តុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងស៊ើបអង្កេតលើថ្នាក់ដឹកនាំមីយ៉ាន់ម៉ា

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាព្យាយាមរំដោះជំនួយនៅជំរុំមួយនៅរដ្ឋកាស្មៀរ ប្រទេសបង់ក្លាដែស។ [រូបភាព: Cathal McNaughton / Reuters]

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បង្កើតឡើង​តាមសន្និសញ្ញាទីក្រុងរ៉ូមឆ្នាំ១៩៩៨។  ការិយាល័យកណ្តាលនៃតុលាការនេះស្ថិតនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់។

តុលាការនេះបង្កើតឡើងដើម្បីដោះស្រាយឧក្រិដ្ឋកម្មធំៗ ដែលតុលាការរបស់ប្រទេសឬ តំបន់មិនអាចមានលទ្ធភាពក្នុងការដោះស្រាយ។ ឧក្រិដ្ឋកម្មបួនប្រភេទដែលស្ថិតនៅក្នុងគោលដៅនៃការស៊ើបអង្កេតរួមមាន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងការឈ្លានពាន។​

បច្ចុប្បន្នតុលាការនេះកំពុងស៊ើបអង្កេតលើករណីនៅក្នុងប្រទេសចំនួន​២១ មានចេញដីកាចាប់ខ្លួនអ្នកប្រព្រឹត្តិបទឧក្រិដ្ឋចំនួន​ ៣២នាក់​ ក្នុងនោះចាប់បាននិងឃុំខ្លួនបានចំនួន៩នាក់ ចំណែកករណីផ្សេងៗទៀតកំពុងដំណើរការ។​​

អ្នកដែលជាប់ពាក់ព័ន្ធករណីទាំងនេះ ភាគច្រើនជាអតីតមេដឹកនាំ អតីតមេកងទ័ព ដែលមានឥទ្ធិពលក្នុងការប្រើកម្លាំងទ័ពបង្ក្រាបលើក្រុមផ្សេងៗ។​

ករណីចុងក្រោយនេះគឺកាលពីថ្ងៃទី២៧ខែកក្កដា តុលាការនេះបានដាក់លិខិតមួយទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីសុំឲ្យមានការបំភ្លឺជុំវិញករណី ធ្វើទារុណកម្ម សម្លាប់ រំលោភផ្លូវភេទ​ ដុតបំផ្លាញភូមិឋាន និងបណ្តេញជនជាតិភាគតិចរ៉ូហ៊ីយ៉ាប្រមាណ ៧០០ ០០០នាក់ ចេញពីរដ្ឋរ៉ាឃីន ទៅប្រទេសបង់ក្លាដេស ដែលហេតុការណ៍នេះកើតឡើងកាលពីខែសីហាឆ្នាំ២០១៧។​

ក្នុងលិខិតនេះក្រៅពីស្នើឲ្យមានការបំភ្លឺក៏បានបញ្ជាក់ពីការចាប់ផ្តើមរបស់ស្ថាប័នអយ្យការ ស៊ើបអង្កេត។​

ទោះយ៉ាងណាសំណើនេះ ត្រូវបានមន្ត្រីការិយាល័យលោកស្រី អ៊ុង សានស៊ូជី ច្រានចោល ហើយបានចោទសួរតុលាការនេះត្រឡប់វិញថា ហេតុអ្វីត្រូវមីយ៉ាន់ឆ្លើយតបករណីនេះទៅតុលាការ? ហើយថា បើចង់ឲ្យមានការឆ្លើយតបគួរតែធ្វើឡើងនៅក្នុងកិច្ចប្រជុំណាមួយវិញ។​

មីយ៉ាន់ម៉ាក៏បានបញ្ជាក់ថា ខ្លួនមិនមានកាតព្វកិច្ចឆ្លើយតបទៅតុលាការនេះទេ ព្រោះមីយ៉ាន់ម៉ា មិនមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិនេះទេ

បច្ចុប្បន្នតុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រទេសជាសមាជិកចំនួន​១២៣។ ចំណែកដែនសមត្ថកិច្ចដែលស៊ើបង្កេត និងកាត់ក្តីបានតែលើប្រទេសជាសមាជិក និងប្រទេសដែលមានការស្នើឲ្យស៊ើបអង្កេតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​

ជុំវិញករណីជនជាតិភាគតិចរ៉ូហ៊ីងយ៉ានេះ អ្នកដែលរត់គេចចេញទៅប្រទេសប៉ង់ក្លាដេសរាប់សែននាក់ នៅមិនទាន់ត្រឡប់មកវិញនៅឡើយ ដោយបារម្ភខ្លាចមានការសម្លាប់និងបំពានផ្សេងទៀតពីយោធា ដោយសារមិនមានការបញ្ជាក់ណាមួយដែលធានាពីសុវត្ថិភាពរបស់ពួកគេនោះទេ។​

ករណីរ៉ូហ៊ីងយ៉ា ក៏មានការថ្កោលទោសជាច្រើនពីសំណាក់ប្រទេសលោកសេរី និងអង្គការអន្តរជាតិ ហើយទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ករណីហិង្សានេះបន្ទាន់។​

ជុំវិញករណីនេះ លោកស្រី អ៊ុង សានស៊ូជី ក៏ធ្លាប់បានស្នើឲ្យសហគមន៍អន្តរជាតិទុកពេលឲ្យខ្លួន ដើម្បីដោះស្រាយបញ្ហាទាំងនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ