មន្ដ្រីរដ្ឋាភិបាល​ថា ផលិត​ផលក្លែងក្លាយកើនឡើងដោយសារតែ​មាន​តម្រូវការច្រើន​

សន្និសីទសារព័ត៍មានស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិ បង្រ្កាបផលិតផលក្លែងក្លាយ ចំនួន ៨៨ តោន ថ្ងៃទី ០៦ សីហា ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ​

មន្ដ្រីរដ្ឋាភិបាលលើកឡើងថា តម្រូវការក្នុងស្រុកមានការកើនឡើងជាហេតុធ្វើឲ្យជនទុច្ចរិតឆ្លៀតឱកាសលួចនាំចូលឬ ផលិត ផលិតផលក្លែងក្លាយច្រើនជាងមុន។

មន្ដ្រីរដ្ឋាភិបាលលើកឡើងថា តម្រូវការក្នុងស្រុកមានការកើនឡើងជាហេតុធ្វើឲ្យជនទុច្ចរិតឆ្លៀតឱកាសលួចនាំចូលឬ ផលិត ផលិតផលក្លែងក្លាយច្រើនជាងមុន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃម្សិលមិញ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ជ​ សុ​ផា​ន់​ណា មានប្រសាសន៍ថា ការកើនឡើងនៃផលិតផលក្លែងក្លាយ គឺស្របពេលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនដែលបណ្ដាលឲ្យមានកំណើនតម្រូវការផងដែរ ជាហេតុ​ធ្វើ​ឲ្យ​ជនខិលខូចមួយចំនួនឆ្លៀតកេងចំណេញ និងលួចផ​លិតផលិតផល​ក្លែងក្លាយ។

យើងដឹងហើយថា ដោយសារប្រទេសយើងរីកចម្រើន សេដ្ឋកិច្ចមានការរីកចម្រើន តម្រូវការក៏ច្រើន ដើម្បីឲ្យជីវភាពយើងតាមទាន់នៅពេលវេលានៃការរីកចម្រើននេះ យើងត្រូវការគ្រឿងឧបភោគ បរិភោគ អញ្ចឹងដើម្បីឆ្លើយតបតម្រូវការ ដោយសារផលិតផលក្នុងស្រុកនៅមានកម្រិត អញ្ចឹងការនាំចូលមានសព្វគ្រប់សារពើ។ អ្នកឆ្លៀតឳកាស ជនទុច្ចរិតជនខិលខូច គាត់ចម្លងតាម

អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ជ​ សុ​ផា​ន់​ណា

លោក មៀ​ជ​ សុ​ផា​ន់​ណា ឲ្យដឹង​ទៀតថា រយៈពេល៣ខែចុងក្រោយ គិតចាប់ពីខែឧសភា ដល់ខែកក្កដា សមត្ថកិច្ចបានចុះបង្ក្រាប និងរឹបអូសផលិតផលក្លែងក្លាយបានចំនួន ៤ករណី ស្មើនឹង ៨៨តោនបន្ថែមទៀត។ លោកបញ្ជាក់​បន្ថែម​ថា ផលិតផល​ក្លែងក្លាយ​ដែលសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសបាន​មកពី​ ទីតាំងសិប្បកម្មផលិតកាហ្វេក្លែងក្លាយ ទីតាំងផលិតសាច់ប៉ាតេមិនអនុឡោមតាមច្បាប់ សិប្បកម្មផលិតម្រេច និង​កាហ្វេខុស​ច្បាប់ និងករណីនាំ​ចូល​ផលិត​ វេច​ខ្ចប់​ខុសច្បាប់​ ដូចជា ​ផលិតផល​ម៉ាក​ Saint​ Amand ​ទឹកបរិសុទ្ធ​ Evian​ ស្រា​បៀរ​ម៉ាក ​Corona ​និង​ផលិត​មួយ​ចំនួន​ទៀត ​ដែលធ្វើ​ឲ្យ​ប៉ះពាល់ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ​​។​

បើតាមលោក មៀ​ជ​ សុ​ផា​ន់​ណា ​ ផលិតផលទាំងនោះ​ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ លោកក៏បាន​ព្រមានចាត់វិធានការច្បាប់ថែមទៀត ដល់​អ្នក​ផលិតផលិតផល​ក្លែងក្លាយទាំងនោះផងដែរ​។​

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការទប់ស្កាត់ផលិតផលក្លែងក្លាយនៅលើទីផ្សារ អាចមានប្រសិទ្ធិភាពទៅបាន លុះត្រាតែរដ្ឋាភិបាលមានយន្ដការត្រួតពិនិត្យច្បាស់លាស់ ហើយមន្ដ្រីអនុវត្តច្បាប់ ត្រូវមានជំនាញ និងមិនប្រព្រឹត្តអំពើពុករលួយ។

ការប្រកាសសង្រ្គាមប្រឆាំងផលិតផលក្លែងក្លាយ វាអាចទៅរួច លុះត្រាតែមន្ត្រីហ្នឹងមានជំនាញ និងមានមធ្យោបាយគ្រប់គ្រាន់។ បើមិនដូច្នេះទេ យើងបារម្ភខ្លាចថា របស់ក្លែងក្លាយវាទៅជារបស់ពិត របស់ពិតបែបទៅជារបស់ក្លែង ក្លាយ។ អញ្ចឹងរឿងហ្នឹង ត្រូវគិតគួរមធ្យោបាយត្រួតពិនិត្យ ហើយធ្វើយ៉ាងម៉េចកុំឲ្យមន្ត្រីចុះអនុវត្តច្បាប់ប្រព្រឹត្តអំពើពុករលួយ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន រិះគន់ភាព​កម្សោយនៃការអនុវត្តច្បាប់ ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ការប្រព្រឹត្តអំពើពុករលួយ និងតួនាទីមន្ដ្រីកាំកុងត្រូល ដែលថា ចាំបាច់ត្រូវបំពេញការងាររបស់ខ្លួនឲ្យបានម៉ត់ចត់។

បើនិយាយឲ្យខ្លីគឺវាទាក់ទងទៅនឹងអំពើពុករលួយក្នុងការគ្រប់គ្រងវិស័យហ្នឹងតែម្ដង។ […] នៅពេលដែលស្ថា ប័នរដ្ឋរបស់យើង ស្ថាប័នកាំកុងត្រូលដែលជាអ្នកត្រួតពិនិត្យគុណភាព គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យអីជាដើមហ្នឹង មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជាពិសេសគឺមានគណនេយ្យភាពសង្គម

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន

កាលពីខែមេសា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានកិនកម្ទេចផលិតផលក្លែងក្លាយប្រមាណជាង ៦០តោន បន្ទាប់ពីរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ផលិតផលក្លែងក្លាយ  ដែលអាជ្ញាធរបង្ក្រាបបាននោះ   ភាគច្រើន ជាគ្រឿងសម្អាង ដែលផលិតនៅក្នុងប្រទេសកម្ពុជា  ហើយនាំចេញទៅក្រៅ រួចទើបនាំចូលមកលក់នៅកម្ពុជាវិញ ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ ថា ជាផលិតមកពីក្រៅប្រទេស៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]