អតីតបក្សប្រឆាំងថា ការតែងតាំងលោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រំលោភរដ្ឋធម្មនុញ្ញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

អតីតគណបក្សប្រឆាំងបានថ្កោលទោសគណបក្សកាន់អំណាច ដោយថា បាន​ប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី​​​ រំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញ។

ក្នុង​សេចក្តីថ្លែងការណ៍របស់​ខ្លួន​នៅ​ថ្ងៃ​នេះ អតីត​គណបក្សសង្គ្រោះជាតិ​ បាន​លើក​ឡើង​ថា លោក​ ហ៊ុន សែន បានប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រចាត់តាំងរូប​លោកធ្វើជានាយករដ្ឋមន្ត្រី ក្នុងខណៈដែលលោក ហ៊ុន សែន មិនទាន់ទទួលបាន​សុពលភាពជាតំណាង​​រាស្ត្រស្រប​ច្បាប់នៅឡើយ។

អតីត​បក្ស​ប្រឆាំង​ បាន​ចាត់​ទុក​ករណីនេះ​ថា ត្រូវ​បាន​ធ្វើឡើង​ផ្ទុយនឹងមាត្រា ១១៨​ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវ​ឲ្យព្រះមហាក្សត្រចាត់តាំង​​វរជនមួយរូប​ជា «តំណាង​រាស្ត្រ»​មក​ពី​គណបក្សឈ្នះឆ្នោត ជានាយករដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក ហ៊ុន សែន កំពុង​អនុវត្តច្បាប់ព្រៃ ដោយប្រើអំណាចបុគ្គលរំលាយ​ប្រជាធិបតេយ្យនៅកម្ពុជា ឈានទៅរករបបផ្តាច់ការ ផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ជាដើម​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាចស្នើទៅព្រះមហាក្សត្រចាត់តាំង​លោក ហ៊ុន​ សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីមុន​បង្កើតក្បាលម៉ាស៊ីនសភា និងរដ្ឋាភិបាលមិនរំលោភមាត្រា ១១៨​ថ្មី​ នៃរដ្ឋធម្មនុញ្ញនោះទេ ដោយថា បើយោងតាមមាត្រា ៤នៃរដ្ឋធម្មនុញ្ញបន្ថែម​។

ការប្រជុំសភាដើម្បីអនុម័តក្បាលម៉ាស៊ីនរដ្ឋសភា ក្បាលមាស៊ីនរបស់រដ្ឋាភិបាល គេត្រៀមលក្ខណៈមុន​ មុននឹងការកូនគេមិនចែកសំបុត្រមុន មិនរកភ្ញៀវមុន​ មិនរកភ្លេង មិនរកអាចារ្យមុនទេអី ហើយក្នុងខ្លឹមសារមាត្រា​៤ នៃធម្មនុញ្ញបន្ថែម​បាននិយាយច្បាស់ហើយ ខ្ញុំបានដាក់ក្នុងតេឡេក្រាមរួចហើយ មើលទៅមិនបាច់ឆ្ងល់ទៀតទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន

មាត្រា ៤នៃរដ្ឋធម្មនុញ្ញបន្ថែម ក្នុងវាក្យខ័ណ្ឌ ២ បានចែងថា ព្រះ​មហា​ក្សត្រ​នឹង​ចាត់​តាំង​វរជន​មួយ​រូប​នៅ​ក្នុង​ចំណោម​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត ឲ្យ​បង្កើត​រដ្ឋាភិបាល តាម​រយៈ​ការ​ស្នើ​សុំ​ពី​ព្រឹទ្ធ​សមាជិក​សភា។

ប៉ុន្តែ លោក​មេធាវី សុក សំអឿន ពន្យល់ថា ការស្នើសុំចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មីមុន​​ប​ង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលឲ្យស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញបន្ថែមបាន លុះត្រាតែមានភាពចម្រូងចម្រាស់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

លោក ឯម សុវណ្ណារ៉ា វិភាគថា តាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន រដ្ឋាភិបាលថ្មីត្រូវ​កើតក្រោយក្បាលមាស៊ីន​ដឹកនាំសភា ប៉ុន្តែ លោកថា ការចុះហត្ថលេខា​តែងតាំងរដ្ឋាភិបាលមុន​បង្កើតក្បាលមាស៊ីនរដ្ឋសភា ជាគន្លឹះមួយទប់ស្កាត់​មិនឲ្យមានអ្នកនយោបាយណាមួយប្រកែកបានទេ។

រូបភាពគេហៅថាទស្សនៈមួយ…គេហៅថាការលើកឡើងមតិដែលមិនអស់ចិត្តពីប្រជាពលរដ្ឋមួយចំនួនដែលមិនគាំទ្រឲ្យគិតថា ព្រះមហាក្សត្រចាត់តាំង គឺអត់មានអ្វីប្រកែក ឬប្រែប្រួលទៀតទេ

លោក ឯម សុវណ្ណរា ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ

មាត្រា​ចំនួន ៧ នៃ​រដ្ឋធម្មនុញ្ញបន្ថែមនេះ ត្រូវ​បាន​បង្កើតឡើងកាលពីខែ​កក្កដា​ឆ្នាំ២០០៤ បន្ទាប់​ពី​ការ​ជាប់គាំង​នយោបាយកាលពីឆ្នាំ២០០៣ រវាងបក្សចំនួនបី រួមមាន បក្ស​ប្រជាជន​កម្ពុជា បក្ស​សម រង្ស៊ី និង​បក្ស​ហ៊្វុនស៊ិនប៉ិច។

រ​ដ្ឋាភិបាល​ចាំផ្ទះ​ជាង​មួយ​ឆ្នាំ ដែល​ដឹកនាំ​ដោយ​បក្សកាន់អំណាច​បច្ចុប្បន្ន​ បាន​​បង្កើត​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ឡើង ដើម្បីដោះស្រាយវិបត្តនយោបាយ​នៅពេលនោះ បន្ទាប់មកទៀត​ក៏​បង្កើតបានជារដ្ឋាភិបាលចម្រុះ​រវាង​បក្សប្រជាជនកម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ