វៀតណាមសាទរលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីអាណត្តិទី៦នេះ

លោក ហ៊ុន សែន (ស្តាំ) និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបប្រជុំទ្វេភាគីនៃកិច្ចប្រជុំ CLV កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៦ នៅខេត្តសៀមរាប (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋាភិបាលវៀតណាម បានប្រកាសសាទរលោក ហ៊ុន សែន បន្ទាប់ពីប្រធានគណបក្សកាន់អំណាចរូបនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ដ្រីកម្ពុជាម្ដងទៀត​កាលពី ៣ថ្ងៃមុន។

សារព័ត៌មាន Viet Nam News បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng មកចុះផ្សាយថា រដ្ឋាភិបាលវៀតណាមចូលរួមអបអរសាទរប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានតែងតាំងឲ្យធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា សម្រាប់រដ្ឋសភានីតិកាលទី៦នេះ។

បើតាមសារព័ត៌មានដដែល លោកស្រី Lê Thị Thu Hằng មានប្រសាសន៍ថា រដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងបន្ដដឹកនាំប្រទេសនេះឆ្ពោះទៅរកសន្ដិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

យោងតាមព្រះរាជ្យក្រឹត្យចុះថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជាថ្មីម្ដងទៀត ហើយលោកហ៊ុន សែន មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។

គណបក្ស​កាន់​អំណាច បាន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា បាន​ឈ្នះ​អាសនៈ​ទាំង ១២៥ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជម្រើស​រើស​តំណាង​រាស្ត្រ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក ដែល​ពុំ​មាន​វត្តមាន​ចូល​រួម​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ