សមត្ថកិច្ចបញ្ជាឲ្យបិទទីតាំងហាងម៉ាស្សាចិនដែលចែកខិតប័ណ្ណមានរូបអាសអាភាស

ខិត្តបណ្ណផ្សព្វផ្សាយម៉ាស្សាដែលមានរូបអាសអាភាស (រូបភាព៖ បណ្ដាញសង្គម)

អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាមន្រ្តីរបស់ខ្លួនឲ្យបិទទីតាំងហាងម៉ាស្សារបស់ជនជាតិចិនមួយកន្លែង បន្ទាប់ពីមានការរិះគន់ពីការចែកចាយខិតប័ណ្ណរបស់ហាងម៉ាស្សានោះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ VOD នៅសៀលនេះថា អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបិទទីតាំងម៉ាស្សានេះនិងស្វែងរកចាប់ខ្លួនអ្នកចែកខិត្តប័ណ្ណ ដោយថាជាការផ្សព្វផ្សាយមិនប្រក្រតី។

ដោយសារតែទីតាំងដែលនៅក្នុងខិតប័ណ្ណផ្សព្វផ្សាយក្នុងការធ្វើអាជីវកម្មគឺមានលក្ខណៈមិនស្របជាលក្ខណៈសុខភាពម៉ាស្សាដើម្បីសុខភាពដូចម៉ាស្សាខ្មែរបុរាណធម្មតាឡើយ។ នៅក្នុងហ្នឹងមានការផ្សព្វផ្សាយជាការដាក់បង្ហាញនូវរូបអាសអាភាស ស្រើបស្រាលដើម្បីជាការអូសទាញ ហើយបានបង្កប់ន័យនៃការជួយដូរផ្លូវភេទ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី

នាយិកាអង្គសីលការ អ្នកស្រី ធីតា ឃិះ មានយោបល់ចំពោះករណីនេះថា ជារឿងខុសច្បាប់ និងសូមឲ្យអាជ្ញាធរអនុវត្តន៍ច្បាប់ ដោយបិទសេវានេះមិនឲ្យបើកតែម្តង។

អាហ្នឹងខុសហើយ! ខុសច្បាប់ម៉ង ព្រោះគាត់មានគោលបំណងធ្វើអញ្ចឹង កាលគាត់មានគោលបំណងធ្វើអញ្ចឹងគឺវាមានទាក់ទងទៅជាមួយនឹងស្ត្រីហើយ វាប៉ះពាល់ដល់រឿងជួញដូរទៀត ព្រោះគេរបររកស៊ីអញ្ចឹងហើយ។ នៅក្នុងស្រុកយើងមិនមែនថាខ្វះទេមនុស្សរកស៊ីអញ្ចឹង វាច្រើនណា៎! ប៉ុន្តែវាអត់ចេញចំហរមុខ អញ្ចឹងទៅគួរតែអនុវត្តន៍ទាំងអស់ហ្នឹងឯង គួរធ្វើហើយអនុវត្តន៍គ្រប់ស្ថាប័នដែលបានរកស៊ីអញ្ចឹងឯង ពួកអ្នករកស៊ីខុសច្បាប់!

នាយិកាអង្គសីលការ អ្នកស្រី ធីតា ឃិះ

សម្រាប់អ្នកស្រាវជ្រាវផ្នែកទស្សនវិជ្ជានិងការអភិវឌ្ឍ លោក ប៉ា ច័ន្ទរឿន គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងថាលោកមិនពេញចិត្តចំពោះសកម្មភាពប្រកបអាជីវកម្មរបស់ក្រុមហ៊ុនចិននេះទេ។

តាមពិតស្រុកខ្មែរយើង យើងត្រូវការការវិនិយោគរបស់បរទេសដែលយកធនធាន យកចំណេះដឹង ជំនាញនិងបទពិសោធន៍ ថ្មីៗមកជួយអភិវឌ្ឍន៍ស្រុកទេសយើង ប៉ុន្តែ! ខ្ញុំគិតថាខ្មែរយើងមិនត្រូវការអ្នកវិវិយោគប្រភេទមករកស៊ីបែបកាប់ដាវឬក៏មករកស៊ីតែបើកបនស្រីឬក៏សេវាម៉ាស្សាលាយជាមួយនឹងការលក់ដូរសេវាផ្លូវភេទដូចយើងឃើញមានការផ្សព្វផ្សាយពីក្រុមហ៊ុន ក្រុមអ្នករកស៊ីចិនកន្លងមកនេះទេបាទ!

អ្នកស្រាវជ្រាវផ្នែកទស្សនវិជ្ជានិងការអភិវឌ្ឍ លោក ប៉ា ច័ន្ទរឿន

កាលពីសប្តាហ៍មុន បុរសជនជាតិចិន ៦នាក់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ចាប់ខ្លួនរួមជាមួយខិតប័ណ្ណជាច្រើនសន្លឹក ដោយសមត្ថកិច្ចសង្ស័យថា ក្រុមជនជាតិចិនទាំងនោះ បង្កប់សេវាកម្មជួញដូរផ្លូវភេទនៅក្នុងសេវាម៉ាស្សា។ សមត្ថកិច្ចបានធ្វើការអប់រំ និងបានឲ្យបុរសជនជាតិចិនទាំង ៦នាក់ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះតទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ