សហភាពសហជីពកម្ពុជានៅតែចង់ឲ្យកម្មករទទួលបានប្រាក់ឈ្នួលចំនួន២៥០ដុល្លារ

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

សហភាពសហជីពកម្ពុជាថាខ្លួន​នៅតែទាមទារចង់ឲ្យកម្មករទទួលបានប្រាក់ឈ្នួលចំនួន២៥០ដុល្លារ​ ស្របពេល​ដែល​ពួកគេនឹង​ចូលរួម​ការចរចារពីប្រាក់​​ឈ្នួលអប្បបរមាផ្នែក​វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ក្នុងពេលឆាប់​ៗនេះ។​

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានឲ្យដឹងថា បច្ចុប្បន្ននេះប្រាក់ឈ្នួលរបស់កម្មករគឺមានចំនួន១៧០ ដុល្លារ ប៉ុន្តែសហជីពចង់ឲ្យកម្មករទទួលបាននៅពេលនេះគឺការតម្លើងប្រាក់ឈ្នួលរហូតដល់ ២៥០ ដុល្លារ ដើម្បីឲ្យពួកគេអាចរស់នៅបានសមរម្យ​។

ប្រាក់ខែដែលកម្មកររស់នៅសមរម្យ បើ១លាន ឬមួយ២៥០ ដុល្លារ អាហ្នឹង​គាត់អាចរស់នៅបាន គ្រាន់តែ​សមរម្យហេ៎ វាមិនប្រសើរទេ បើយើងធៀបទៅនឹងតម្លៃទីផ្សារ ពេលបច្ចុប្បន្ននេះហា៎ណា វាគ្រាន់តែបានម៉ាសមរម្យ។ ប៉ុន្តែបើក្រោពី​នឹង អានឹងគាត់នៅតែប្រឈមទៅនឹងបញ្ហា ពីព្រោះតែទីផ្សារចេះតែឡើងៗ ហើយអាប្រាក់ដែលតម្លើងឲ្យពួកគាត់នឹង វាមិនទាន់​ទីផ្សារ

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

ប៉ុន្តែលោក​ថា​ពិបាកក្នុងការចរចាទោះបីជាលោកលើកសំណើរដាក់ទៅជជែកគ្នាក៏ដោយ ព្រោះនយោជកមានសំឡេងលើសលុប បូកជាមួយ​រដ្ឋាភិបាលផង​។

យើងមើលទៅមានការលំបាកណាស់ ពីព្រោះឥឡូវវាមានច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ហើយច្បាប់នឹងគឺចងជើងសហជីពដែលការពារផលប្រយោជន៍ដល់កម្មករ ចឹងទោះបីជាយើងលើកសំណើរដាក់ជជែកគ្នាក៏ដោយ […] ពីព្រោះនយោជកសម្លេងលើសលុបបូកជាមួយរដ្ឋាភិបាល ហើយនៅខាងភាគី​សហជីពនឹងវាមាននិន្នាការគាំទ្ររដ្ឋាភិបាល និងនយោជក ហើយដល់តែយើងមានជំហរការពារកម្មករនឹងសម្លេងតិច […]

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

អគ្គលេខាធិការរង សមាគមកាត់ដេរកម្ពុជា (GMAC) លោក កាំង ម៉ូលីកា បានលើកឡើងថាចំពោះប្រាក់ឈ្នួលគឺមិនអាច​ចេះតែទាមទារបានតាមចិត្តនោះទេ គេត្រូវមើលទៅលើកត្តាសេដ្ឋកិច្ច និងសង្គមផងដែរ។

អ្វីដែលបងប្អូនកម្មករចង់បាន អាហ្នឹងជារឿងមួយរបស់គាត់ ប៉ុន្តែអ្វីដែលជារឿងជាក់ស្តែង គឺត្រូវ​ឆ្លើយតបទៅនឹងកត្តាសេដ្ឋកិច្ច ហើយនិងកត្តាសង្គម ចឹងយើងត្រូវជជែកគ្នាដោយឈរលើលក្ខណៈទាំងពីរហ្នឹង យើងអត់អាច​ចេះតែ​និយាយតួលេខប៉ុន្មានៗទេ

អគ្គលេខាធិការរង សមាគមកាត់ដេរកម្ពុជា (GMAC) លោក កាំង ម៉ូលីកា

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួល​អប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី នៅខែសីហា ខាងមុខនេះ និងចាប់ផ្តើមពិភាក្សាប្រាក់​ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី នៅខែកញ្ញា ឆ្នាំ២០១៨៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ