ៊ុនដែលប្រាប់ថា ឈ្មោះ ស៊ីថា អះអាងថា ក្រុមហ៊ុនមិនបានព្រងើយកន្តើយក្នុងការដោះស្រាយនោះទេ ប៉ុន្តែសុំឲ្យពលរដ្ឋបង្ហាញឯកសារ កាន់កាប់​ឲ្យបានច្បាស់លាស់ជាមុនសិន និងត្រូវបង្ហាញចំនួនប្រជាពលរដ្ឋឲ្យបានច្បាស់លាស់។

លោកបន្តថា ករណីក្រុមពលរដ្ឋទាមទារដោះស្រាយឲ្យបានមុនថ្ងៃបោះឆ្នោតនោះគឺមិនអាចធ្វើបាននោះទេ ព្រោះក្រុមហ៊ុនត្រូវ​ស្រាវ ជ្រាវរកភាពច្បាស់លាស់នៃការកាន់កាប់ដីធ្លីរបស់ពលរដ្ឋទាំងនោះសិន។

បញ្ហានៅត្រង់ថា ការដោះស្រាយយើងត្រូវការភាពច្បាស់លាស់ ពួកគាត់មិនអាចថា ម្តង២២ ម្តង២៣ ម្តង២៤ គ្រួសារបានទេ ព្រោះកាលគាត់ឡើងទៅក្រសួងបរិស្ថានគាត់ មានតែ២២គ្រួសារទេ ដល់ពេលខ្ញុំចុះទៅដល់ជាក់ស្តែងមាន៣០គ្រួសារណោះ ។ ​អញ្ចឹងកាលណាError(មិនប្រប្រតី)​ទិន្នន័យចឹង យើងត្រូវការស្រាវជ្រាវឲ្យច្បាស់លាស់។ ហើយដើម្បីដោះស្រាយបញ្ចប់គាត់ យើងត្រូវការសារព័ត៌មាន និងអាជ្ញាធរទាំងអស់ដើម្បីបញ្ជាក់ថា យើងបានដោះស្រាយចប់ហើយ ដើម្បីជៀសវាងការដោះស្រាយ គាត់ថានៅនេះ នៅនោះទៀត។ និយាយទៅខាងក្រុមហ៊ុនមានឆន្ទៈដោះស្រាយ​ហើយ ប៉ុន្តែពួកគាត់បង្ខំយើងហ្មង! គាត់ថាត្រូវដោះឲ្យគាត់ដោះឲ្យមុនបោះអីអញ្ចឹងហាស

តំណាងក្រុមហ៊ុនដែលប្រាប់ថា ឈ្មោះ ស៊ីថា

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះលោកសង្កេតឃើញរដ្ឋាភិបាលដោះស្រាយបញ្ចប់វិវាទដីធ្លីបានច្រើន ។

កាលណាតែដោះស្រាយមិនចប់ ហើយពលរដ្ឋឡើងតវ៉ាបន្ត វាប៉ះពាល់ច្រើនណាស់។ ទី១ ជីវភាពរបស់ពលរដ្ឋ។ បញ្ហាទី២ វាធ្វើឲ្យមានបាតុភាពនៃការកើតឡើង ដោយសារតវ៉ាវាធ្វើប៉ះពាល់ដល់មុខមាត់អាជ្ញាធរ ប៉ះពាល់រដ្ឋាភិបាលដែរ។  ហើយបញ្ហាទី៣សំខាន់ បើមានការតវ៉ាច្រើន វាច្បាស់ជាមានការលាបពណ៌ដាក់គ្នា ដែលជះឥទ្ធិពលមិនល្អសម្រាប់យើង

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត

កាលពីខែមុខ ពលរដ្ឋជាង៥០នាក់តំណាងឲ្យពលរដ្ឋ២១០គ្រួសារមកពីស្រុកគីរីសាគរ ខេត្តកោះកុង មានបញ្ហាជម្លោះដីជាមួយក្រុមហ៊ុនញ៉ូញៀន របស់ចិន និងក្រុមហ៊ុន SEZ របស់លោក លីយ៉ុងផាត់ តាំងពីឆ្នាំ ២០០៨ បានប្រមូលផ្តុំគ្នាតវ៉ាមុខ ក្រសួងបរិស្ថានខណៈវិវាទនោះអូសបន្លាយ១០ឆ្នាំពុំមានដំណោះស្រាយពីអាជ្ញាធរថ្នាក់ក្រោម។ ក្រោយការតវ៉ានេះ អាជ្ញាធរបានសម្របសម្រួសជាមួយភាគីក្រុមហ៊ុនដោះស្រាយសំណងជូនពលរដ្ឋបានមួយភាគធំ ដោយសល់ពលរដ្ឋតិចតួចប៉ុណ្ណោះមិនទាន់ដោះស្រាយចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ