ប្រធាន​បក្ស​សំបុក​ឃ្មុំពិចារណា​ដកខ្លួនពី​នយោបាយ​បន្ទាប់​ពី​ខក​ចិត្ត​នឹង​លទ្ធផល​ឆ្នោត

លោក ម៉ម សូណង់ដូ (រូបថត៖ ទេព សូនី)

ប្រធាន​គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យថា ​លោក​នឹង​ពិចារណា​ដកឃ្លា​ពី​ឆាក​នយោបាយក​ម្ពុជា​បន្ទាប់​ពី​លោក​ខក​ចិត្តនឹង​លទ្ធ​ផល​បោះ​ឆ្នោត​​​ជ្រើស​តាំងតំណាង​រាស្ត្រអាណត្តិ​ទី​៦ឆ្នាំ​២០១៨នេះ។

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ ចេញ​ផ្សាយ​ដោយគ.ជ.ប កាល​ពី​ម្សិល​មិញ​បង្ហាញ​ថា​គណបក្ស​សំបុក​ឃ្មុំ​ដែល​ដឹក​នាំ​ដោយ​អ្នកនយោបាយ​ចាស់​វស្សា​ម្នាក់​គឺ​លោក​ម៉ម សូណង់​ដូ បាន​ទទួល​ការគាំទ្រ​ពីពល​រដ្ឋទូ​ទាំង​ប្រទេស​តែ​ជាង​៥ម៉ឺនសំឡេង​​ប៉ុណ្ណោះ។

ថ្លែង​ប្រាប់​ VOD នៅថ្ងៃ​នេះ​ប្រធាន​បក្ស​សំបុក​ឃ្មុំសង្គមប្រជាធិបតេយ្យ​លោក ម៉ម សូណង់​ដូ ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨នេះ​​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ជា​ខ្លាំង​ នឹង​មាន​អារម្មណ៍​ថា​ខ្មាសខ្លួន​ឯង ខណៈ​ដែល​លោក​ខំ​ប្រឹង​ពន្យល់​ពល​រដ្ឋ​ពី​បញ្ហា​នឹង​ដំណោះ​ស្រាយសំរាប់​ពួកគេ​បែរ​ជា​មិន​ត្រូវ​បាន​ពល​រដ្ឋ​ពិចារណា ដែល​ធ្វើ​ឲ្យ​លោក​​ចង់​ដក​ឃ្លាពីឆាក​នយោបាយ​កម្ពុជា។

ដល់​សម្រេច​សម្រួល​អ្នក​គាំទ្រ​មាន​តែជាង​៥​ម៉ឺននាក់ ដូច​ប្អូនសួរ​ពូ​អំបាញ់​មិញ​ចឹង​ វា​ធ្វើឲ្យពូចង់​សើច​ផង។ ប្រជា​ពល​រដ្ឋ​យំ​ស្រែ​ក​រឿង​ទុក្ខ​វេទនា​​ យំស្រែក​រឿង​ចាស់​ជរា​ដល់​ពូរក​ផ្លូវ​មួយ​សម្រាប់​ជួយ​ដល់​ពួក​អ្នក​ទាំង​អស់​ហ្នឹង តែ​បែរជា​លទ្ធផល វា​ទៅ​ជា​ផ្ទុយ​ទៅ​វិញ។ ពូមិន​បន្ទោស​ទេ អាហ្នឹងវា​ជា​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋចង់​បាន​អញ្ចឹង​ ប្រាកដជា​អនាគតចង់​បាន​អញ្ចឹង​ហើយ! វា​ធ្វើ​ឲ្យ​ពូធ្វើ​ការ​ពិចារណា​ខ្លួន​ឯង​វិញ​ទេបញ្ហា​ហ្នឹង! យើង​ចង់​ឲ្យ​គេ​ស្រួល​តែ​គេ​មិន​ចង់​ស្រួល​យើង​ទៅ​បង្ខំគេ​មិច​កើត

ប្រធាន​បក្ស​សំបុក​ឃ្មុំសង្គមប្រជាធិបតេយ្យ​លោក ម៉ម សូណង់​ដូ

ស្រប​ពេល​​ដែល​លោក​ខក​ចិត្ត​នឹង​លទ្ធ​ផល​ឆ្នោត​អាណត្តិ​នេះ​លោក​ម៉ម សូណង់​ដូ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថាគណបក្ស​លោក​នឹង​ពិចារ​ណា​​ពី​ការ​មិន​រួម​ការ​បោះឆ្នោតអាណត្តិ​​ខាង​មុខ​ផង​ដែរ ខណៈ​នៅ​ពេល​នេះ​ការ​ចុះ​មូល​ដ្ឋាន​ជួប​ពល​រដ្ឋ​ត្រូវ​បាន​ផ្អាក​នោះ។

លោក​ម៉ម សូណង់ដូ មាន​​អាយុ​៧៨​ឆ្នាំ បាន​ប្រលូក​ចូល​ឆាក​នយោបាយ​កម្ពុជា​ដោយ​បាន​បង្កើត​គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ចូល​រួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ និង​បាន​រំ​លាយ​បក្ស​នេះ​វិញ​បន្ទាប់​ពីបរាជ័យ​ក្នុង​ការ​បោះឆ្នោត​ ក្នុង​ឆ្នាំ​២០១៤លោក​បាន​បង្កើត​បក្ស​នេះ​ឡើង​វិញ​ នៅ​ឆ្នាំ​២០១៧​លោក​ធ្លាប់​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ម្តង​ទៀត​បន្ទាប់​ពី​បក្ស​លោក​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ មាន​ប្រសាសន៍​ថា​ការ​សម្រេច​ចិត្ត​បន្ត​ ឬ​ឈប់​គឺ​ជា​សិទ្ធិ​របស់​អ្នក​នយោបាយ​ផ្ទាល់​ខ្លួន តែ​លោក​ឲ្យ​ជា​យោ​បល់​ថាចៀស​វាង​ការ​បះបង់​ចោល​ អ្នក​នយោបាយ​គួរ​តែចង​សម្ព័ន្ធ​ជា​មួយ​បក្ស​ផ្សេងៗ​ដើម្បី​ឲ្យ​មាន​សំឡេង​ធំ​ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នោះ​ជា​ការ​ល្អ។

បើ​សិន​ជា​យល់​ឃើញ​ខ្លួនគាត់​មិនអាច​ទប់​ទល់​ទេ! គាត់​គួរ​តែ​បំបែក​ខ្លួន​ទៅ​ចូល​ជា​មួយ​បក្សប្រជា​ធិបតេយ្យ​ណា​មួយ​ដែលគាត់​យល់​ថា​អាច​មាន​សមត្ថភាព​អាច​ប្រកួតជា​មួយ​បក្ស​កាន់អំណាចបាន បើ​សិន​ជា​គាត់​ចូល​អត់​បាន​ទេ​។ មាន​ន័យ​ថា​គាត់​បង្កើត​បក្ស​ហ្នឹង​ចូល​រួម​ប៉ុន្មាន​ឆ្នាំ​ទៀត​ក៏​អត់​អាច​ទៅ​រួចដែរ

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ

លោក ម៉ម សូណង់ដូ ត្រូវបានគេស្គាល់លោក​តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើបទ​ស​ម្ភា​ស​ន៍​ទា​ក់ទិននឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស ​តាមរយៈ​កំណាព្យ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “តើ​ខ្ញុំ​អាច​រស់​បាន​ដល់​ពេល​ណា?“។ លោក​ត្រូវបានតុ​លាកា​​រចាប់ដាក់​ពន្ធ​នា​​​គា​រចំនួន ៣ដង​រួច​មក​ហើយ ​ក្នុង​សំណុំ​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជាអំឡុងឆ្នាំ២០០៣ សំណុំ​រឿ​​ង​​​​​​​សន្ធិ​​​ស​ញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គមន៍​នៅឃុំប្រម៉ា​​ក្នុង​​​ខេត្តក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ