រដ្ឋបាល​លោក ដូណាល់ ត្រាំ ស្នើ​តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

លោក Patrick Murphy

រដ្ឋបាលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច​តែង​តាំង​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​កម្ពុជា ដើម្បី​ជំនួស​ឯក​អគ្គរដ្ឋ​ទូត​បច្ចុប្បន្ន ដែល​នឹង​ផុត​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ។

យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់សេតវិមានអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១០ សីហា (ត្រូវ​នឹង​ល្ងាច​ថ្ងៃទី​១១ ខែ​សីហា ម៉ោង​នៅ​កម្ពុជា) បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បាន​ស្នើ​តែង​តាំង​​ឧបការី​រង​នៃ​ក្រសួង​ការបរទេស​ លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ខណៈ​សព្វថ្ងៃ តំណែងនេះ​កំពុងកាន់ដោយលោក William Heidt ដែលនឹងត្រូវផុតអាណត្តិក្នុងពេលឆាប់ៗខាងមុខ។

យ៉ាងណាក៏ដោយ សេចក្ដីប្រកាស​ព័ត៌មាន​របស់សេតវិមាន បាន​ឲ្យ​ដឹង​ថា ប្រសិនបើសំណើនេះ ត្រូវបានយល់ព្រមដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Patrick Murphy នឹងចូលមកជំនួសតំណែងឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់លោក William Heidt។

បើតាមសេចក្ដីប្រកាស​ព័ត៌មាន​ដដែល  លោក Murphy មាន​ដើម​កំណើតនៅ​រដ្ឋ Vermont ​សហរដ្ឋ​អាមេរិក ហើយលោកបានបម្រើការងារក្នុងវិស័យការទូតអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ ក្នុងអំឡុងពេលបម្រើការងារ លោកមានតួនាទីសំខាន់ៗមួយចំនួន ដូចជា ​ធ្វើជាឧបការីរងរដ្ឋមន្ត្រី​ការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ជា​អនុប្រធាន​បេសកកម្ម​ និង​ភារធារី​នៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ចាប់​ពី​ឆ្នាំ​២០១៣ ​ដល់​២០១៦ និងធ្វើជាអ្នកតំណាងស្ដីទីពិសេស និងជាអ្នក​សម្របសម្រួលផ្នែកគោលនយោបាយនៅស្ថានទូតនៅប្រទេសភូមា ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ