គីម ជុងអ៊ុន ហ៊ានបោកបញ្ឆោត ត្រាំ ព្រោះមានប្រទេសជាបង្អែកមាំ

លោក គីម ជុងអ៊ុន , លោក ស៊ី ជីនពីង , លោក ពូទីន និងលោក ដូណាល់ ត្រាំ

ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនទទួលបានជោគជ័យធំធេងក្នុងជំនួបជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១២ខែមិថុនានោះ ដោយសារតែមានការសន្យាពីកូរ៉េខាងជើងក្នុងការបំផ្លាញកម្មវិធីអាវុធនុយក្លេអ៊ែ។​

ក្រោយជំនួបនោះលោក ត្រាំ ថ្លែងទាំងមោទនភាពថា រូបលោក និងពិភពលោក​អាចដេកលក់បានស្រួលហើយ ដោយមិនបារម្ភពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងទៀតទេ។​

ក្នុងអំឡុងពេលជំនួបនៅក្នុងប្រទេសសិង្ហបុរីនោះ លោក គីម ជុងអ៊ុន មិនបានចេញមុខនិយាយអ្វីច្រើនពីលទ្ធផលជំនួបឬការប្តេជ្ញាផ្សេងៗនោះទេ។​

ជាលទ្ធផលចុងក្រោយនេះ អ្វីដែលលោកត្រាំថ្លែងថា លោកបានទទួលជោគជ័យនោះ ហាក់ផ្ទុយទៅវិញគឺលោក ត្រាំ បរាជ័យ ហើយលោក គីមជុង អ៊ុន ទេជាអ្នកទទួលបានជោគជ័យ។​

ជោគជ័យរបស់លោក គីម ជុងអ៊ុន គឺត្រង់ថា សកម្មភាពផលិតអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងមិនបានបញ្ឈប់នោះទេ ហើយសហរដ្ឋអាមេរិកក៏បានបន្ថយការគំរាមកំហែងមួយកម្រិតដែរ។​

កាលពីចុងឆ្នាំ២០១៧ អាមេរិកបានចល័តនាវាចម្បាំងរបស់ខ្លួនទៅជិតកូរ៉េខាងជើង ហើយប្រកាសត្រៀមវាយប្រហារ ទន្ទឹមនឹងនោះលោក ត្រាំ ក៏បានធ្វើយុទ្ធនាការជំរុញ និងដាក់សម្ពាធដល់ប្រទេសផ្សេងៗទៀតឲ្យដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង។​

ដោយសារតែដើមឆ្នាំ២០១៨ លោក គីម ជុងអ៊ុន​ យល់ព្រមជួបជាមួយជាមេដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំអាមេរិក​ ទើបស្ថានភាពសម្ពាធមួយចំនួនហាក់ធូរស្រាលវិញ។​

ក្រោយពេលដែលចារកម្មរបស់សហរដ្ឋអាមេរិក​បានបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តសកម្មភាពផលិតអាវុធនុយក្លេអ៊ែ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ អ្នកជំនាញអង្គការសហប្រជាជាតិ ក៏បានបង្ហាញរបាយការណ៍ចំនួន​១៤៩ទំព័រ ដែលបង្ហាញពីការរកឃើញថា កូរ៉េខាងជើងនៅតែបន្តផលិតអាវុធនុយក្លេអ៊ែ។​

របាយការណ៍កម្រាស់១៤៩ទំព័រនោះ ក៏បានលើកឡើងពីសកម្មភាពរបស់កូរ៉េខាងជើងនៅតែធ្វើសកម្មភាពពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ បំពានការដាក់ទណ្ឌដែលចេញដោយអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក។  ពាណិជ្ជកម្មទាំងនោះក៏មានពាក់ព័ន្ធទាំងជួញដូរ អាវុធ ធ្យូងថ្ម និង ប្រេង។​

បើលោក គីម ជុងអ៊ុន នៅតែបន្តសកម្មភាពផលិតអាវុធនុយក្លេអ៊ែដូចធម្មតាមែននោះគឺបញ្ជាក់ថា អ្វីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះសន្យាជាមួយលោក ដូណល ត្រាំ នោះគ្រាន់តែជាការបោកបញ្ឆោត ដើម្បីពន្យារពេលការដាក់សម្ពាធតែប៉ុណ្ណោះ។​

ទន្ទឹមនឹងការរកឃើញថា កូរ៉េខាងជើងនៅតែបន្តផលិតអាវុធនុយក្លេអ៊ែនេះ អាមេរិកក៏រកឃើញដែរថា ធនាគាររបស់រុស្ស៊ី ឈ្មោះ Agrosoyuz Commercial  មានទំនាក់ទំនាក់ទំនងក្នុងការផ្ទេរសាច់ប្រាក់ដល់បុគ្គលដែលពាក់ព័ន្ធក្នុងការផលិតអាវុធនុយក្លេអ៊ែនៅកូរ៉េខាងជើង។​

រុស្ស៊ីហាក់ដូចជាអ្នកជួយជ្រោមជ្រែងកូរ៉េខាងជើងដោយមិនចេញមុខ ប៉ុន្តែសម្រាប់ចិនវិញគឺជាប្រទេសដែលជួយដល់កូរ៉េខាងជើងដោយបើកចំហតែម្តង។​

មុនជំនួបកំពូលនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាគឺមេដឹកនាំចិន និង មេដឹកនាំកូរ៉េខាងជើងបានជួបគ្នាញឹកញាប់ដែលមិនធ្លាប់កើតមានកន្លងមក។

ចិនគឺជាសម្ព័ន្ធមិត្តស្និទ្ធតែមួយគត់របស់កូរ៉េខាងជើង ទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកនយោបាយ។ ថ្មីៗនេះ លោក ស៊ី ជីនពីង ក៏បានណែនាំឲ្យកូរ៉េខាងជើងប្តូររបបគ្រប់គ្រងពីផ្តាច់ការទៅជារបបកុម្មុយនីសដូចចិនដែរ។​

ប្រទេសទាំងពីរចិននិងរុស្ស៊ីគឺជា ផ្នែកសំខាន់ក្នុងការលើកទឹកចិត្តឲ្យកូរ៉េខាងជើងងើបប្រឈមមុខជាមួយអាមេរិក​ ហើយលោកគីម ជុងអ៊ុន ​អាចបោកបញ្ឆោតលោក ត្រាំ បានទាំងបើកចំហទៀតផង។​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ