គ.ជ.ប សម្រេចពិន័យប្រាក់លើមនុស្ស៣នាក់ក្នុងសំណុំរឿងម្រាមដៃស្អាតនៅបាត់ដំបង

គ.ជ.ប បើកសវនាការលើសំណុំរឿង 001 នៅសាលសន្និសីទ គ.ជ.ប ថ្ងៃពុធ ទី ០៨ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក គ.ជ.ប)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា​ គ.ជ.ប បានសម្រេចផាកពិន័យប្រាក់លើមនុស្ស ៣នាក់ ខណៈពលរដ្ឋ ២នាក់ផ្សេងទៀត បានរួចផុតពីការចោទប្រកាន់ បន្ទាប់ពីពួកគេបានបង្ហោះរូបភាពម្រាមដៃស្អាតលើបណ្ដាញសង្គមនៅខេត្ដបាត់ដំបង កាលពីអំឡុងពេលបោះឆ្នោត។

នៅព្រឹកថ្ងៃពុធនេះ គ.ជ.ប បានបើកសវនាការលើសំណុំរឿងលេខ ០០១ ដែលចោទប្រកាន់មនុស្ស ៥នាក់ នៅខេត្តបាត់ដំបង ថា បានចូលរួមក្នុងយុទ្ធនាការម្រាមដៃស្អាត ឬ «ដេកផ្ទះ ឈ្នះឯង» ដែលរួមមានឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។

ក្រោយមេធាវីដើមបណ្ដឹង និងមេធាវីចុងចម្លើយបានបញ្ចប់ការធ្វើសេចក្ដីថ្លែងការណ៍ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រកាសថា គ.ជ.ប នៅតែសម្រេចចោទប្រកាន់ឈ្មោះ ជា ជីវ ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀលដដែល ប៉ុន្ដែបានសម្រេចបន្ថយទឹកប្រាក់ផាកពិន័យចំពោះមនុស្ស ២នាក់ ដែលមានឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង។ ចំណែក មនុស្ស ២នាក់ផ្សេងទៀត មានឈ្មោះ ម៉ាង ឈុន និង ពៅ តាំង ត្រូវបានលើកលែងការចោទប្រកាន់។

មេធាវីតំណាងដោយអាណត្តិខាងភាគីចុងចម្លើយគឺ លោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការ ថា បន្ទាប់ពីបានពិភាក្សាជាមួយកូនក្ដី មេធាវីការពារនឹងបន្ដប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត ដើម្បីស្វែងរកយុត្ដិធម៌ជូនអ្នកដែលនៅរងការផាកពិន័យ។

សវនាការនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ភាគីចុងចម្លើយ ដែលប្ដឹងឡើងមក គ.ជ.ប ដើម្បីជំទាស់នឹងសេចក្ដីសម្រេចលេខ ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​ គ.ខ.ប ​ខេត្តបាត់ដំបង ដែលបានពិន័យបុគ្គលទាំង៥នាក់ ដោយម្នាក់ៗ ត្រូវបង់ប្រាក់ចំនួន ១០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ