ថ្នាំ​គីមី​​ប្រើ​ប្រាស់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​អាចនឹង​បង្ក​ជំងឺ​ផាឃីនសុន​លើ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី

អ្នកភូមិជនជាតិទំពូន លោក ឡាត ប្រាញ់ អាយុ ៣៩ឆ្នាំ ដែលរស់នៅក្នុងភូមិសមុទ្រក្រោម

ជា​តំបន់​ដី​ក្រហម​ប្រកប​ដោយ​ជីជាតិ​នោះ រតនគិរី​ជា​ខេត្ត​​គ្រប​ដណ្ដប់​ទៅ​ដោយ​ដំណាំ​កៅស៊ូ ចន្ទី ទុរេន និង​ដំណាំ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ដី​ចម្ការ​ធំៗ ខណៈ​ដែល​​ខេត្ត​ភាគ​ឦសាន​កម្ពុជា​មួយ​នេះ សម្បូរ​ទៅ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​មាន​ចំនួន​​​ដល់​ទៅ​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខេត្ត​នេះ។

​ដី​ចម្ការ​ដំណាំ​កសិ-ឧស្សាហកម្ម​ខ្លះ ត្រូវ​បាន​កាន់​កាប់​​ដោយ​បុគ្គល​​មក​ពី​ក្រៅ​ ដែល​មិន​មែន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​តំបន់​នោះ​ទេ ហើយ​ដី​ចម្ការ​រាប់​សិប​ពាន់​ហិកតា​ទៀត ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​ធ្លី​​នៅ​ក្រោម​គោល​នយោបាយ​សម្បទាន​សេដ្ឋកិច្ច​របស់​​រដ្ឋាភិបាល។

ដំណាំ​កសិ-ឧស្សាហកម្ម​នៅ​លើ​ចម្ការ​ធំៗ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៧៦ ភ្ជាប់​ទីក្រុង​បានលុង​ ទៅ​កាន់​ស្រុក​លំផាត់​នោះ បាន​បង្ហាញ​នូវ​ការ​ប្រែ​ប្រួល​ខាង​ផ្នែក​សេដ្ឋកិច្ច​​នៅ​​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ ដែល​នេះ​វា​ស្រប​ទៅ​នឹងយុទ្ធសាស្ត្រ​​របស់​រដ្ឋាភិបាល ដែល​បាន​លើក​ឡើង​ថា គោល​នយោបាយ​​សម្បទាន​ដី​សេដ្ឋកិច្ច ​មាន​គោល​បំណង​បង្កើន និង​រក្សា​កំណើន​សេដ្ឋកិច្ច និង​ពន្លឿន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា។

ទោះជាយ៉ាងណា ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន​មក​ពី​សហគមន៍​ចំនួន ៣ នៅ​ក្នុង​ឃុំ​សេដា ស្ថិត​ក្នុង​ស្រុក​លំផាត់ និង​ដែល​បាន​ឆ្លង​កាត់​នូវ​ជម្លោះ​ដីធ្លី​រួច​មក​ហើយ​នោះ បាន​​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​គីមី​កសិកម្ម​ ទៅ​លើ​សុខភាព​របស់​ពួកគេ​​ បន្ទាប់​ពី​ការ​មក​ដល់​ និង​ការចាប់​ផ្ដើម​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ។

ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​គីមី​កសិកម្ម​ទៅ​លើ​សុខភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​តំបន់​នោះ អាច​នឹង​ពុំ​ជួយ​កាត់​បន្ថយ​ភាពក្រី​ក្រ​របស់​ប្រជាជន ដូច​ដែល​រដ្ឋាភិបាល​កណ្ដាល​មាន​ទស្សន​វិស័យ​នោះ​ឡើយ បន្ទាប់​ពី​ថ្នាំ​គីមី​កសិកម្ម​ហាម​ឃាត់​ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​នោះ។

រតនគិរី​គ្រប​ដណ្ដប់​​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់​ទី​២​បន្ទាប់​ពី​ខេត្ត​ក្រចេះ

របាយការណ៍​​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចង​ក្រង​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក បាន​បង្ហាញ​ថា ដី​ទំហំ ២.៦​លាន​ហិកតា ឬ​ស្មើ​នឹង ១៤​ភាគរយ​នៃ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា​ទាំង​មូល ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ទៅ​ឲ្យ​ក្រុម​វិនិយោគិន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​កាន់​កាប់​ដោយ​ជន​ជាតិ​បរទេស​ក្នុង​ទម្រង់​ជា​សម្បទាន​​ដី​សេដ្ឋកិច្ច សម្រាប់​អភិវឌ្ឍ​ដំណាំ​កសិ-ឧស្សាហកម្ម ចាប់​ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ឆ្នាំ​២០១៥​កន្លង​មក។

ជាង​នេះ​ទៅ​ទៀត ទិន្នន័យ​ដែល​ចង​ក្រង​ដោយ​អង្គការ​ទិន្នន័យ​កម្ពុជា (Open Development Cambodia) ហៅ​កាត់​ថា ODC បាន​ឲ្យ​ដឹង​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ ស្ថិត​នៅ​លើ​ផ្ទៃ​ដី ២៨៦​កន្លែង​នៅ​ទូទាំង​ប្រទេស និង​ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ចំនួន ២៧០ ក្នុង​នោះ​រួម​ទាំង​ក្រុមហ៊ុន​វិនិយោគិន​បរទេស​ ដែល​ភាគ​ច្រើន​​​ជា​ក្រុមហ៊ុន​​វិនិយោគិន​ជនជាតិ​ចិន និង​វៀតណាម។ ប៉ុន្តែ ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ថយ​មក​នៅ​ត្រឹម​ជាង ២.១៨៨​លាន​ហិកតា​វិញ បន្ទាប់​ពី​​រដ្ឋាភិបាល​បាន​សម្រេច​កែប្រែ​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៥។

ទិន្នន័យ​របស់​អង្គការ ODC បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ធ្លី​ទំហំ​ដល់​ទៅ ២៤២ ៨៩៨​ហិកតា​នៅ​ក្នុង​ខេត្ត​រតនគិរី ឬ​ស្មើ​នឹង ២២.៥២​ភាគរយ​នៃ​ផ្ទៃ​ដី​សរុប ១០ ៧៨២​គីឡូម៉ែត្រការ៉េ​របស់​ខេត្ត​នេះ​ទាំង​មូល ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​​ក្រុមហ៊ុន​វិនិយោគ​ឯកជន។ ក្រុមហ៊ុន​ឯកជន​ទាំង​នោះ បាន​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ទៅ ៣៥​កន្លែង​នៅ​ទូទាំង​ខេត្ត ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ខេត្ត​ក្រចេះ ក្នុង​នាម​ជា​ខេត្ត​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​កន្លែង​ជាង​គេ បើ​ធៀប​នឹង​ខេត្ត​ដទៃ​ទៀត​របស់​កម្ពុជា។

នៅ​ឯ​ស្រុក​លំផាត់ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៦០​គីឡូម៉ែត្រ​​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​បានលុង​របស់​ខេត្ត​រតនគិរីនោះ ទិន្នន័យ​អង្គការ ODC បង្ហាញ​ថា ក្រុមហ៊ុន​ចំនួន ៧ បាន​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​​ទំហំដល់​ទៅ​ជាង ១៧​ម៉ឺន ៥​ពាន់​ហិកតា ឬ​ស្មើ​នឹង​ជាង ៧២​ភាគរយ​នៃ​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​​ នៅ​ខេត្ត​រតនគិរីទាំង​មូល។

​ទិន្នន័យ​អង្គការ​ ODC ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចំនួន ៧ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ថិត​នៅ​ឃុំ​ណា​នោះ​ឡើយ​នៅ​ក្នុង​ស្រុក​លំផាត់ ប៉ុន្តែ មាន​តែ​ក្រុមហ៊ុន Kao Su Ea Lev BM JSC Ltd តែ​មួយ​ប៉ុណ្ណោះ ត្រូវ​បាន​រក​ឃើញ​ថា ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់ទៅ ៨៤០០​ហិកតា ស្ថិត​នៅ​ក្នុង​ឃុំ​សេដា កាល​ពី​ឆ្នាំ​២០១១។ ក្រុមហ៊ុន​​មួយ​នេះ ​ដែល​ត្រូវ​កាន់​កាប់​ដោយ​​វិនិយោគិន​វៀតណាម​ឈ្មោះ ឡេ វ៉ាន់ធួន (Le Van Thuan) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ដាំ​ដំណាំ​កៅស៊ូ ប៉ុន្តែ រយៈ​ពេល​នៃ​​​កិច្ច​សន្យា​​វិនិយោគ មិន​ត្រូវ​បាន​រក​ឃើញ​នោះ​ឡើយ។

ប៉ុន្តែ របាយការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បង្ហាញ​ថា ក្រុមហ៊ុន Rat Sokhorn Incorporation Ltd របស់​លោក​ឧកញ៉ា រ័ត្ន សុខន ប្រធាន​​សហព័ន្ធកីឡាវ៉ូវីណាម​កម្ពុជា និង​ជា​នាយក​សាលា Hollywood International Film Academy ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​នោះ ក៏​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៩​ពាន់​ហិកតា នៅ​ក្នុង​ឃុំ​សេដាផង​ដែរ កាល​ពី​ឆ្នាំ​២០១២ សម្រាប់​ដាំ​ដំណាំ​កៅស៊ូ​ក្នុង​រយៈ​ពេល ៧០​ឆ្នាំ។

ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​រស់​នៅ​ជាមួយ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ពួកគេ

ខណៈ​ដែល​ប្រជាជន​សរុប​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​ចំនួន​ប្រហែល ១៥​លាន​នាក់​នោះ ប្រទេស​កម្ពុជា​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​ដល់​ទៅ ២៤ក្រុម​ខុស​ៗ​គ្នា មាន​ចំនួន​ប្រហែល ២​សែន​នាក់ ឬ​ប្រហែល​ជា ១.២​ភាគរយ បើធៀប​នឹង​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។ ភាគ​ច្រើន​នៃ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ រស់នៅ​ដោយ​ប្រមូល​ផ្ដុំ​នៅ​បណ្ដា​ខេត្ត​ភាគ​ឦសាន​ និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​ក្រុម​ជន​ជាតិ​ដើម​ទាំង​នោះ ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល ៣​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​រស់​នៅ​ភាគ​ច្រើន​បំផុត​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

របាយការណ៍​អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា ឬ NGO-Forum បាន​លើក​ឡើង​ថា ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ បាន​កាន់​កាប់​ដី​ធ្លី​ប្រហែល ៤​លាន​ហិកតានៅ​ទូទាំង​ប្រទេស។

មិន​ខុស​ពី​ជន​ជាតិ​ដើម​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន រស់នៅ​ក្នុង​ទំនៀម​ទម្លាប់​​ប្រហាក់​ប្រហែល​គ្នា។ ជីវភាព​របស់​ពួកគេ​ពឹង​ផ្អែក​ទៅ​លើ​ការ​ចិញ្ចឹម​សត្វ និង​ចម្ការ​វិល​ជុំ​របស់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​រស់​នៅ​អាស្រ័យ​លើ​​ចំណូល​បាន​មក​ពី​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ និងតម្បាញ​តាម​លក្ខណៈ​ប្រពៃណី។ ជន​ជាតិ​ទំពូន​ពឹង​ផ្អែក​ទៅ​លើ​​ទិន្នផល​ព្រៃ​ឈើសម្រាប់​ទ្រ​ទ្រង់​ជីវភាព​របស់​ពួកគេ ដោយ​មិន​បំផ្លិច​បំផ្លាញ​ដី​ធ្លី និង​ព្រៃ​ឈើ ដែល​ត្រូវ​បាន​អភិរក្ស​ដោយ​បុព្វបុរស​របស់​ពួកគេ​នោះ​ឡើយ។ ពួកគេ​មាន​សាមគ្គីភាព​រឹង​មាំ និង​គោរព​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ពួកគេ ប្រតិបត្តិ​តាម​ជំនឿ​អរូបិយ​ដែល​ពួកគេ​ជឿ​ថា នឹង​ផ្ដល់​សេចក្ដី​សុខ​ចំពោះ​មនុស្ស​សត្វ និង​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​ទិន្នផល​ស្រែ​ចម្ការ​ខ្ពស់។

ក៏​ដូច​ជន​ជាតិ​ខ្មែរ​ទូទៅ​ដែរ សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​ ​ច្បាប់ ឬ​គោល​ដាច់​ដោយ​ឡែក​ទៀត​របស់​កម្ពុជា។ កម្មសិទ្ធិ​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ នៅ​ត្រង់​មាត្រា ២៣ រហូត​ដល់​មាត្រា ២៨។

ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​គាំ​ទ្រ​ដោយ​គោល​នយោបាយ​ស្ដី​ពី​ការ​អភិវឌ្ឍ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​អនុម័ត​កាល​ពី​ឆ្នាំ​២០០៩។ គោល​នយោបាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​ តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ ១០ រួមមាន វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្មនិងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និងឧស្សាហកម្ម រ៉ែ និងថាមពល។

ជន​ជាតិ​ដើម​ភាគ​តិច​​បារម្ភ​ពី​សុខភាព ក្រោយ​សត្វ​ពាហនៈ​ច្រើន​ក្បាល​ស្លាប់​ដោយសារ​ថ្នាំ​ពុល

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​​ទំពូន​មក​ពី​សហគមន៍​ចំនួន ៣ ស្ថិត​នៅ​ក្នុង​ឃុំ​សេដា បាន​អះ​អាង​ថា សត្វ​ពាហនៈ​ជាច្រើន​ក្បាល​របស់​ពួកគេ បាន​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ដោយ​ពួកគេ​សង្ស័យ​ថា សត្វ​ពាហនៈ​ទាំង​នោះ​ពុល​ថ្នាំ​គីមី ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ស្ថិត​នៅ​ក្បែរ​សហគមន៍​របស់​ពួកគេ។

ជា​ជន​ជាតិដើម​ភាគ​តិច​​ទំពូន​មួយ​រូប​​​រស់​នៅ​ក្នុង​ភូមិ​កែងសាន់ លោក ស្រូត ម៉ុក បាន​ឲ្យ​ដឹង​ថា គោ និង​ក្របី គឺ​ជា​អាហារ​ដ៏​សំខាន់​របស់​សហគមន៍​សម្រាប់​ការ​ប្រារព្ធ​ពិធី​តាម​ជំនឿ​ជន​ជាតិ​ដើម​ភាគ​តិច ពិធី​ជួប​ជុំ​ផ្សេងៗ​ទៀត​តាម​ទម្លាប់​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​សត្វ​ពាហនៈ​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ក្នុង​មុខរបរ​កសិកម្ម។

ប៉ុន្តែ លោក​បាន​អះ​អាង​ថា លោក​បាន​ឃើញ​សត្វ​ពាហនៈ​របស់​សហគមន៍​លោក ងាប់​ជា​បន្ត​បន្ទាប់ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ហើយ​រូប​លោក និង​សមាជិក​​ដទៃ​ទៀត​ក្នុង​សហគមន៍ សុទ្ធ​តែ​ជឿ​ជាក់​ថា គោ​ក្របី​របស់​ពួក​គាត់​ពុល​ថ្នាំ​គីមី​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​កម្ចាត់​ស្មៅ និង​បាញ់​ទៅ​លើ​ដំណាំ​នៅ​លើ​ដី​សម្បទាន ដែល​​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ​ពី​​សហគមន៍។

ជនជាតិដើមភាគតិចទំពូនមួយរូបរស់នៅក្នុងភូមិកែងសាន់ លោក ស្រូត ម៉ុក
គោ​ក្របី​ងាប់​ដោយសារ​ថ្នាំ វា​ផឹក​ទឹក ហើម​ពោះ រាគ​អាចម៍ ងាប់។ អ្នក​ខ្លះ​ដឹង​ថា គោ​វា​ងាប់​ដោយសារ​ថ្នាំ។ មុន​ដំបូង​ហ្នឹង គេ​អត់​ទាន់​ធ្វើ​ចម្ការ គេ​មិន​ទាន់​បាញ់​ថ្នាំ គោ​ក្របី​យើង​អត់​ងាប់​ទេ។ ដល់​អាលូវ​ គេ​មក​ធ្វើ​ចម្ការ គេ​បាញ់​ថ្នាំ គោ​យើង​ផឹក​ទឹក ស៊ី​ស្មៅ ប៉ះ​ពាល់ ងាប់។ វា​ឈឺ​ហើម​ពោះ រាគ​អាចម៍​ចេញ​ឈាម​ហ្មង ឈឺ​បម្រះៗ​តិច​ចេញ​ឈាម​ហ្មង ហើយ​ងាប់​ហ្មង ម៉ា​ថ្ងៃៗ​ហ្នឹង ជួន​កាល ៥​[ក្បាល]ក៏​មាន។ ជួន​កាលវា​រោយ​ដៃ​រោយ​ជើង អត់​ចេះ​ដើរ ដួល​នៅ​នឹង​កន្លែង​ហ្មង

​ជន​ជាតិដើម​ភាគ​តិច​​ទំពូន​មួយ​រូប​​​រស់​នៅ​ក្នុង​ភូមិ​កែងសាន់ លោក ស្រូត ម៉ុក

ករណី​បែប​នេះ ក៏​បាន​កើត​ឡើង​រួច​មក​ហើយ​ផង​ដែរ​នៅ​ភូមិ​សមុទ្រ​លើ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣​គីឡូម៉ែត្រ​ពី​ភូមិ​កែងសាន់ និង​​ភូមិ​សមុទ្រ​ក្រោម ដែល​ស្ថិត​នៅ​​ភាគ​អាគ្នេយ៍​នៃ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ឬ​នៅ​ជាប់​ព្រំ​ប្រទល់​ស្រុក​កោះញែក​របស់​ខេត្ត​មណ្ឌលគិរី។

អ្នក​ភូមិ​ជន​ជាតិ​ទំពូន​ម្នាក់​ទៀត លោក ឡាត ប្រាញ់ អាយុ ៣៩​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ភូមិ​សមុទ្រ​ក្រោម បាន​រៀប​រាប់​ប្រាប់​ថា ជា​ទូទៅ អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច បាន​ព្រលែង​គោ​ក្របី​របស់​ពួកគេ ឲ្យ​ដើរ​ស៊ី​ស្មៅ​តាម​វាល និង​ព្រៃ​ឈើ​ ហើយ​ក៏​បាន​ចូល​ទៅ​ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ផង​ដែរ។

បុរស​ជន​ជាតិ​ទំពូន​រូប​នេះ បាន​អះ​អាង​ថា ​ករណី​​គោ​ក្របី​របស់​អ្នក​ភូមិ​ស្លាប់​ដោយ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ថ្នាំ​ពុល​នោះ ក៏​បាន​កើត​ឡើង​នៅ​ក្នុង​សហគមន៍​របស់​លោក​ផង​ដែរ។

លោក​ថា អ្នក​ភូមិ​បាន​ត្រឹម​សង្ស័យ​ថា សត្វ​ពាហនៈ​របស់​ពួកគេ​ពុល​ថ្នាំ​គីមី​ប្រើ​ប្រាស់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ ពុំ​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ឡើយ។

លោក ឡាត ប្រាញ់ បាន​ប្រាប់​ថា​៖

«វា​មាន​គោ​ក្របី​ស្លាប់​នោះ! យើង​សង្ស័យ​អញ្ចឹង​ហើយ[ពុល​ថ្នាំ​គីមី] ប៉ុន្តែ យើង​អត់​ដឹង​មុខ​ដឹង​អី[មូលហេតុ] យើង​ចោទ​គេ​អត់​បាន»។

នៅ​ក្នុង​​កិច្ច​ពិភាក្សា​​ជាមួយ​សមាជិក​សហគមន៍​របស់​លោក​កាល​ពីខែ​ឧសភា​កន្លង​មក​នេះ លោក ទុយ ញ៉ែប ​ប្រធាន​សហគមន៍​ជន​ជាតិ​ភាគ​តិចទំពូន​​នៅ​ភូមិ​សមុទ្រ​លើ បាន​រៀបរាប់​អំពី​ផល​ប៉ះ​ពាល់​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​លើ​ជីវភាព​រស់​នៅ​តាម​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច បន្ទាប់​ពី​​ការ​មក​ដល់​ និង​ការ​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ព្រៃ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជិត​សហគមន៍​របស់​លោក។

លោក ទុយ ញ៉ែប ប្រធានសហគមន៍ជនជាតិភាគតិចទំពូននៅភូមិសមុទ្រលើ

លោក ទុយ ញ៉េប ប្រាប់​ថា​៖

 «ជីវភាព​សហគមន៍​ កាល​ពី​មុន​ហ្នឹង​ វា​ល្អ ហើយ​[តែ]​ដល់​ឥឡូវ វា​ពិបាក។ ពិបាក​ទី​១ ព្រៃ​ឈើ​កន្លែង​សហគមន៍​រក​ស៊ី​​[ក្នុង]ព្រៃ​ឈើ ដូចជា បោច​វល្លិ៍ រក​ផ្សិត​រក​អី​នៅ​ក្នុង​ព្រៃ​ហ្នឹង វា​អស់ ក្រុមហ៊ុន​យក​ដូច​សព្វ​ថ្ងៃហ្នឹង។ ដូច​ឆ្នាំ​មុនៗ[មុន​ក្រុមហ៊ុន​មក​ដល់] អា​ហ្នឹង​អត់​អី​ទេ ស្រួល សហគមន៍​រក​ជិតៗ​ភូមិ»។

នៅ​ពេល​និយាយ​អំពី​ករណី​សត្វ​ពាហនៈ​ពុល​ថ្នាំ​គីមី​នោះ ប្រធាន​សហគមន៍​រូប​នេះ អះ​អាង​ថា​ គោ​ក្របី​​ជា​ច្រើន​ក្បាល​របស់​អ្នក​ភូមិ បាន​ស្លាប់​​កាល​ពី​ឆ្នាំ​មុន ហើយ​សមាជិក​សហគមន៍​របស់​លោក​ក៏​បាន​សង្ស័យ​ផងដែរ​ថា សត្វ​ទាំង​នោះ​ពុល​ថ្នាំ​ជីគីមី​កសិកម្ម ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច។

​លោក ទុយ ញ៉ែប បាន​ឲ្យ​ដឹង​បន្ថែម​ថា សមាជិក​សហគមន៍​​របស់​លោក រឹត​តែ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​អំពី​ផល​ប៉ះ​ពាល់​ទៅ​លើ​សុខភាព បន្ទាប់​ពី​​សត្វ​ពាហនៈ​របស់​ពួក​គាត់ ​​បាន​ស្លាប់​ក្នុង​ចំនួន​ដ៏​ច្រើន​ ដែល​អ្នក​សង្ស័យ​ថា ពុលថ្នាំ​គីមី​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ស្មៅ​នៅ​ក្នុង​ដី​សម្បទាន​ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ខ្សែ​ទឹក​ហូរ។

[…] ដូច​សព្វ​ថ្ងៃ​ហ្នឹង ក្រុមហ៊ុន​ទាំង​ពីរ​ [ក្រុមហ៊ុន​ម៉ាងយ៉ាងខេ និង​ក្រុមហ៊ុន​ Kao Su Ea Lev]មាន​ប៉ះ​ពាល់​ទាំង​អស់ ដូចជា គាត់​[ក្រុមហ៊ុន​ដី​សម្បទាន]ហ្នឹង នៅ​ខាង​លើ​អូរ ខាង​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​នៅ​ខាង​ក្រោម​អូរ ប៉ុន្តែ​ គេ​បាញ់​ថ្នាំ​ហ្នឹង ថ្នាំ​ជាតិ​គីមីបាញ់​ស្មៅ​ ស្មៅ​កៅស៊ូ​គាត់ និង​ស្មៅ​ស្វាយ​ចន្ទី​គាត់។ ប៉ះ​ពាល់​ដូច​ជា ទឹក​ហ្នឹង​វា​ហូរ​ដល់​អូរ​ វា​ដល់​កន្លែង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។ ដូច​សព្វ​ថ្ងៃ​ហ្នឹង មាន់​ទា ហើយ​និង​ជ្រូក​គោ​ អស់​អាលីញ​នៅ​ភូមិ អត់​មាន​អី​សល់​ទេ ហើយ​អនាគត យើង​អត់​ដឹង​ថា ប៉ះ​ពាល់​ដល់​មនុស្ស​យើង យើង​មិន​ដឹង​ដែរ​។ [មិន​ទាន់​មាន​មនុស្ស​ប៉ះ​ពាល់​ទេ] នៅ​ទេ នៅ​ទេ មិន​ទាន់ទេ មាន​តែ​សត្វ​ទេ​

អ្នក​ភូមិ​ជន​ជាតិ​ទំពូន​ម្នាក់​ទៀត លោក ឡាត ប្រាញ់ អាយុ ៣៩​ឆ្នាំ

ផែនទីសង្ខេបស្ដីពីការប្រើប្រាស់ថ្នាំគីមីពុលប៉ារ៉ាខ្វាត នៅតំបន់ដីសម្បទានសេដ្ឋកិច្ច ស្រុកលំផាត់ ខេត្តរតនគិរី (រចនាដោយ៖ សួនម៉ៃ សុផានិត)

អាជ្ញាធរ​បដិសេធ​ថា គ្មាន​សត្វ​ពាហនៈ​ស្លាប់​ដោយសារ​ថ្នាំ​គីមី​កសិកម្មក្នុង​ឆ្នាំ​នេះ

អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុងស្រុក​លំផាត់ បាន​បដិសេធ​ថា ពុំ​មាន​សត្វ​ពាហនៈ​របស់​អ្នក​ភូមិ ស្លាប់​ដោយសារ​ថ្នាំ​គីមី​ពុល​នោះ​ឡើយ​នៅ​ដើម​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ បាន​ទទួល​ស្គាល់​ថា សត្វ​ពាហនៈ​របស់​អ្នក​ភូមិ បាន​ស្លាប់​កាល​ពី​ ២​ឆ្នាំ​មុន។

មេ​ភូមិ​កែងសាន់ លោក ញោង អង្គត បាន​ប្រាប់​ថា លោក​ពុំ​ឃើញ​មាន​ករណី​គោ​ក្របី​​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក ស្លាប់​ដោយសារ​ថ្នាំ​គីមី​ពុល​នោះ​ឡើយ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​លោក​ថា គ្មាន​ពលរដ្ឋ​ណា​បាន​រាយការណ៍​អំពី​ករណី​នេះ​នោះ​ឡើយ។

ប៉ុន្តែ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា គោ​ក្របី​របស់​ជន​ជាតិ​ដើម​ទំពូន​នៅ​ភូមិ​កែងសាន់ ពិត​ជា​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​លោក​ក៏​បាន​រាយការណ៍​ករណី​នោះ​ទៅ​មន្ត្រី​បសុពេទ្យ​ប្រចាំ​នៅ​ឃុំសេដា និង​ស្រុក​លំផាត់​រួច​ហើយ ខណៈ​ដែល​លោក​ប្រាប់​ថា លោក​មិន​ដឹង​ថា សត្វ​ពាហនៈ​របស់​អ្នក​ភូមិ​លោក​ស្លាប់​ដោយ​មូល​ហេតុ​អ្វី​នោះ​ឡើយ។

អត់! អត់​មាន​ឈឺ​ផង! មានតែមុន តែ​ឆ្នាំ​នេះ អត់​ឃើញ​ទេ។ ដូច​អត់​ដែល​ឃើញ បើ​មិន​អញ្ចឹង ប្រជា​ពលរដ្ឋ​ប្រាប់​ហើយ។ នេះ​អត់​ដឹង​អត់​លឺ​ផង។ ស្លាប់​ដែរ​មួយ​[ក្បាល]អី​នោះ។ អត់​ត្រូវ​អី​ផង! កាល​ពី​ឆ្នាំ​ទៅ​មួយ[២០១៦]។ ស្លាប់​ដឹង​ប៉ុន្មាន យូរ​ហើយ ២​ឆ្នាំ​ហើយ ដឹង​ប៉ុន្មាន។ មាន​ត្រឹមបួន​ប្រាំ​ក្បាល។ ក្របី​ក៏​ស្លាប់ គោ​ក៏​ស្លាប់ ប៉ុន្តែ​ ស្លាប់​ភាគ​តិច វា​អត់​ច្រើន។ យូរ​ហើយ ខ្ញុំ​[រាយការណ៍]ជូន​ពេទ្យ​សត្វ​នៅ​ឃុំ នៅ​ស្រុក​អស់​ហើយ។ មិន​ដឹង​ដោយសារ​អី ដោយសារ​មេរោគ ស្អី​ខាំ យើង​អត់​ដឹង

មេ​ភូមិ​កែងសាន់ លោក ញោង អង្គត

ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​រតនគិរី លោក ស ធារី បាន​ឲ្យ​ដឹង​ថា លោក​ក៏​ពុំ​បាន​ដឹង​​អំពី​ករណី​សត្វ​ពាហនៈ​ជន​ជាតិ​ដើម​ភាគ​​តិច​ទំពូន ស្លាប់​ដោយ​សារ​ថ្នាំ​ពុល​ដែរ ដោយ​ថា ពុំ​មាន​មន្ត្រី​នៅ​មូលដ្ឋាន​រាយការណ៍​ទៅ​លោក​នោះ​ឡើយ។

លោក ស ធារី មាន​ប្រាប់ថា​៖

  «ខ្ញុំ​អត់​បាន​លឺ​ព័ត៌មាន​សោះ អត់​ឃើញ​មន្ត្រី​តាម​ស្រុក​រាយការណ៍​មក​ផង ហើយ​ខាងឃុំ​ក៏​មិន​រាយការណ៍»។

ធុង និង​សំបក​ថ្នាំ​គីមី​ពុល​ហាម​ឃាត់​​ត្រូវ​បាន​អ្នក​ភូមិ​រក​ឃើញ​នៅ​លើ​ដី​សម្បទាន

បើ​ទោះបី​ជា​លោក​ពុំ​បាន​ដឹង​អំពី​ករណី​សត្វ​ពាហនៈ​ជន​ជាតិ​ដើម​ភាគតិច​ទំពូន​ស្លាប់​ដោយសារ​ថ្នាំ​គីមី​ពុល​ក៏​ដោយ ក៏​លោក​ ស ធារី បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា ប្រសិន​បើ​ជា​ការ​ពិត​មែន​នោះ គោ​ក្របី​ទាំង​នោះ​ស្លាប់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ថ្នាំ​ពុល ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បាញ់​សម្លាប់​ស្មៅ​នៅ​ក្នុង​ចម្ការ។

លោក ស ធារី មាន​ប្រសាសន៍​បន្ថែម​ថា​៖

«ភាគ​ច្រើន​ថ្នាំ​ពុល គេ​ប្រើ​ពួក​អា​ថ្នាំ​បាញ់​ស្មៅ ពួក​ថ្នាំ​បាញ់​ស្មៅ ពួក​គ្លីផូសាត(Glyphosate)។ នៅ​ខាង​ហ្នឹង គេ​ច្រើន​ដាំ​ដំឡូង អញ្ចឹង​គេ​បាញ់​ថ្នាំ​យក​ជើង»។

មន្ត្រី​កសិកម្ម​រូប​នេះ បាន​អះ​អាង​​ថា លោក​បាន​ដឹកនាំ​ក្រុម​មន្ត្រី​របស់​លោក ចុះ​ទៅ​តាម​មូលដ្ឋាន ដើម្បី​ត្រួត​ពិនិត្យ​​ថ្នាំ​គីមី​ពុល និង​ជី​កសិកម្ម ដែល​ត្រូវ​បាន​នាំចូល ចែកចាយ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ខេត្ត​រតនគិរី ហើយ​រក​ឃើញ​ថា ភាគ​ច្រើន​នៃ​ថ្នាំ​គីមី​ពុល និង​ជី​កសិកម្ម​ដែល​ចែក​ចាយ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ដែន​សមត្ថកិច្ចរបស់​លោក សុទ្ធ​តែ​ស្រប​ច្បាប់ និង​​ភ្ជាប់​មក​ជាមួយ​នូវសេចក្ដី​ណែនាំ​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ជា​ភាសា​ខ្មែរ​ផង​ដែរ។

លោក ស ធារី មាន​ប្រសាសន៍​បន្ថែម​ថា​៖

«យើង​ឧស្សាហ៍​ចុះ​តាម​មូលដ្ឋាន តាម​ស្រុក​តាម​អីដែរ ដើម្បី​ពិនិត្យ​មើលថា តើ​ថ្នាំ​ដែល​នាំ​ចូល​លក់ ប្រើ​ប្រាស់ហ្នឹង គាត់​ចុះ​បញ្ជីការ​ត្រឹម​ត្រូវ​អត់​ហ្នឹង​ណា ហើយ​ភាគ​ច្រើន​យើង​ឃើញ​ថ្នាំ​សុទ្ធ​តែ​មាន​ចុះ​បញ្ជីការ​ត្រឹម​ត្រូវ អត់​មានការ​លួច​លាក់​ទេ មានភាសា​ខ្មែរ​អី​ត្រឹម​ត្រូវ»។

តែ​ទោះ​ជាយ៉ាងណា ធុង និង​សំបក​ថ្នាំ​គីមី​ពុល​ប៉ារ៉ាខ្វាត (Paraquat) ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​សង្ស័យ​ថា ថ្នាំ​គីមី​ពុល​មួយ​ប្រភេទ​នេះ​ ត្រូវ​បាន​នាំ​ចូល និង​យក​ទៅ​ប្រើ​ប្រាស់​ដោយ​លួច​លាក់​។

ធុង និង​សំបក​ថ្នាំ​គីមី​ពុល​ប៉ារ៉ាខ្វាត ដែល​ត្រូវ​បាន​ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន​រក​ឃើញ​នោះ មាន​ភ្ជាប់​ជាមួយ​នូវ​អក្សរ​ថៃ (พาราควอต) ដែល​បញ្ជាក់​ថា វា​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ារ៉ាខ្វាត ដែល​មាន​រូបមន្ត C12H14Cl2N2 ស្ថិត​នៅ​ក្នុង​ចំណោម​ថ្នាំ​គីមី​ពុល ១១៦​ប្រភេទ​​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ហាម​ឃាត់​មិន​ឲ្យ​នាំ​ចូល​មក​ចែក​ចាយ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វត្តមាន​នៃ​ធុង និង​សំបក​ថ្នាំ​គីមី​ពុល​ដែល​ត្រូវ​បាន​ហាម​ឃាត់​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ថ្នាំ​គីមី​ពុល​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​នាំ​ចូល ចែកចាយ និង​ប្រើ​ប្រាស់​ដោយ​នរណា?

ប្រធាន​ការិយាល័យ​នីតិ​កម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី លោក សួង តេវ បាន​ទទួល​ស្គាល់​ថា ថ្នាំ​គីមី​ពុល​មួយ​ចំនួនប៉ុណ្ណោះ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដោយ​លួច​លាក់​តាម​រយៈ​ច្រក​ព្រំដែន ដែល​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រុម​មន្ត្រី​របស់​លោក។

ខ្ញុំ​និយាយ​មិន​លាក់​លៀម​អី​ទេ ប្រទេស​វៀតណាម​ហ្នឹង​ក៏មាន​ថ្នាំ​មួយ​ចំនួន​ហ្នឹង​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ និង​មួយ​ចំនួន​តូច​​ក៏​នៅ​មាន​ការ​លួច​ប្រជ្រៀត​ចូលដែរ​ណ៎ា!​ អា​ហ្នឹង​មាន​ចំនួន​តិច​តួច​ទេ ការ​លួច​ប្រជ្រៀង​ចូល​ហ្នឹង ហើយ​យើង​ក៏​មាន​ការ​ឃ្លាំ​មើល មាន​ការ​ត្រួត​ពិនិត្យ​តឹង​តែង​ដែរ​រឿង​ហ្នឹង

ប្រធាន​ការិយាល័យ​នីតិ​កម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី លោក សួង តេវ

ចំណែក​ឯ​​របាយការណ៍​នៃ​ការ​នាំ​ចូល​ថ្នាំ​គីមី​ និង​ជី​កសិកម្ម ដែល​ស្ថិត​ក្រោម​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នោះ បាន​បង្ហាញ​​ថា ក្នុង​ចំណោម​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង ៧​កន្លែង ​នៅ​ក្នុង​ស្រុក​លំផាត់ មាន​តែ​ក្រុមហ៊ុន​ Daun Penh Agrico Co., Ltd តែ​មួយ​ប៉ុណ្ណោះ ដែល​បាន​ស្នើ​សុំ​នាំ​ចូល​​ថ្នាំ​គីមី Glyphosate ​យីហោ Helosate 48SL បរិមាណ ៧៧​តោន ពី​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៤ សម្រាប់​យក​មក​ប្រើ​ប្រាស់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ជ័យឧត្ដម។ ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​ពាក្យ​ស្នើ​សុំ​ជា​ថ្មី​ទៀត ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​​នេះ​នោះ​ទេ។

នៅ​ពេល​ត្រូវ​បាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ លោក រ័ត្ន សុខន នាយក​ក្រុមហ៊ុន Rat Sokhorn Incorporation Co., Ltd ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩០០០​ហិកតា​នៅ​ស្រុក​លំផាត់​ និង​មួយ​ផ្នែក​នៃ​ដី​សម្បទាន​នោះ​គ្រប​ដណ្ដប់​លើ​ឃុំ​សេដា​នោះ បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​កិច្ចការ​អភិវឌ្ឍន៍​ និង​ថ្នាំ​គីមី និង​ជី​កសិកម្ម​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើ​ដី​សម្បទាន​របស់​លោក ដោយ​លោក​ថា លោក​បាន​ផ្ទេរ​ដី​សម្បទាន​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដទៃ​ទៅ​ហើយ។

វីអូឌី​ពុំ​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​​ក្រុមហ៊ុន​​​ Jing Zhong Ri Co., Ltd របស់​វិនិយោគិន​ជន​ជាតិ​ចិន​ឈ្មោះ Li Qing Xian និង​ក្រុមហ៊ុន​ Kao Su Ea Lev BM JSC Ltd របស់​​វិនិយោគិន​វៀតណាម​ Le Van Thuan ដែល​សុទ្ធ​តែ​កាន់​កាប់​ដី​សម្បទាន​មួយ​ចំណែក​ធំ​ស្ថិត​នៅ​ក្នុង​ឃុំ​សេដា​នោះ​ឡើយ ​ជុំ​វិញ​កិច្ចការ​អភិវឌ្ឍ​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​​ពួកគេ ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ មិន​ត្រូវ​បាន​រក​ឃើញ​ថា ស្ថិត​នៅ​លើ​​អាស័យដ្ឋាន​ដូច​ដែល​ពួកគេ​បញ្ជាក់​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​នោះ​ឡើយ។

វីអូឌី​ក៏​បាន​ស្វែង​រក​ទិន្នន័យ​បច្ចុប្បន្នភាព​នៃ​បណ្ដា​ក្រុមហ៊ុន​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​លំផាត់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផង​ដែរ ប៉ុន្តែ រហូត​មក​ដល់​​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ ស្ថាប័ន​នេះ​មិន​បាន​ឆ្លើយ​តប​នឹង​លិខិត​ស្នើ​សុំ​របស់​វីអូឌី​នោះ​ឡើយ។

ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​ពុល និង​ជី​កសិកម្ម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​យន្តការ​ត្រួត​ពិនិត្យ​ដោយ​ទៀង​ទាត់​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ស្ថាប័ន​ចំណុះ​របស់​ក្រសួង​មួយ​នេះ។

ប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក សួង តេវ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​មន្ត្រី​របស់​លោក​ធ្លាប់​បាន​ចុះ​ត្រួត​ពិនិត្យ​​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុក​កូនមុំ និង​ស្រុក​វើនសៃ ប៉ុន្តែ លោក​​ថា លោក និង​ក្រុម​មន្ត្រី​កសិកម្ម​ក្នុង​ខេត្ត​នេះ ពុំ​ទាន់​បាន​ចុះ​​ទៅ​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​កសិកម្ម​នៅ​លើ​ដី​សម្បទាន​ស្ថិត​នៅក្នុង​ឃុំ​សេដា​នោះ​ឡើយ។ លោក​បន្ថែម​ថា ដី​សម្បទាន​នៅ​ក្នុង​ឃុំ​សេដា នៅ​មិន​ទាន់​ត្រូវ​បាន​ដាំ​ដុះ​ដំណាំ​កសិ-ឧស្សាហកម្ម​ច្រើន​នោះ​ឡើយ។

កន្លងម​ក ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ក្រុមហ៊ុន​ Hoang Anh Andong Meas ដែល​មាន​ទីតាំង​នៅ​ស្រុក​កូនមុំ … [ក្រុមហ៊ុន]ម៉ាងយ៉ាង​ខេ ម៉ាងយ៉ាង​ខេ​ហ្នឹង មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​វើនសៃ តែ​ពីរ​ហ្នឹង​ទេ។ ដោយ​ឡែក ក្រុមហ៊ុន​ផ្សេង​ទៀត គេ​មិន​ទាន់​មាន​ការ​ដាំ​ដុះ​ច្រើន អញ្ចឹង​គេ​អត់​ទាន់​មាន​ការ​នាំ​ចូល​ច្រើនទេ។ […] ឃុំ​សេដា​ហ្នឹង ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​មាន​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា គាត់​ដាំ​ដុះ​ប្រភេទ​ដំណាំ​អី​ បាន​ប៉ុន្មាន​ភាគ​រយ​នៅ​ឡើយ​ទេ។ អាហ្នឹង ចាំ​មើល​ខ្ញុំ​ស្រាវ​ជ្រាវទៀត តែ​ចំពោះ​ការ​ចុះ[ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជី​គីមី] ខ្ញុំ​អត់​ទាន់​បាន​ចុះទៅ​ទេ​ខាង​ហ្នុង​ណ៎ា!

ប្រធាន​ការិយាល័យ​នីតិ​កម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី លោក សួង តេវ

បើទោះបី​ជា​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់​ឲ្យ​ដឹង​អំពី​ប្រភេទ​ថ្នាំ​គីមី និង​ជីកសិកម្ម​​ដែល​ត្រូវ​បាន​ប្រើ​នៅ​លើ​ដី​សម្បទាន​នានា​នៅ​ក្នុង​ឃុំ​សេដា​ក៏​ដោយ ក៏​របាយការណ៍​សិក្សា​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ សុទ្ធ​តែ​​​លើក​ឡើង​ពី​ការ​ខូច​ខាត​ និង​មហន្តរាយ​ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​ជី និង​ថ្នាំ​គីមី​កសិកម្ម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​អង្គការ​ទិន្នន័យ​កម្ពុជា បាន​​ឲ្យ​ដឹង​ថា គ្មាន​ក្រុមហ៊ុន​ដី​សម្បទាន​ណា​មួយ​នៅ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ដី​សម្បទាន​ទាំង ៧​កន្លែង​នៅ​ក្នុង​ស្រុក​លំផាត់ ត្រូវ​បាន​រក​ឃើញ​ថា បាន​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​នោះ​ឡើយ។

ប៉ុន្តែ របាយការណ៍​សិក្សា​ផល​ប៉ះ​ពាល់​បរិស្ថាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ក្រុមហ៊ុន Hoang Anh Mang Yang K. Aphivath Caoutchou Co., Ltd ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ៧០០៥​ហិកតា នៅ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី បាន​​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​ជី និង​ថ្នាំ​គីមី​កសិកម្ម​ខុស​បច្ចេកទេស​ ដែល​លើសពី​លទ្ធភាព​ស្រូប​យក​របស់​កៅស៊ូ និង​រុក្ខជាតិ​ទ្រនាប់​ដី គឺ​ជា​ប្រភព​បំពុល​ទឹក​ក្នុង​កម្រិត​មធ្យម និង​ធ្ងន់​ធ្ងរ។

របាយការណ៍​ដដែល​នេះ ដែល​ត្រូវ​បាន​សិក្សា​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥​នោះ ក៏​បាន​ជំរុញ​ទៅ​​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ឲ្យ​គ្រប់​គ្រង​សំណល់​ថ្នាំ និង​ជី​គីមី​កសិកម្ម ដូចជា​សំបក​ដប ឬ​ធុង​ថ្នាំ​កសិកម្ម ដែល​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​ក្បែរ​មាត់​ទឹក ឬ​ប្រភព​ទឹក​ហូរ ហើយ​បង្ក​ឲ្យ​គុណភាព​ទឹក​ថយ​ចុះ និង​រង​ការ​បំពុល​។

របាយការណ៍​សិក្សា​ផល​ប៉ះ​ពាល់​បរិស្ថាន​ទៅ​លើ​​ក្រុមហ៊ុន​ Krong Buk-Ratanakiri Aphivath Caoutchouc Co., Ltd ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ក្រសួង​បរិស្ថាន​កាល​ពី​ដើម​ឆ្នាំ​២០១៧​នោះ ក៏​បាន​ផ្ដល់​អនុសាសន៍​ទៅ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ឲ្យ​ត្រួត​ពិនិត្យ​ទៅ​លើ​បរិមាណ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​ និង​ជី​កសិកម្ម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ផង​ដែរ។

ថ្នាំ​គីមី​កសិកម្ម​ Paraquat នឹង​​បង្ក​ជំងឺ​កន្ត្រាក់​សរសៃ​លើ​មនុស្ស​

ប៉ារ៉ាខ្វាត គឺ​ជា​បណ្ដុំ​សារធាតុ​គីមី​ដែល​មាន​រូបមន្ត C12H14Cl2N2 ហើយ​​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ថ្នាក់​ទៅ​ក្នុង​ក្រុម​បណ្ដុំ​សារធាតុ​គីមី​វីយ៉ូឡូហ្សង់ (Viologen) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ក្រុម​ថ្នាំ​ Herbicide ឬ​សារធាតុ​គីមី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គ្រប់​គ្រង ឬ​កម្ចាត់​រុក្ខជាតិ​ដែល​មនុស្ស​មិន​ត្រូវការ ដែល​កសិករ​ខ្មែរ​យើង​ហៅ​ជា​ទូទៅ​ថា ថ្នាំ​កម្ចាត់​ស្មៅ។

​សាស្ត្រាចារ្យ​​ផ្នែក​គីមីវិទ្យា និង​ជា​ប្រធាន​ដេប៉ាតឺម៉ង់​គីមីវិទ្យា ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ជ័យ ថាវី បាន​ឲ្យ​ដឹង​ថា ​​បណ្ដុំ​សារធាតុ​គីមី​មួយ​ប្រភេទ​នេះ នឹង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​នៅ​ក្រោម​ដី និង​នៅ​ក្នុង​ទឹក បន្ទាប់​ពី​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កម្ចាត់​ស្មៅ​នោះ។ ជាង​នេះ​ទៅ​ទៀត លោក​ប្រាប់​ថា បណ្ដុំ​សារធាតុ​គីមី​នេះ នឹង​បំពុល​ទឹក ហើយ​មនុស្ស និង​សត្វ​ នឹង​ពុល ប្រសិន​បើ​ទទួល​ទាន ឬ​ផឹក​ទឹក​ពុល​នោះ។

លោក ជ័យ ថាវី នាយកសាលាបង្រៀនគួរជ័យថាវី និង ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា
បាទ​ត្រឹម​ត្រូវ! ដី​ហ្នឹង​ទៅ​ជា​រឹង ដូចជា​ជន្លេន ដូចជា​ខ្មុល​អី​ហ្នឹង ងាប់​ទាំង​អស់​ហ្នឹង​។ អាហ្នឹង​ដូច​ករណី​នៅ​ខេត្ត​ក្រចេះ​អញ្ចឹង​ឯង។ នៅ​ខេត្ត​ក្រចេះ​ហ្នឹង អា​ថ្នាំ​ប៉ារ៉ាខ្វាត​ហ្នឹង​ឯង ខេត្ត​ក្រចេះ​ ដែល​ប្រជា​ជន​ពុល​ហ្នឹង ដោយសារ​ការ​បង្ហូរ​ថ្នាំ​​ស្មៅ​ហ្នឹង​ហើយ ដល់​អញ្ចឹង​ទៅ វា​ហូរ​ទៅ វា​ចូល​ក្នុង​ទឹក ដោយសារ​កម្រិត​កំហាប់​វា​ធំ​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់

សាស្ត្រាចារ្យ​​ផ្នែក​គីមីវិទ្យា និង​ជា​ប្រធាន​ដេប៉ាតឺម៉ង់​គីមីវិទ្យា ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ជ័យ ថាវី

បណ្ដុំ​សារធាតុ​គីមី​ប៉ារ៉ាខ្វាត នឹង​សម្លាប់​ស្លឹក​រុក្ខជាតិ​បៃតង​យ៉ាង​លឿន ​​មិន​ថា​ រុក្ខជាតិ​ប្រភេទ​ណា​នោះ​ទេ នៅ​ពេល​ដែល​វា​ប៉ះ​ពាល់​ហើយ​នោះ។ វា​ក៏​ជា​ប្រភេទ​ថ្នាំ​គីមី​ដែល​បង្ក​ឲ្យ​មនុស្ស​ និង​សត្វ​ពុល​ផង​ដែរ ដោយសារ​​​ប្រតិកម្ម​​​កម្ចាត់​សារធាតុ​អុកស៊ីសែន​របស់​វា​។

ធុង និងសំបកថ្នាំគីមីពុលប៉ារ៉ាខ្វាត (Paraquat)

ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​នៅ​តំបន់​អឺរ៉ុប ដូចជា ស៊ុយអែត ស្វីស និង​អាល្លឺម៉ង់​ជា​ដើម សុទ្ធ​តែ​បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​កសិកម្ម​មួយ​ប្រភេទ​នេះ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្រោម​ច្បាប់​ដ៏​តឹង​រឹង​បំផុត។

សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លង​មកថា ក្រុម​អ្នក​ជំនាញ​ផ្នែក​ថ្នាំ​គីមី​កសិកម្ម​ថៃ បាន​​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​ប៉ារ៉ាខ្វាត​នេះ ក្រោយ​ពី​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ បាន​រក​ឃើញ​ថា ថ្នាំ​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​មូល​ហេតុ​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​មនុស្ស សារធាតុ​ពុល​ក្នុង​អាហារ និង​បង្ក​បញ្ហា​ដល់​ការ​លូត​លាស់​របស់​ក្មេង។

ការ​សិក្សា​ថ្មី​មួយកាល​ពី​ឆ្នាំ​២០១១ ដែល​​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សុខភាព​បរិស្ថាន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Maryland របស់​អាមេរិក បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាខ្វាត​ និង​ថ្នាំ​​គីមី​កសិកម្ម​មួយ​ប្រភេទ​ទៀត​ហៅ​ថា រ៉ូតេណុង (Rotenone) មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ផាឃីនសុន។

ការ​ស្រាវ​ជ្រាវ​នោះ ត្រូវ​បាន​​ធ្វើ​ឡើង​ទៅ​លើ​មនុស្ស ១១០​នាក់​មាន​ជំងឺ​កន្ត្រាក់​សរសៃរ និង​មនុស្ស ៣៥៨​នាក់​ទៀត ដែល​ពុំ​ធ្លាប់​ប៉ះ​ពាល់​ថ្នាំ​គីមី​កសិកម្ម​ទាំង​ពីរ​ប្រភេទ​នេះ។ ជា​លទ្ធផល មនុស្ស​ដែល​មាន​ប្រវត្តិ​ធ្លាប់​ប៉ះ​ពាល់​ថ្នាំ​គីមី​កសិកម្ម​ទាំង​ពីរ​ប្រភេទ​នេះ មាន​ឱកាស​ប្រឈម​មុខ​នឹង​ជំងឺ​កន្ត្រាក់​សរសៃរដល់​ទៅ​ជាង ២​ដង បើធៀប​ទៅ​នឹង​មនុស្ស​ធម្មតា​ដែល​មិន​មាន​ប្រវត្តិ​ប៉ះ​ពាល់​ថ្នាំ​គីមី​កសិកម្ម​ទាំង​ពីរ​ប្រភេទ​នេះ។

ប្រធាន​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៅ​ឯ​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ លោក​វេជ្ជ​បណ្ឌិត គឹម រឿង បាន​ឲ្យ​ដឹង​ថា ជំងឺ​ផាឃីនសុន បាន​កើត​ឡើង​នៅ​លើ​មនុស្ស​យើង ដោយ​បង្ហាញ​នូវ​អការៈ​ញ័រ​ដៃ​ជើង ឬ​មនុស្ស​ធ្វើ​ដំណើរ​យឺតៗ ហើយ​វា​បណ្ដាល​មក​ពី​ការ​បាត់​បង់​ប្រព័ន្ធ​ប្រសាទ ឬ​ភាសា​បច្ចេកទេស​ហៅ​ថា Neuron ស្ថិត​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស។

ជំងឺ​ផាឃីនសុន វា​កើតឡើង​លើ​មនុស្ស​ចាស់​​ប្រហែល​ជា​អាយុ ៦០​ជាង ដោយសារ​តែ​កោសិកា​ខួរ​ក្បាល​ហ្នឹង វា​បាត់​បង់ វា​ចាស់​ទៅ​មុន​អាយុ។ គ្រាន់​តែ​វា​ចេញ​អការៈ​ទៅ គឺ​ញ័រ​ ហើយ​កាយ​វិការ​គាត់​យឺត ហើយ​អាហ្នឹង​បើ​ភាសា​ខ្មែរ​យើង​ ពន្យល់​ន័យ​ស្រួល​យល់ គឺ​យើង​ហៅ​ថា ជំងឺ​កោសិកា​ខួរ​ក្បាល​គាត់​​បាត់​បង់ ឬ​មួយ​ខូច​ខាត ឬ​មួយ​គាត់​ចាស់​មុន​អាយុ

ប្រធាន​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៅ​ឯ​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ លោក​វេជ្ជ​បណ្ឌិត គឹម រឿង

លោក​វេជ្ជ​បណ្ឌិត គឹម រឿង ពន្យល់​បន្ថែម​ថា៖

អការៈ​កត់​សម្គាល់​ដំបូង​បំផុត​ហ្នឹង​គឺ គាត់​រឹង​ដៃ​ជើង​។ អការៈ​ហ្នឹង​ចេញ​ហើយ បាន​ឈាន​ដល់​អការៈ​ធ្ងន់ គឺ​ញ័រ​ដៃ​ហ្មង។ ញ័រ​ហ្នឹង​​ញ័រ​ពេល​យើង​សម្រាក ពេល​យើង​អត់​ធ្វើការ​ ក៏​វា​ញ័រ​។ មិន​មែន​ពេល​យើង​ធ្វើ​ការ​បាន​វា​ញ័រ​ទេ ពេល​យើង​អត់​ធ្វើ​អី​ ក៏​វា​ញ័រ​ដែរ ហើយ​ញ័រ​ហ្នឹង អាច​ញ័រ​​ម្ខាង​មុន អាច​កើត​នៅ​លើ​ដៃ​មុន ឬ​មួយ​ជើង​មុន​ម្ខាង​ហើយ បាន​ឆ្លង​ទៅ​ម្ខាង​ទៀត​។ វា​ស៊ី​សង​នឹង​ការ​ប៉ះ​ពាល់​នៃ​កោសិកា​ខួរ​ក្បាល

ប្រធាន​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៅ​ឯ​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ លោក​វេជ្ជ​បណ្ឌិត គឹម រឿង

លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ភាព​ចាស់​ជរា​របស់​មនុស្ស ការ​ប្រើ​ប្រាស់​ខួរ​ក្បាល​លើស​កម្រិត និង​ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ហើយ​នោះ ការ​ប៉ះ​ពាល់ ឬ​ការ​ស្រូប​ចូល​នូវ​សារធាតុ​គីមី​កសិកម្ម​ ក៏​ជា​មូល​ហេតុ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​របស់​មនុស្ស​កាន់​តែ​ឆាប់​បាត់​បង់​លឿន​ជាង​វ័យ​របស់​មនុស្ស​ផង​ដែរ។

ថ្នាំ​ហ្នឹង[Paraquat] វា​ប៉ះ​ពាល់​ច្រើន។ បើយើង​ប្រើ​ប្រាស់​ថ្នាំ​ហ្នឹង​យូរ​អង្វែង វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យើង​ច្រើន ក្នុង​ហ្នឹង​វា​មាន​ខួរ​ក្បាល ធ្វើ​ឲ្យ​ភ្លេច​ការ​ចង​ចាំ​។ វា​អាច​ធ្វើ​ឲ្យ​មុខ​ងារ​ថ្លើម​គ្រលៀន​ហ្នឹង វា​អាច​ទន់​ខ្សោយ​ហ្នឹង​ណា។ អញ្ចឹង​ភាគ​ច្រើន អ្នក​ជំងឺ​ដែល​ធ្វើ​ស្រែ​ចម្ការ​កសិកម្ម​ហ្នឹង​ បើគាត់​ប្រើ​ថ្នាំ​ហ្នឹង គាត់​អត់​ចេះ​ការពារ​ អា​ហ្នឹង​បណ្ដាល​ឲ្យ​គាត់​កើត​រោគ​ច្រើន ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​យើង​ដែរ​ ប៉ះ​ពាល់​ដល់​ការ​ចង់​ចាំ វា​ឈាន​ដល់​ប៉ះ​ពាល់​ដល់​ Neuron ហ្នឹង​ដែរ។ វា​មាន​ជំងឺ​ច្រើន អាច​ជំងឺ​មហារីក​ថ្លើម មហារីក​​ក្រពះ​ពោះ​វៀន។ ភាគ​ច្រើន​គឺ​កើត​ចេញ​នូវ​ជំងឺ​ហ្នឹង​ច្រើន​ណាស់​ខ្មែរ​យើង​ឥឡូវ

ប្រធាន​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៅ​ឯ​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ លោក​វេជ្ជ​បណ្ឌិត គឹម រឿង

គ្រោះ​ថ្នាក់​នៃ​ថ្នាំ​គីមី​ និង​ជី​កសិកម្ម​​អាច​គ្រប់​គ្រង​បាន

ក្រុម​អ្នក​ជំនាញ​ផ្នែក​កសិកម្ម បាន​ឲ្យ​ដឹង​ថា ការ​ពិត​ទៅ គ្រោះ​ថ្នាក់​នៃ​ថ្នាំ​ពុល​គីមី និង​ជី​កសិកម្ម​ ពិត​ជា​អាច​ត្រូវ​បាន​កាត់​បន្ថយ ឬ​ក៏​គ្រប់​គ្រង​បាន តាម​រយៈការ​អនុវត្ត​តាម​យន្តការ​ច្បាប់​ និង​ការ​ប្រតិបត្តិ​តាម​បច្ចេកទេស នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី និង​ជី​កសិកម្ម​ទាំង​នោះ។

ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក​បណ្ឌិត ជាង ហុង បាន​ឲ្យ​ដឹង​ថា មិនថា​ថ្នាំ​គីមី​កសិកម្ម​ប្រភេទ​ណា​នោះ​ទេ ឲ្យ​តែ​ប្រើ​ប្រាស់​ខុស​បច្ចេកទេស និង​លើស​កម្រិត វា​នឹង​ក្លាយ​ទៅ​ជា​សមាស​ធាតុ​បំផ្លាញ​ជីវិត​រុក្ខជាតិ សត្វ និង​មនុស្ស​ផង​ដែរ។

វា​អាស្រ័យ​ទៅ​លើ​ប្រើ​ត្រូវ ឬ​មិន​ត្រូវ​ទេ។ ជា​ថ្នាំ​ពុល ចំពោះ​ខ្ញុំ វា​អត់​មាន​អី​ពុល​ទេ។ ចំពោះ​ខ្ញុំ វា​មាន​តែ​ដូស (Dose) ទេ​ដែល​បង្ក​ឲ្យ​ពុល​នោះ។ ដូស គឺ​ជា​កម្រិត​របស់​វា កម្រិត​ប្រើ​តិច កម្រិត​ប្រើ​ច្រើន អាហ្នឹង​គេ​ហៅ ដូស។ មាន​តែ​ដូស​ទេ​ដែល​ពុល។ ដូស​បណ្ដាល​ឲ្យ​ពុល ដូស​អត់​ពុល ដូស​សុវត្ថិភាព។ អ្វី​ដែល​ខ្ញុំ​យល់​គឺ​អញ្ចឹង។ ថ្នាំ​ទាំង​អស់​ហ្នឹង​មាន​បរិមាណ​ណា​មួយ​បង្ក​ឲ្យ​ពុល បរិមាណ​ណា​មួយ​វា​សុវត្ថិភាព

ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក​បណ្ឌិត ជាង ហុង

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) អ្នកស្រី តុង ចាន់​ធាង បាន​ប្រាប់​ថា ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ឲ្យ​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ការផ​្លាស់​ប្ដូរ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី ឬ​ជី​គីមី​កសិកម្ម ទៅ​ប្រើ​ប្រាស់​ថ្នាំ​សរីរាង្គ គឺ​ជា​មធ្យោបាយ​​ដ៏​ល្អ​បំផុត​ ដែល​មិន​ត្រឹម​តែ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ទេ ប៉ុន្តែ វា​ក៏​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្រោម​ដី និង​ក្នុង​ទឹក​ផង​ដែរ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អនុវត្ត​តាម​យន្តការ​ច្បាប់​ពី​សំណាក់​មន្ត្រី​កសិកម្ម នឹងជួយ​គ្រប់​គ្រង និង​ទប់​ស្កាត់​ការ​នាំ​ចូល​ថ្នាំ​គីមី និង​ជី​កសិកម្ម​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ប្រសិន​បើ​ខាង​រដ្ឋាភិបាល​យើង​ហាម​ឃាត់​ហើយ អាហ្នឹង​តែ​នាំ​ចូល​មក វា​ខុស​ច្បាប់​ហើយ។ អញ្ចឹង​មាន​តែ​កន្លែង​​អ្នក​ដែល​ធ្វើការ​ត្រួត​ពិនិត្យ​លើ​ការ​នាំ​ចូល​​​ហ្នាង គាត់​ត្រូវ​ពង្រឹង​អាហ្នឹង​។ ក្នុង​ករណី​នៅ​តែ​ប្រទះ​ឃើញ​ការ​ប្រើ​ប្រាស់​ បាន​ន័យ​ថា នៅ​តែ​មាន​ការ​នាំ​ចូល អាច​នាំ​ចូល​ខុស​ច្បាប់ ឬ​ក៏​យ៉ាង​ម៉េច អញ្ចឹង​យើង[មន្ត្រី​មាន​សមត្ថកិច្ច]»ចាប់​ផ្ដើម​ចាត់​វិធានការ​ទៅ ពី​ព្រោះ កាល​ណា​រដ្ឋាភិបាល​​ចេញ​ច្បាប់ ឬ​ការ​ណែនាំ​មិន​ឲ្យ​​ប្រើ​ហើយ បាន​ន័យ​ថា​ កាល​ណា​យើង​នៅ​ប្រើ​ទៀត វា​ខុស​[ច្បាប់]ហើយ

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) អ្នកស្រី តុង ចាន់​ធាង

ប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្ត​រតនគិរី លោក សួង តេវ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី និង​ជី​កសិកម្ម​​នៅ​លើ​ដី​សម្បទាន​​មួយ​ចំនួន​នា​ពេល​កន្លង​មក​នោះ បាន​ឲ្យ​ដឹង​ថា លោក និង​ក្រុម​មន្ត្រី​របស់​លោក នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ឡាយ​ស្ថិត​នៅ​ក្នុង​ឃុំ​សេដា ដើម្បី​ត្រួត​ពិនិត្យ​មើល​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី និង​ជី​កសិកម្ម។

ខ្ញុំ​នឹង​រៀបចំ​ផែនការ​ចុះ​ទៅ​។ ចាំ​ខ្ញុំ​ទំនាក់​ទំនង​ទៅ​ខាង​ប្រធាន​មន្ទីរ​សិន ដើម្បី​សួរ​មើល​ថា តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ដែល​គេ​កំពុង​ប្រើ​ប្រាស់[ថ្នាំ​គីមី និង​ជី​កសិកម្ម] ហើយ​ខ្ញុំ​នឹង​ធ្វើ​របាយការណ៍​ជូន​គាត់​ថា មាន​កើត​បញ្ហា​អី​អញ្ចឹង​ទៅ។ ខ្ញុំ​នឹង​សុំ​យោបល់​ទៅ​ប្រធាន​មន្ទីរ ដើម្បី​ទៅ​ពិនិត្យ​មើល​នៅ​ក្រុមហ៊ុន​ហ្នឹង

ប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្ត​រតនគិរី លោក សួង តេវ

​មន្ត្រី​កសិកម្ម​រូប​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូល​ទៅ​ត្រួត​ពិនិត្យ​នៅ​តាម​ដី​សម្បទាន​សេដ្ឋកិច្ច លោក​ត្រូវ​ស្វែង​រក​ការ​សម្រប​សម្រួល​ជា​មុន​ពី​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ។

ប៉ុន្តែ មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី ចោទ​សួរ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី និង​ជី​កសិកម្ម​ខុស​ច្បាប់​ នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ប្រសិនបើ​មន្ត្រី​កសិកម្ម​ស្នើ​សុំ​ការ​សម្រប​សម្រួល​ពី​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ។

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី
បើសិន​ជា​មន្ត្រី​ថ្នាក់​ក្រសួង គាត់​ចុះ​មក​ដើម្បីស៊ើប​អង្កេត ដើម្បី​​ត្រួត​ពិនិត្យ ហើយ​​​ក្នុង​លក្ខណៈ​បើក​ចំហរ​ ឧទាហរណ៍ ដូច​ជា​មក​ដើម្បី​ឲ្យ​អ្នក​លក់ គាត់​បាន​ដឹង​មុន ឬ​ក៏​ឲ្យ​ក្រុមហ៊ុន ឬ​ក៏​ចម្ការ​ឯកជន​ដែល​ធំៗ​ហ្នឹង ដែល​គាត់​បាន​ដឹង​មុន អញ្ចឹង​មិន​ខុស​​អ្វី​ពី​ដូច​ប្រាប់​ពួកគាត់​ ឲ្យ​គាត់​ហ្នឹង​ឯង​​បំបាត់​ភស្តុតាង​អញ្ចឹង ហើយ​ប្រសិន​បើ​ថ្នាំ​ហ្នឹង​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ដឹង​ថា ថ្នាំ​ហ្នឹង​ជា​ថ្នាំ​ប្រភេទ​ក្លែង​ក្លាយ​ទៀត អាហ្នឹង គាត់​ងាយ​​នឹង​បំបាត់​ភស្តុតាង​តែ​ម្ដង

មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី

ការ​សិក្សា​​រក​ឃើញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ស្ទើ​តែ​គ្មាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​ជន​ជាតិ​ដើម​ភាគ​តិច

ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​មួយ ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា (Save Cambodia’s Wildlife) កាល​ពី​ឆ្នាំ​២០១៥ និង​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៦​កន្លង​មក​នោះ។ ការ​សិក្សា​នោះ បាន​ផ្ដោត​ទៅ​លើ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ជិត​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ និង​តំបន់​ការពារ​ជម្រក​សត្វ​ព្រៃ​លំផាត់។

លទ្ធផល​នៃ​ការ​សិក្សា​នោះ បាន​រក​ឃើញ​ថា ជន​ជាតិ​ដើម​ភាគ​តិច​ដែល​បាន​ផ្ដល់​សម្ភាស​នោះ បាន​ប្រាប់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច សុទ្ធ​តែប៉ះ​ពាល់​ជា​អវិជ្ជមាន​ស្ទើ​តែ​ទាំង​​ស្រុង​ទៅ​លើ​សង្គម-វប្បធម៌ ជីវភាព​រស់​នៅ និង​សេដ្ឋកិច្ច​របស់​ជន​ជាតិ​ដើម​ភាគ​តិច។

លទ្ធផល​នៃ​ការ​សិក្សា​​ស្រាវ​ជ្រាវ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ ការ​ផ្ដល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ក្រោម​គោល​នយោបាយ​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ក៏​បាន​បង្ក​ផល​ប៉ះ​ពាល​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ផង​ដែរ។

ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ បាន​ផ្ដល់​អនុសាសន៍​ទៅរដ្ឋាភិបាលថ្នាក់​ជាតិ និង​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន ព្រម​ទាំង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ផង​ដែរ។

ការ​អភិវឌ្ឍ និង​អនុវត្តន៍​យន្តការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ ដើម្បី​សិក្សា​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន គឺ​ជា​ចំណុច​មួួយ​​ក្នុង​ចំណោម​អនុសាសន៍​ ៤​ចំណុច​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​ថ្នាក់​ជាតិ។

ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ បាន​លើក​ឡើង​ថា យន្តការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន នឹង​ជួយ​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ដឹង​អំពី​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ឡើង និង​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ទាំង​នោះ៕

ចំណាំ៖ «ការស្រាវជ្រាវនេះ គឺត្រូវបានផលិតឡើងជាមួយនឹងគាំទ្រដោយមូលនិធី Rosa Luxemburg ជាមួយការផ្តល់មធ្យោបាយផ្នែកហិរញវត្ថុ នៃក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍»។

គាំទ្រដោយ


កែតម្រូវ៖

១. «ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​រតនគិរី លោក ស ធារី» កែទៅជា «អនុ​ប្រធាន​ការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​រតនគិរី លោក ស ធារី»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ