មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស​ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស​ឲ្យបានពេញលេញ

ទង់អង្គការសហប្រជាជាតិ (រូបពីវេបសាយUN)

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញទៅរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ នឹង​ស្រប​តាមច្បាប់​ជាតិនិងអន្តរជាតិ ដោយថាការដឹកនាំរបស់រដ្ឋាភិបាលកន្លងមក ​ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន។

ក្រោយពីប្រជុំបិទទ្វានាព្រឹកនេះ នៅស្ថាប័នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយមន្ត្រី​អង្គការសង្គមស៊ីវិល នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក សួន យុធ្យា​ បានថ្លែងប្រាប់​V​O​D ​ថាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្សបានលើកឡើងក្នុងកិច្ចប្រជុំ​ប្រាប់អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​របស់រដ្ឋាភិបាលថា បញ្ហា​ការរិតត្បិត​សេរីភាពនៃការ​បញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅតែបន្តកើតមាន។

លោក យុធ្យា ជំរុញ​ទៅរដ្ឋាភិបាល ដាក់បញ្ចូលអនុសាសន៍របស់សង្គមស៊ីវិល ដើម្បីឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ឲ្យ​កម្ពុជា​គោរពសិទ្ធិមនុស្សក្នុង​អាណត្តិថ្មី​នេះ មាន    លក្ខណៈល្អប្រសើរ​ជាងអាណត្តិមុន​។

នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក សួន យុធ្យា​
យើងក៏បានផ្តល់អនុសាសន៍ជាក់ស្តែង​ទៅដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឧទាហរណ៍ដូច​ជា​សេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបជុំ សេរីភាពនៃការប្រមូលផ្តុំ មួយរយៈចុងក្រោយ​នេះ​ មិនឆ្លើយតបទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្សនៅកម្ពុជា​ទាល់តែសោះ

នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក សួន យុធ្យា​

ចំណែក​ កញ្ញា ហេង ជ័យលាភី មក​ពីសហគមន៍ឥន្ធូកម្ពុជា​ដែលធ្វើការផ្នែក​យេនឌ័រឯណោះវិញ មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក យុធ្យាដែរ ដោយថានៅក្នុងគោលនយោបាយ​របស់រដ្ឋាភិបាលបានដាក់ចេញពីការគោរពសិទ្ធិមនុស្ស និង​យេនឌ័រជាដើម ប៉ុន្តែការអនុវត្តរបស់រដ្ឋាភិបាលកន្លងមក​មិនទាន់បានពេញលេញនៅឡើយ។

កញ្ញា ហេង ជ័យលាភី មក​ពីសហគមន៍ឥន្ធូកម្ពុជា​ដែលធ្វើការផ្នែក​យេនឌ័រ
យើងចង់ជំរុញការអនុវត្តដែលបានធ្វើហើយ​បន្តបន្ថែមទៀត​ ដូចជា​ឧទាហរ​ណ៍​ ការជំរុញឲ្យមាននិយាយអំពីសុខភាពផ្លូវ​ភេទ ហើយក៏ដូចជា​ លក្ខណៈនានានៃអ្នកស្រលាញ់ភេទដូច​គ្នា​ ដើម្បីកាត់បន្ថយការរើសអើង​នៅក្នុង​វិស័យអប់រំបន្ថែមទៀត​

កញ្ញា ហេង ជ័យលាភី មក​ពីសហគមន៍ឥន្ធូកម្ពុជា​ដែលធ្វើការផ្នែក​យេនឌ័រ

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា លោក អ៊ិ​ត រ៉ាឌី​ ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាខ្វះចន្លោះខ្លះ​​ ក្នុងការអនុវត្តការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញប្រាដកមែន ដោយសារបញ្ហាសមត្ថភាព ចំណេះដឹង និងធនធានជាដើម​។ ប៉ុន្តែលោកថាក្រោយពីទទួលបានអនុសាសន៍ពីសង្គមស៊ីវិល​      រដ្ឋាភិបាល​នឹងបញ្ចូលក្នុងរបាយការណ៍ដើម្បីបញ្ជូនទៅអង្គការសហប្រជាជាតិផ្តល់ជាអនុសាសន៍បន្ថែម​​ជុំវិញការគោរពសិទ្ធិមនុស្សនេះ។

រដ្ឋាភិបាលប្តេជ្ញាធ្វើផែនការយុទ្ធសាស្ត្រយ៉ាងម៉េច​[…]យើងដាក់បញ្ជូលទៅក្នុងរបាយការណ៍ជូនទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យគេឃើញថា​ ការប្តេជ្ញារបស់រដ្ឋាភិបាល​យើង នឹងជួយលើកកម្ពស់​ផ្នែកសិទ្ធិមនុស្សបន្តទៀត​

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា លោក អ៊ិ​ត រ៉ាឌី

លោក រ៉ាឌី បញ្ជាក់ថា កម្ពុជានឹងដាក់របាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា​ជាតិយ៉ាងយូរនៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ក្នុងរបាយការណ៍ចេញផ្សាយកាលពីពាក់កណ្តលខែកក្កដា របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch និងគណៈកម្មាការអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) ដែលដាក់ជូនក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្ថាប័នទាំងពីរនេះ បាន​​បង្ហាញ​ក្ដី​បារម្ភពីបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជាដោយថាកម្ពុជាបានបើកការវាយប្រហារកាន់តែខ្លាំងលើអតីត​គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទកុំឲ្យមានសំឡេងរិះគន់នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ជាដើម​។

តាមការគ្រោងទុក កម្ពុជានឹងឆ្លងកាត់ការត្រួតពិនិត្យបែបនេះជាលើកទី៣ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចន្លោះខែមករា និងខែកុម្ភៈឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ