ស៊ើបអង្កេត៖ គ្រឿងទេសក្លែងក្លាយនិងផលិតផលគ្មានគុណភាព បង្កហានិភ័យដល់សុខភាព ខណៈការគ្រប់គ្រងនៅមានកម្រិត

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចុះបង្ក្រាបទីតាំងផលិតគ្រឿងទេសមួយកន្លែង នៅខណ្ឌព្រែកព្នៅ ថ្ងៃទី ១ មីនា ២០១៨ (រូបភាព៖ ខ្លីខ្លី)

នៅឯផ្ទះទាម ដំបូលប្រក់ស័ង្កសី ដែលអាចសម្លឹងពីមុខធ្លុះដល់ក្រោយ ស្ត្រីវ័យកណ្តាលម្នាក់ កំពុង​មមាញឹក ទាញយកគ្រឿងទេសជាច្រើនមុខ មកបន្ថែមក្នុងម្ហូបរបស់ខ្លួនដែលកំពុងចំអិន។

គ្រឿងទេសដែលតម្រៀបគ្នាលើតុក្បែរចង្ក្រានបាយទាំងនោះ បានជួយបន្ថែមរស់ជាតិម្ហូបអាហាររបស់គាត់ ឱ្យមានខ្លិន​ប្រហើយឆ្ងុយ ប៉ុន្តែ គាត់មិនដឹងថា ផលិតផលដែលគាត់កំពុងប្រើនោះ​មាន​គុណ​ភាព​យ៉ាង​ណា​នោះ​ទេ។

លាយឡំនឹងផ្សែងដែលបកឡើងខ្មួរខ្មាញ់ចេញពីផ្ទះបាយ ស្រី ណុច គឺជាស្ត្រី​មេផ្ទះ​ដ៏ចំណានម្នាក់​សម្រាប់គ្រួសារ នាងតែងតែប្រើប្រាស់នូវគ្រឿងទេសជាច្រើនមុខ សម្រាប់ផ្សំក្នុងមុខម្ហូបប្រចាំថ្ងៃរបស់​ នាង។ ក្រៅពីអំបិល ប៊ិចចេង ស្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ដែលជាគ្រឿងផ្សំបន្ថែមមិនអាចខ្វះបាន ដើម្បី​បន្ថែមរស់ជាតិអាហារបីពេលរបស់គ្រួសារនាង។

ដកឃ្លាក្រោយពីការចំអិនអារហាររួច​ ស្រីណុច បាន​ងាក​មក​និយាយថា ការខ្លួន ប្រើប្រាស់គ្រឿងទេស​ទាំងនេះ​ ដើម្បីបន្ថែមរស់ជាតិក្នុងមុខម្ហូបរបស់ខ្លួន ឱ្យកាន់តែមានខ្លិន និងរស់ជាឆ្ងាញ់។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ទឹកត្រីក៏ដោយ ទឹកម្ទេស ឬទឹកស៊ីអ៊ីវក៏ដោយ ក្រៅពីដាក់ចូលក្នុងម្ហូប ក៏អាចបន្ថែមខាងក្រៅ សម្រាប់​មនុស្សទូទៅ ដែលយល់ចិត្តរស់ជាតិខុសគ្នាដែរ។

អ្នកស្រីនិយាយបន្តថា ជាទូទៅ អ្នកស្រី មិនបានដឹងច្បាស់ពីគុណភាពយ៉ាងនោះទេ ពេលទៅ​ទិញ​នៅតាម​ទីផ្សា​រ​ម្តងៗ គឺពិនិត្យទៅលើតែ កាលបរិច្ឆេតកំណត់តែប៉ុណ្ណោះ ព្រោះគិតថា ឱ្យតែរបស់ដែលមិនផុតកាល​បរិច្ឆេត គឺវាអាចប្រើបាន ដោយមិនបានដឹងថាផលិតផលណាមានជាតិគីមី ឬគ្មានគីមីនោះទេ។

ដោយសារតែគ្រឿងទេសទាំងអស់ហ្នឹង មានលក់់នៅក្នុងទីផ្សារ នៅក្នុងប្រទេសកម្ពុជា គ្រប់ទីកន្លែង ខ្ញុំ​មិនអាចទិញរបស់ផ្សេងបាន ហើយណាមួយតម្លៃវាធូរថ្លៃទៀត

អ្នកស្រី ស្រី ណុច ជាស្ត្រីមេផ្ទះ

ទោះបីគ្រួសាររបស់​ស្រីណុចប្រើ​ប្រាស់​របស់​ទាំងនោះ មានកាលបរិច្ឆេត​ក៏ដោយ​ក៏មានការបារម្ភផងដែរ ចំពោះសុខ​ភាពខ្លួន និងក្រុមគ្រួសារ ពីការប្រើប្រាស់ផលិតផលគ្រឿងទេស ដែលមានសារធាតុគីមី តែ​ដោយ​​សារតែគ្មានជម្រើ ព្រោះផលិតផលទាំងនោះ មានស្ទើគ្រប់កន្លែង និងមិនអាចបែងចែកដាច់ ខណៈ​វា​មាន​តម្លៃថោក។

ខ្ញុំសំណូមពរទៅមន្ត្រីគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនៅក្នុងការពិនិត្យផលិតផល​គ្រឿងទេស​ទាំងអស់​នោះ ឱ្យពួកគាត់ជួយ ចាត់វិធានការ ត្រួតពិនិត្យឱ្យបានល្អ ដើម្បីចែកចាយឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសកម្ពុជា​ហ្នឹង ឱ្យគាត់មានទំនុបចិត្ត ដោយការញុំាគ្រឿងទេសទាំងអស់ហ្នឹងផង

អ្នកស្រី ស្រី ណុច ជាស្ត្រីមេផ្ទះ

ជាទូទៅ ការប្រើប្រាស់គ្រឿងទេសទាំងនោះ មិនត្រឹមតែគ្រួសារស្រី ណុច ទេដែលមានតម្រូវការបែបនេះ ស្ទើរគ្រប់ក្រុមគ្រួសារខ្មែរទូទៅ គឺតែងតែប្រើប្រាស់នូវគ្រឿងទេសជាប្រចាំថ្ងៃ។

ស្ថិតក្នុងសំលៀកបំពាក់ស្អាតបាត ទឹកមុខស្រស់ស្រាយ ស្រី ទូច គឺជាស្ត្រីម្នាក់​ដែលចូលចិត្តប្រើប្រាស់​ទឹក​ត្រី ​ច្រើនជាងប្រើអំបិល នៅក្នុងការចំអិនម្ហូបប្រជាថ្ងៃរបស់ខ្លួន។ រាល់មុខម្ហូបដែលខ្លួនចំអិន គឺមិនដែល​គ្មានទឹកត្រីនោះទេ ព្រោះតែខ្លួនប្រើប្រាស់ក្លាយទៅជាទំលាប់តាមដូនតាមកហើយ។

ស្ត្រីរាងស្តើង សម្បុរសរូបនេះ បានរៀបរាប់បន្តថា កាលដែលខ្លួននៅក្មេង ម្តាយរបស់ខ្លួន តែងតែផលិត​ទឹកត្រី​សម្រាប់ប្រើប្រាស់ដោយខ្លួនឯង។ តែបច្ចុប្បន្ន ក្រោយពីផ្លាស់ទីលំនៅ ឃ្លាតឆ្ងាយម្តាយ ខ្លួនតែងតែ​ប្រើប្រាស់​ទឹកត្រី ដែលទិញមកពីទីផ្សារជារៀងរាល់ថ្ងៃ ដោយគ្រាន់តែរយៈពេល១០ថ្ងៃ ខ្លួនប្រើប្រាស់​ទឹក​ត្រី​អស់មួយដប។

បើទោះជាស្ថិតក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងទេសទាំងនេះជាប្រចាំ តែស្រីទូច បែរជាមានការខ្លាចរអា និង​មានការប្រុងប្រយ័ត្នឡើងវិញ បន្ទាប់ពីប្រើប្រាស់​ទឹកត្រីមួយ​ចំនួននៅលើ​ទីផ្សារ​ដែលមានតម្លៃថោក ហើយមិនមានគុណភាពល្អ ។

(របស់ខ្ញុំប្រើ) ដបកែវ ព្រោះដបជ័រខ្ញុំអត់ប្រើទេ ទាក់ទងនឹងរូបបង្កង រូបកំពិសអី ដោយ​សារផ្អែមៗ ដូចរៀងឈ្លឿមៗ ឡើងដូចរបៀបដាក់មេមិចទេ។ ពីមុនខ្ញុំប្រើ១ដប់ដែរ ដល់ពេល​ប្រើ​ទៅសល់​ប្រហែល​កន្លះដប់ ទៅជាបែកពពុះ។ ចឹងខ្ញុំមើលទៅ វាអត់ល្អ ព្រោះធ្លាប់ប្រើរបស់ខ្មែរយើង ប្រើទៅ​វាល្អ។ ឧទាហរណ៍ វាអត់មានជាតិវត្ថុធាតុអីដូចត្រី​ ព្រោះទឹកត្រី យើងធ្វើពីត្រី […] ផ្អែមៗដូចទឹកស្ករ​ចឹង

ស្រី ទូច ជាស្ត្រីមេផ្ទះ

មិនបង្អង់យូរ ក្រោយបង្ហាញក្តីបារម្ភរួច ស្ត្រីរូបនេះ បានងើបមុខឡើង រួចរៀបរាប់បន្តថា បើទោះ​ជាខ្លួន​ឈប់​ប្រើផលិតផលដែលគ្មានគុណភាពទាំងនេះ តែបច្ចុប្បន្នខ្លួន​នៅតែ​ប្រទះ​ឃើញ​ផលិត​ផលទឹកត្រី​ដែល​ខ្លួនប្រើប្រាស់គ្មានគុណភាពបន្តចរាចរណ៍នៅលើទីផ្សារដដែល។ និយាយហាក់បង្ហាញក្តី​បារម្ភ​ចំពោះ​​ពលរដ្ឋដទៃ​ទៀត អ្នកស្រី អំពាវនាវដល់ប្រជាពលរដ្ឋ គួរងាកមកប្រើប្រាស់ផលិតដែ​លស្គាល់​ពីប្រភពច្បាស់លាស់ និងមាន​គុណភាពល្អ​វិញ បើទោះជាតម្លៃរៀងថ្លៃបន្តិចមែ​ន តែ​វា​មិន​ប៉ះ​ពាល់​ដល់​សុខភាពនោះទេ។

ងាកមកចាប់អារម្មណ៍នឹងអ្នកលក់ចាប់ហួយបន្តិចបន្តួចនៅផ្ទះ ដែលមាន​គ្រឿងទេស និងផលិតផល​មួយចំនួន អ្នកស្រី មុំ បានថ្លែងថា ផលិតផល​ដែល​គាត់ដាក់លក់នៅក្នុងផ្ទះ​ គឺទិញពីផ្សារដែលនៅ​ក្បែរផ្ទះ និង​​មួយ​ចំនួនទៀត បានទិញពីឈ្មួញដឹកតាមម៉ូតូរ៉ឺម៉កយកមកដាក់ឲ្យដល់ផ្ទះ​។ តែអ្នកស្រីពុំ​ដឹងថា ផលិត​ផល​​ដែលគាត់យកមកលក់បន្ត មានគុណភាពល្អ ឬ របស់​ក្លែងក្លាយ​​ នោះ​ទេ ​ព្រោះ​អ្នកស្រី​គ្មាន​សមត្ថភាព​ក្នុងការពិនិត្យ​ពីគុណភាព។

ខ្ញុំ​មើលមិនដឹងដែរ ចេះតែទិញយកមកលក់បន្តមក ព្រោះមិនចេះ​មើល។ ខ្ញុំ​ខ្លាចរបស់ក្លែងក្លាយ​ដែរ តែមិនដឹងធ្វើមិច បើយើងមិនច្បាស់ដែរ

អ្នកលក់ចាប់ហួយបន្តិចបន្តួចនៅផ្ទះ ដែលមាន​គ្រឿងទេស និងផលិតផល​មួយចំនួន អ្នកស្រី មុំ

ដោយសារតែពុំ​ចេះ​មើល​គុណ​ភាពទំនិញ​ ស្ត្រីលក់ចាបហួយវ័យចំណាស់ម្នាក់នេះ រំពឹងតែលើអាជ្ជាធរ​មាន​សមត្ថកិច្ច ជាអ្នកត្រួវពិនិត្យប៉ុណ្ណោះ។

ខ្ញុំ​គិតថា ផលិតផលដែលអាចចរាចរណ៍នៅលើទីផ្សារបាន គឺពិតជា​ផលិតផល​ល្អហើយ​។ ដូច្នេះ គ្មានអ្វីដែលត្រូវបារម្ភនោះទេ

អ្នកលក់ចាប់ហួយបន្តិចបន្តួចនៅផ្ទះ ដែលមាន​គ្រឿងទេស និងផលិតផល​មួយចំនួន អ្នកស្រី មុំ

ជាទូទៅគ្រឿងទេសក្លែងក្លាយ និងគ្មានគុណភាព ត្រូវបានគេដឹងថា បានចរាចរណ៍នៅលើទីផ្សារកម្ពុជា តាមរូបភាពខុសៗគ្នា ដូចជាដឹកតាមឡានដែលមានបន្លំស្លាកសញ្ញាផលិតផលពិត ​ឬតាមរម៉ឺក់ម៉ូតូដាក់​តាម​ទីផ្សាទូទាំងប្រទេស។ ក្រៅពីគ្រឿងទេសក្លែងក្លាយ មានសារធាតុគីមី គ្មានគុណភាពដែល​បាន​ផលិត​​នៅក្នុងស្រុក ក៏មានផលិតផលដែលគ្មានគុណភាពរបស់បរទេស ដែលបានចែកចាយ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា តាម​រយៈច្រក​ព្រំដែន​នាប្រទេសជិតខាង ក្រោមរូបភាពក្រុមហ៊ុន និងឈ្មួញមួយចំនួន​ផងដែរ។

ឈ្មួញកណ្តាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ និងធ្លាប់ចែកចាយបន្តនូវផលិតផលដែល​ពុំមាន​គុណ​ភាព ឬជាផលិតផលក្លែងក្លាយពីសិប្បកម្មខុសច្បាប់មួយចំនួន ក្នុងរាជធានីភ្នំពេញ ​បាននិយាយថា ខ្លួន​មិនខ្វល់ថា ផលិតផលដែលខ្លួនចែកចាយ មានគុណភាព ឬគ្មានគុណភាពនោះទេ ជារួមទៅឱ្យតែតម្លៃ​ធូរ​ថ្លៃ ដែលអាចឱ្យខ្លួនសល់ប្រាក់ចំណេញច្រើនគឺខ្លួនទទួលយកមកលក់ទាំងអស់។

អ្នកស្រីមានរឺម៉ក់ម៉ូតូ ចំនួន៤គ្រឿង និងមានសមាជិកប្រមាណ៧ទៅ៨នាក់ សម្រាប់​ចែក​ចាយ​ដល់ផ្ទះ​ប្រជាពលរដ្ឋ ហើយផលិតផលមួយចំនួនដែល​ខ្លួន​ទទួល​លក់នោះ ក៏មិនដឹងច្បាស់ពីប្រភពដែរ គឺ​នៅ​ពេល​ដែលអតិថិជនត្រូវការ គឺខ្លួនបាន​តេកម្ម៉ង់​តាមទូរស័ព្ទ តាមចំនួនដែលចង់បាន បន្ទាប់មក មានឡាន​ដឹក​យក​មកឱ្យដល់ផ្ទះតែម្តង។

ខ្ញុំមិនដែលទៅដល់ (សិប្បកម្ម) ទេ មិនដែលស្គាល់ (អាស្រ័យដ្ឋាន)ទេ។ បើយើង​ត្រូវការគេយកឡានដឹកមក បើយើងហៅត្រឹម ១៥០ឡូ អីទៅ ឡានគេដឹកមកឱ្យអីចឹងទៅ

ឈ្មួញកណ្តាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ

កាលពីខែឧសភាកន្លងមក អាជ្ញាធរ បានចុះបិទ​បណ្ដោះអាសន្ននូវទីតាំងសិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ី​វ​សញ្ញា​ផ្កាឈូក​មួយកន្លែង ក្នុងខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោយពី​រកឃើញថា ការផលិត​វេច​ខ្ចប់​គ្មាន​ស្ដង់ដារ ​គ្មាន​ច្បាប់​អនុញ្ញាត​និងរកឃើញមានសារធាតុគីមី។

ក្រៅពីសិប្បកម្មមួយនេះ ក៏មានសិប្បកម្មជាច្រើន ដូចជាសិប្បកម្មភ្នំមាស នៅក្នុងខេត្តបន្ទាយមានជ័យ ដែល​មួយថ្ងៃៗ អាចផលិតទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកម្ទេសគ្មានគុណភាព រាប់ម៉ឺនដបសម្រាប់​ចែកចាយ​ក្នុង​ខេត្ត​ចំនួន​២។

គ្រឿងទេសក្លែងក្លាយ និងមានសារធាតុគីមី ត្រូវបានគេជឿជាក់ថា នៅតែ​បន្ត​ចរាចរណ៍​នៅលើ​ទីផ្សារ​កម្ពុជា ដោយឈ្មួញមួយចំនួន នៅតែបន្តលួចផលិតដោយប្រើប្រាស់វិធីថ្មីៗ ក្នុងការបន្លំភ្នែកសមត្ថកិច្ច ខណៈ​សមត្ថភាពមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច​នៅមាន​កម្រិត​។

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្លាប់បាន​ទទួល​ស្គាល់​​ថា ការដែលផលិតផលក្លែងក្លាយត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារកម្ពុជាយ៉ាង​ច្រើនដូច្នេះ ព្រោះតែការយល់ដឹងរបស់មន្ត្រីមានសមត្ថកិច្ចនៅមានកម្រិតទាប ខណៈពួកឈ្មួញទាំងនោះ មាន​បច្ចេក​ទេស​​ច្រើនក្នុងការបន្លំ។

ក្រុមជនល្មើស ឧក្រិដ្ឋជន ដែលធ្វើការផលិត ​ចរាចរណ៍ ចែកចាយ​ផលិត​ផលក្លែងក្លាយដែលមាន​ហានិភ័យខ្ពស់ទាំងនេះ គឺបានទទួលប្រាក់ចំណេញរាប់ស៊ិបដង បើប្រៀ​ប​​ធៀប​ទៅហ្នឹងបទល្មើសផ្សេងៗទៀត ។ ព្រោះការដាក់កម្រិតទោសទណ្ឌគឺស្រាល ហើយការយល់ដឹង​របស់​សមត្ថកិច្ចគឺនៅមានកម្រិតទាបនៅលើវិស័យនេះ

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

លោក បន្តទៀត​ថា ចំពោះកង្វះខាតការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលផលិតផល មុននឹង​ប្រើប្រាស់ក៏ជាបញ្ហាប្រឈមផងដែរ។

ប្រឈមត្រង់ថា ពលរដ្ឋមិន​ខ្វល់ថា ផលិតផល​ទាំងនោះ​មាន​ប្រភពមក​ពីណា​នោះ​ទេ គឺពួកគេ គិតថា ឱ្យតែមានតម្លៃថោក ធូថ្លៃ ទោះជាផលិកផលមិនល្អដ៏ដោយ ក៏ពួកគេប្រើប្រាស់ដែរ

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

បើយោងទៅតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​៦៤ ​ចែង​ថា​ រដ្ឋាភិបាល​ត្រូវ​ហាម​ឃាត់​ ត្រូវ​ផ្តន្ទាទោស​ជា​ទម្ងន់​ដល់​​ជន​ណា​ដែល​នាំ​ចូល​ផលិតផល​ទំនិញ​ក្លែង​ក្លាយ​ ហួស​រយៈពេល​ប្រើ​ដែល​ប៉ះពាល់​ដល់​សុខភាព​និង​ជីវិត​អ្នក​ប្រើប្រាស់។

លោក នួន សុភក្តី មន្ត្រីជំនាញនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បាន​និយាយ​ថា​ដោយ​សារ​តែនីតិវិធីនិងបច្ចេកទេស​នៃ​ការ​ត្រួតពិនិត្យមានការពិបាក ដែលជាហេតុធ្វើឱ្យការគ្រប់គ្រង និងទប់ស្កាត់គ្រឿងទេសក្លែងក្លាយនៅកម្ពុជា នៅ​មានភាពខ្វះចន្លោះ។

លោក អះអាងថា បន្ថែមពី​នេះ បុគ្គលដែលប្រព្រឹត្តល្មើសទាំងនោះ តែងតែរិះរកនូវមធ្យោបាយថ្មីៗ  ដែល​កាន់​តែ​​ធ្វើឱ្យ​មាន​ការ​ពិបាក​ក្នុងការបង្ក្រាប។ តែយ៉ាងណា លោក នួន សុភក្តី បានអះអាងថា កន្លងមក គណៈកម្មាធិការ បាន​ធ្វើការ​ច្រើន​​​​លើករណី​នេះ។

បុគ្គលដែលគាត់លួចផលិតហ្នឹង គឺថាយើងចាប់មិនចេះអស់ទេ ព្រោះថា យើងខំប្រឹង​ព្យាយាម​​ចាប់ តែបុគ្គលមួយចំនួន នៅបានផ្លាស់ប្តូរពីវត្ថុមួយទៅមួយទៀត។​ ឧបមាថា យើងចាប់រូប​មន្ត​ហ្នឹង​បានចឹង យើងដុតកម្ទេចចោលហើយ ចឹងគាត់ខំប្រឹងរករូបមន្តមួយទៀត ដើម្បីបង្កើតថ្មី

លោក នួន សុភក្តី មន្ត្រីជំនាញនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ដើម្បីរកឱ្យឃើញថា ផលិតផលមួយដែលមានផ្ទុកសារធាតុគីមី ឬផលិតគ្មានគុណភាព មន្ត្រីរូបនេះ បាន​ឱ្យ​ដឹង​ថា ជា​ដំបូង​គេត្រូវយកគំរូ​សំណាក​ពី​ផលិតផលទាំងនោះ ទៅត្រួតពិនិត្យក្នុងម៉ាស៊ីនឡាប៊ូ ​ដែលជា​ឧបករណ៍​​​សម្រាប់​ធ្វើការវិភាគ នៅក្រសួងសុខាភិបាល។

បន្តនៅពេលរកឃើញថា មានផ្ទុកសារធាតុគីមីដែលជាប្រភេទសារធាតុបូរ៉ាក់ អាជ្ញាធរ​​​មានសមត្ថកិច្ចចម្រុះ មានមន្ត្រីកាំកុងត្រួល មន្ត្រីនៃក្រសួងឧស្សាហកម្ម រួមមានព្រះរាជអាជ្ញា នឹងចុះទៅបង្រ្កាប់

លោក នួន សុភក្តី មន្ត្រីជំនាញនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

តាមច្បាប់ចំណីអាហារ សារធាតុបូរ៉ាក់ ជាសារធាតុមួយ​ដែល​ត្រូវ​បាន​ហាមឃាត់​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ចំណីអាហារ។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ ចុងក្រោយនេះ ខ្លួនបានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​ចំនួន​ប្រមាណ​៦០០តោន។ ក្នុងនោះ បានដុតបំផ្លាញចំនួន៣០០តោន រួចមកហើយ។ ប៉ុន្តែ គណៈកម្មការនេះ ទទួល​ស្គាល់ថា ការផលិត ការចរាចរណ៍ផលិតផលទាំងនេះ នៅតែបន្តដែល​តម្រូវឱ្យ​មាន​វិធាន​ការជា​បន្ត​បន្ទាប់​ទៀត។

លោក ដុង ចាន់ឌី វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យឯកជនមួយនៅខណ្ឌជ្រោយចង្វារ បាន​និយាយ​ថា យោងតាមផ្នែកវេជ្ជសាស្ត្រសារធាតុគីមី ឬបូរ៉ាក់ ត្រូវបានគេហាមឃាត់ប្រើប្រាស់​នៅក្នុង​ចំណី​អាហារ។

លោកបន្តថា បើសារធាតុនេះ ត្រូវបានដាក់ចូលក្នុងចំណីអាហារនោះ គឺបង្កឱ្យ​ប៉ះពាល់​សុខ​ភាព​មនុស្ស ហើយ​អាចវិវឌ្ឍន៍ជាជំងឺរាំរ៉ៃ​មួយចំនួន ដូចជាប៉ះពាល់ទៅលើផ្នែកប្រព័ន្ធរំលាយអាហារ ប្រព័ន្ធទឹកនោម ឬក៏អាចប៉ះ​ពាល់​ទៅ​លើប្រព័ន្ធផ្លូវដង្ហើម​ជាដើម។ ហើយ លោកថា ធ្ងន់ធ្ងរជាងនេះ នឹង​បង្ក​ទៅ​ជា​ជំងឺមហារីក។

នៅពេលដែលការហូបចុករបស់យើង ទទួលរបបអាហារដែលមានជាតិគីមី ឬក៏​ផលិត​ផលក្លែងក្លាយ មុនដំបូងវាអត់មានជាបញ្ហាអីចោទដល់យើងទេ ប៉ុន្តែតែសង្គេតឃើញថា ពេល​ដែល​យើងញុំាយូរទៅ ធ្វើឱ្យមានអាការៈប្រព័ន្ធរំលាយអាហារហ្នឹង ជួបញឹកញ៉ាប់ជាងគេ។ ព្រោះ​ការ​ហូប ហូបចូលទៅក្នុងប្រព័ន្ធរំលាយអាហារហ្នឹង។ ចឹងយើង (អ្នកជំងឺ) តែងតែជួបបញ្ហ​ហ្នឹងច្រើន ដូច​ជា​មាន​អាការៈឈឺក្បាល ចង់ក្អូត ឬក៏ពីបាកក្នុងការរំលាយអាហារ វាតឹងនៅលើផ្នែកចុងង្ហើម ឬក៏ក្រពះ​របស់​យើង​ច្រើនតែរលាក។ បន្ទាប់មកមានហើមពោះ មានរាគ មានឆ្អល់ ដេញទៅខាងក្រោម​រហូត​ដល់មាន​ការទល់លាមក ឬក៏ពិបាកក្នុងការបន្ទោរបង់

លោក ដុង ចាន់ឌី វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យឯកជនមួយនៅខណ្ឌជ្រោយចង្វារ

លោក និយាយថា បច្ចុប្បន្ន ដោយសារចំណីអាហារសំបូរទៅដោយសារធាតុគីមី អ្នកជំងឺចេះតែកើតមាន​នូវជំងឺ​ប្រភេទនេះច្រើនឡើងៗ។

របាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលកាលពីឆ្នាំ២០១៦ បានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែម ដែល​មកពីការប​រិភោគចំណីអាហារមានសារធាតុគីមី ក្នុងរយៈពេល៣ឆ្នាំ មានការកើនឡើងជិត២ដង បើ​ប្រៀបធៀប​ទៅ​នឹងឆ្នាំ២០១៤។

អង្គការទស្សនៈពិភពលោកកម្ពុជា ធ្លាប់បានបង្ហាញក្តីបារម្ភរបស់ខ្លួនថា ការអនុវត្តច្បាប់ និងការចុះ​ត្រួតពិនិត្យ​​វាយតំលៃលើគុណភាពចំណីអាហារ នាំចូលហាក់មិនសកម្មនៅឡើយ​ និងមិនមានទិន្ន័យ ឬការស្រាវជ្រាវណាមួយធ្វើឲ្យច្បាស់លាស់លើចំណីអាហារទូទៅក៏ដោយ ប៉ុន្តែ ភ័ស្តុតាងមួយចំនួន ដែលឃើងស្រាប់តាមរយៈការបង្ហោះតាមបណ្តាញសង្គម អាចឲ្យដឹងថា អាហារហូបចុកក្នុង​ប្រទេស​កម្ពុជា​​យើង​​មួយចំនួន កំពុងត្រូវបានគេដាក់សារធាតុគីមី ហើយចែកចាយលក់ពេញទីផ្សារក្នុងប្រទេស ហើយអ្នកដែលរងឥទ្ធពលខ្លាំងបំផុតនោះ គឺប្រជាបលរដ្ឋខ្មែរ ដែលក្រីក្រខ្វះលទ្ធភាព ពិសេសគឺកុមារតូចៗ ។

ជាទូទៅការផលិតគ្រឿងទេស ដែលផលិតតាមលក្ខណៈបច្ចេកទេសដែលមាន​ស្តង់ដារ គឺត្រូវប្រើ​ពេល​វេលាយូរ រួមទាំង​ត្រូវការអនាម័យគ្រប់បែបយ៉ាង រាប់ចាប់តាំងពីដំណើរការផលិតដំបូង រហូតដល់​លទ្ធផល​សម្រេច​ចុង​ក្រោយ។ តែការ​ផលិត​ទឹកត្រី​បែប​ស្តង់ដា និងមិនប្រើប្រាស់សារធាតុបូរ៉ាក់ ធ្វើឱ្យអ្នកទទួល​ទាន​​មាន​សុខភាព​ល្អ ដោយសារ​តែ​វា​ផ្ទុក​ទៅដោយកម្រិត​អាហ្សូត (Nitrogen) ខ្ពស់ ។

លោក ទុយ សុខនេន អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពម្ហូបអាហារ និងធានាគុណភាព នៃសិប្បកម្មទឹកត្រី លាង ឡេង។

អ្នកគ្រប់គ្រងដែលបញ្ចប់ការសិក្សាផ្នែកគីមីចំណីអាហាររូបនេះ បាននិយាយថា សិប្បកម្មដែលខ្លួន​បំរើការជាង២០ឆ្នាំនេះ គឺបានផលិត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ដោយស្របតាមស្តង់ដា ចំណីអាហារ HACCP & ISO 9001-2015 ។

លោកបន្តថា  លោកអនុវត្ត​តាម​ស្តង់ដាបច្ចេកទេសទាំងនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។ តែដោយ​សារតែការ​បំពេញ​​​តាមស្តង់ដាទាំងនេះ ត្រូវប្រើប្រាស់ពេលវេលាយូរ និងថវិការច្រើន ទើប​បាន​ជា​សិប្បកម្ម​​មួយ​ចំនួន លួចលាក់ផលិតផលិតផលដែលគ្មា​នគុណភាព និងមិនស្រប់ច្បាប់ ខណៈការយល់​ដឹ​ង​របស់​ពលរដ្ឋ​ក៏នៅមានកម្រិត។

លោកបានរៀបរាប់ពីលក្ខណៈសំគាល់ដែលអាចបញ្ចាក់ថា ផលិតផលគ្រឿងទេស ដែលផលិតដោយ​ស្របតាមស្តង់ដា និងបច្ចេកទេសយ៉ាងដូច្នេះថា៖

គេដាក់ សញ្ញា SC គីស្តង់ដារផលិតផល​ដែលសាមីខ្លួនក្រសួងខាងស្តង់​ដារបញ្ជាក់មក ថាផលិតផល មានសុវត្ថិភាព។ ចឹងពេលយើងមើល​តែស្តង់ដារនេះ​​មួយគីមានន័យថា ផលិតផលមានសុវត្ថិភាពមួយហើយ ដែលយើងមើលទៅមិនថា​ផលិតផលក្លែងក្លាយ ហើយស្តង់ដារនេះមួយទៀត HACCP ជាស្តង់ដារប្រព័ន្ធគ្រប់គ្រងលើក្រុមហ៊ិន លើសុវត្ថិភាពក្នុងក្រុមហ៊ិនពេលអតិថិជនមើលទៅគាត់ជឿថាផលិតផលនឹងសុវត្ថិភាពតែមែន ព្រោះថាក្រុមហ៊ុននឹងគេអនុវត្តអនាម័យតាំងពីដើមរហូតដល់ចប់

លោក ទុយ សុខនេន អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពម្ហូបអាហារ និងធានាគុណភាព នៃសិប្បកម្មទឹកត្រី លាង ឡេង

លោកបន្តថា៖ «ចំនែកឯផ្លាកសញ្ញា ISO 9001-2015 គេផ្តោតទៅលើគុណភាពផលិតផល​ មួយទាំង​មូល​នឹងតែម្តងលើប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន។ ចឹងចំពោះអ្នកទិញ អ្នកញ៉ាំគាត់​ត្រូវមាន​ការយល់​ដឹង​ទៅ​​​​​​លើពេលគាត់ទៅទិញចឹង គាត់ត្រូវមើលទៅលើអីខ្លះ មើលទៅលើពេលកំណត់ផុតកំណត់ តើ​ក្រុម​ហ៊ុន​នឹងផលិតនៅទៅតាំងណា យើងអាចពីនិត្យមើលផ្លាក​សញ្ញាក្រុមហ៊ុន​នឹងពិត​ជាមាន​នៅ​ក្នុង​ស្រុក​ខ្មែរយើង ឬក៏អត់។ ជួនកាលក្រុមហ៊ុនខ្លះ គាត់បោះ​ចឹងគាត់អត់ហានដាក់ឈ្មោះក្រុមហ៊ុន​គាត់ផ្ទាល់​​ទេ​ ដោយសារក្រុមហ៊ុនគាត់អត់ទាន់បើកធំ ដោយសារការបង់ពន្ធក៏មានកំរិតខ្ពស់ ចឹងគាត់អត់ហ៊ានបញ្ចេញឈ្មោះ ។ ចឹងផលិតផលមួយៗគី គាត់មានសិទ្ធិដាក់ទៅតាមការប្រកាសរបស់ក្រសួង ដែលបានចែងថារបស់ផ្លាកសញ្ញានឹងមានសុវត្ថិភាពហើយ»។

តែដោយសារតែតម្រូវការទីផ្សារ និងការចង់ទទួលបានផលចំណេះច្រើនទ្វេដងពីអាជីវកម្មនេះ ម្ចាស់​សិប្បកម្ម​​​​មួយចំនួន បាន​ប្រើ​ប្រាស់នូវវិធីសាស្ត្រផលិតដែលមានរយៈពេលឆាប់រហ័ស ដោយលាយជា​មួយ​សារធាតុ​គីមី ឬសារធាតុបូរ៉ាក់ ដើម្បី​ឱ្យផលិតផលទាំងនោះ អាចទុកបានយូរ និងចំណាយពេល​វេលា​តិច​។​ គួផ្សំនឹង​ការ​លាយ​ជាមួយ​នឹង​សារធាតុគីមី សិប្បកម្ម​ទាំងនោះ ក៏មិនបាន​គោរព​ទៅ​តាម​ស្តងដា​អនាម័យផងដែរ។

គួរបញ្ជាក់ផងដែរថា​កន្លង​មក​ លោក ស​ ខេង​ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ ធ្លាប់​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ខិត​ខំ​​ទប់​ស្កាត់​ការ​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។​

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹង​បន្តការខិ​ត​ខំ​សហការគ្នាជាមួយគណៈកម្មការ ក្នុងការបង្កាទប់ស្កាត់ បង្ក្រាប់រាល់ផលិតផលក្លែងក្លាយ ដែលកំពុងចរាចរណ៍លើព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខភាព និងសុវត្តិភាពរបស់ប្រជាពលរដ្ឋ

លោក ស​ ខេង​ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ

ងាកមកចាប់អារម្មណ៍នឹង ស្រីណុច ដែលជាស្ត្រីមេផ្ទះឯណេះវិញ។ ក្រុមគ្រួសារនាង ក៏ដូចជា​ប្រជា​ពលរដ្ឋដទៃទៀត នឹងនៅតែបន្តបរិភោគគ្រឿងទេសក្លែងក្លាយ គ្មានគុណភាព និងលាយសារធាតុ​គី​មីនេះ​បន្តទៀត បើអាជ្ញាធរមិនអាចទប់ស្កាត់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ