ម្ចាស់ផលិតកម្ម LD ម្នាក់ទៀតហើយ ត្អូញត្អែររឿងភាពយន្ត

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD និងក្រុមសិល្បករ សិល្បការិនីដទៃទៀត

ក្នុងជំនួបដោយផ្ទាល់កាលពីពេលថ្មីៗ លោក លៀក លីដា ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម LD ដែលផលិតកម្មរបស់លោកត្រូវគេស្គាល់ថាមានសកម្មភាពខ្លាំងក្នុងការផលិតភាពយន្ត បានអះអាងថា ការផលិតភាពយន្តរបស់លោកនាពេលចុងក្រោយ បានត្រឹមតែធ្វើអោយល្អមើលប៉ុណ្ណោះ ដោយផលចំណេញសឹងមិនមានសម្រាប់ស្នាដៃខ្លះក៏មាន។

លោកមិនមែនជាផលិតករទី១ ដែលត្អូញត្អែរពីការប្រឈមក្នុងការផលិតភាពយន្តនោះទេ ប៉ុន្តែគឺជាសំលេងត្អួញត្អែរមួយថ្មីទៀត ដែលគេធ្លាប់តែឮចេញពីមាត់ផលិតករមួយចំនួននាពេលកន្លងមក ជាពិសេសចេញពីមាត់ផលិតករដែលចាប់ផ្ដើមបោះបង់ការផលិតភាពយន្ត។

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD

លោកលៀក លីដា បានថ្លែងក្នុងពិធីក្រុងពាលីរឿង«ឯណាខ្មោច»ដែលជាភាពយន្តខ្នាតធំថា ការផលិតភាពយន្តរាល់ថ្ងៃ ជាពិសេសគឺការផលិតភាពយន្តដាក់បញ្ចាំងតាមរោង លោកធ្វើកុំអោយតែបាត់ឈ្មោះផលិតកម្ម LD ប៉ុណ្ណោះ ប៉ុន្តែបើគិតពីផលចំណេញវិញគឺចាញ់យកលុយទៅបើកហាងរកស៊ី ឬយកទៅទិញដីដើម្បីយកចំណេញឆ្ងាយណាស់ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលភាពយន្តនៅក្នុងពេលនេះ កាន់តែត្រូវការស្ដង់ការផលិតខ្ពស់ ដែលគ្រាន់តែចំណាយលើសម្ភារកុនគឺចំណាយអស់ថ្លៃ។

លោកថាក្រឡេកទៅមើលអ្នកទស្សនាភាពយន្តខ្មែរនៅក្នុងកាលៈទេសៈនេះ គឺមិនច្រើន ហើយប្រឈមនឹងធ្លាក់ចុះចំនួនអ្នកទស្សនាផង។ លោកថាភាពយន្តរបស់ខ្លួនកន្លងមក ក្នុងមួយរឿងប្រមូលបានថវិការហូតដល់៣០ម៉ឺនដុល្លារ ឬច្រើនជាងនេះក៏មាន ប៉ុន្តែសម្រាប់ភាពយន្តក្រោយៗគឺក្នុងការដាក់បញ្ចាំងមួយលើក រកតែ១០ម៉ឺនដុល្លារទាំងដើមទាំងចុងសឹងតែមិនបាន ខណៈដែលការផលិតកុនម្ដងៗ ក៏ត្រូវបង់ពន្ធច្រើនអន្លើរ ហើយក្រោយពីចែករោងអស់ៗពាក់កណ្ដាល ក៏បានត្រឹមតែរួចខ្លួនមិនចង់បាន។

រាល់ថ្ងៃទោះរឿងខ្មែរខំផលិតបានល្អប៉ុណ្ណា ក៏មិនសូវមានអ្នកមើល(អ្នកទិញសំបុត្រ)ច្រើនដែរ និយាយទៅរឿងខ្មែរដូចមិនសូវជោគជ័យទេ!

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD

លោកបានទម្លាក់កំហុសថាហេតុផលដែលនាំអោយវិស័យគាំទ្រកុនខ្មែរមានការថមថយនៅក្នុងកាលៈទេសៈដែលរោងទំនើបកើតឡើងព្រោងព្រាត កើតឡើងដោយសារតែ បណ្ដារោងទំនើបៗលើកកំពស់តែភាពយន្តបរទេសច្រើនជាង ជាក់ស្ដែងស្ទើរតែគ្រប់រោងភាពយន្ត លោកថាមានការបំផុស និងផ្សព្វផ្សាយនូវបណ្ដាភាពយន្តរបរទេសច្រើនជាងភាពយន្តខ្មែរ ដោយមានការដាក់តាំងជាបណ្ដារឿងបរទសតាំងពីច្រកចូល និងបំផុសលើផ្ទាំងកុន មុនបញ្ចាំងរឿងនីមួយៗ ដែលធ្វើអោយអ្នកទស្សនាគ្រាន់តែឃើញការបំផុស ក៏ចង់ទស្សនា ស្របគ្នាដែលភាពយន្តបរទេសក៏មានការពេញនិយមជាងរឿងខ្មែរស្រាប់។

លោកនិយាយថា ការផលិតកររាល់ថ្ងៃគឺចំណេញមិនស្មើកម្លាំងទេ ហើយរឿងខ្មែរភាគច្រើនសឹងមិនមានម៉ោងដើម្បីបញ្ចាំងនោះទេ ដោយសារតែភាពយន្តបរទេសបុកចូលខ្លាំងពេក។

លោកលៀក លីណា អ្នកចាត់ការទូទៅប្រចាំផលិតកម្មLD បានថ្លែងបញ្ជាក់ថា រឿងខ្មែររាល់ថ្ងៃដាក់បញ្ចាំងមិនបានយូរថ្ងៃទេ គឺរមែងត្រូវបានទម្លាក់ចេញពីរោង ដោយសារតែដាក់បញ្ចាំងថ្ងៃណា ឬចង់គេចកម្រិងណាក៏តែងតែប៉ះនឹងភាពយន្តបរទេស។

លោកថាបើរឿងខ្មែរកំពុងដាក់បញ្ចាំង ហើយស្រាប់តែមានរឿងបរទេសបុកចូល គឺ១០០ទាំង១០០អ្នកទស្សនាភាពយន្តខ្មែរនឹងធ្លាក់ចុះ ដោយសារតែភាពយន្តបរទេសគេចាប់អារម្មណ៍ច្រើនជាង ហើយកម្រិតនៃការផលិតរបស់គេក៏ធ្វើអោយអ្នកទស្សនាមានទំនុកចិត្តជាង។

យ៉ាងណាមិញ លោកថាភាពយន្តរបស់ផលិតកម្ម LD ទោះជាត្រូវបុកនឹងភាពយន្តបរទេសប៉ុណ្ណា ក៏អាចបានដើមយកមកទប់ទល់នឹងការចំណាយក្រោយពីចែកជាមួយរោង និងបង់ពន្ធផងដែរ ដោយគ្រាន់តែផលចំណេញគឺធ្លាក់ចុះខ្លាំង បើធៀបនឹងបណ្ដារឿងបរទេសមិនទាន់សម្រុកចូលទីផ្សារកម្ពុជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ