អ្នកភូមិ​មានជម្លោះដីធ្លីនៅ​ខេត្តក្រចេះថា ទទួលយកការសន្យារបស់អាជ្ញាធរទាំងបង្ខំចិត្ត

អ្នក​ភូមិមានជម្លោះដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ

អ្នកមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ អះអាងថា ពួកគេទទួលយកការសន្យាដោះស្រាយរបស់អាជ្ញាធរជាថ្មីទៀតទាំង​បង្ខំចិត្ត ខណៈ​អាជ្ញាធរចុះទៅសម្របសម្រួលឲ្យពលរដ្ឋទាំងនោះ ដែល​ស្នាក់នៅក្នុងវត្តមួយនៅរាជធានីភ្នំពេញ​នោះ ឲ្យ​ត្រឡប់ទៅភូមិ​ស្រុក​របស់​ពួកគាត់​វិញ។

ពលរដ្ឋប្រមាណជាង ១០០នាក់ ដែលកំពុងមានជម្លោះដីជាមួយក្រុមហ៊ុន​ចម្ការកៅស៊ូមេមត់ ស្ថិតក្នុងភូមិជើងក្លេរ ឃុំ២ធ្នូ កាលពីម្សិលមិញបានឡើងមកតវ៉ាមុខក្រសួងរៀបចំដែនដី និងបាននាំគ្នាបន្តស្នាក់នៅវត្តសាមគ្គរង្ស៊ី ដើម្បីរង់ចាំដំណោះស្រាយ ប៉ុន្តែ នៅថ្ងៃនេះ ពួកគេបានត្រឡប់ទៅស្រុកកំណើតវិញហើយ ក្រោយពី​អាជ្ញាធរខេត្ត​ក្រចេះ​ បាន​ចុះ​ទៅ​ទទូចឲ្យពួកគេ​ត្រឡប់ទៅវិញ។

លោ ភិន ធា ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់វីអូឌីថា ក្រុមអ្នកភូមិមិនចង់ត្រឡប់ទៅវិញនោះទេ ដោយថា អាជ្ញាធរខេត្ត​ក្រចេះបានសន្យាជាច្រើនដងហើយថា ដោះស្រាយបញ្ចប់ឲ្យពួកគេ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទទួលបានដំណោះស្រាយឡើយ។

ព្រោះអីការសន្យានេះ អត់បានលាយលាក់ជាអក្សរផង។ មិញហ្នឹង ពួកខ្ញុំសំនូមពរ ៥ចំនុចហ្នឹង គាត់មិនបាននិយាយចំណុចណាមួយឲ្យត្រឹមត្រូវផង គាត់និយាយដោះសារទទេទាំងអស់។ កាលមុន ចៅហ្វាយ​ស្រុកគាត់និយាយថា គាត់ដោះស្រាយឲ្យពលរដ្ឋ២ហិកតាកន្លះ ដល់ឥលូវបែរជានិយាយថា គ្មានដីធ្លីប្រគល់ឲ្យពលរដ្ឋទាំងវិញ។ អញ្ចឹង ពេលទៅដោះស្រាយនេះ មិនដឹងទៅដោះស្រាយអីផង

លោ ភិន ធា ដែលអះអាងថា ជាតំណាងពលរដ្ឋ

ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន មានប្រសាសន៍ថា ទាំងអាជ្ញាធរថ្នាក់ស្រុក និងខេត្តកំពុងដំណើរដោះស្រាយករណីវិវាទដីធ្លីនេះតាមនីតិវិធីច្បាប់ ហើយថា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ និងក្រុមពលរដ្ឋនៅថ្ងៃស្អែកម្តងទៀតមុនឈានទៅដល់ការវាស់វែងជូនពលរដ្ឋទាំងនោះ។

តាមនីតិវិធីការចុះបញ្ជី គឺយើងត្រូវមានអត្តសញ្ញាណ។ អញ្ចឹងអត្តសញ្ញាណយើងបានធ្វើចប់ហើយ ដោយយើងបានព្រមព្រៀងគ្នាជាមួយគាត់ជាមួយជំនាញយើងទាំងអស់ ដោយដាក់ផែនការប៉ុន្មានថ្ងៃៗរហូតដល់ ១៨ចប់តាមផែនការ។ ក្រុមការយើងក៏បានធ្វើសំណើរលិខិតមកខេត្ត អញ្ចឹង ឯកឧត្តមអភិបាលខេត្តលោកក៏បានឯកភាពដាក់ប្រជុំថ្ងៃទី២៤ល្ងាចនៅសាលា​​ខេត្ត ដើម្បីត្រួតពិនិត្យមើលបញ្ជីឈ្មោះហ្នឹង តែក្នុងចន្លោះហ្នឹង យើងមិនដឹងថា យ៉ាងម៉េចគាត់ក៏បានឡើងមកតវ៉ាដល់ភ្នំពេញ

ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន

ប្រធានមន្ទីររៀបចំដែនដីរូបនេះ បន្តថា ពលរដ្ឋអាចទទួលបានដី ១ហិកតាកន្លះក្នុង ១គ្រួសារ ខណៈពលរដ្ឋខ្លះមិនពេញចិត្តចំពោះការផ្តល់ដំណោះស្រាយនេះទេ។

ពលរដ្ឋម្នាក់ លោក ស៊ីវ រី និយាយថា ក្រុមអ្នកភូមិមិនអាចទទួលយកបានទេចំពោះការដោះស្រាយដោយផ្តល់ដីឲ្យពួកគាត់ត្រឹមតែ ១ហិកតាកន្លះនោះ ដោយថា ចំនួននេះតិចតួចពេកមិនអាច​បង្កបង្កើនផលចិញ្ចឹមជីវិតរស់​នៅ​បាន។

លោកបន្តថា ចំពោះមុខនេះ ក្រុមពលរដ្ឋស្នើទៅអាជ្ញាធរជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈួសឆាយ ដោយរង់ចាំ ការដោះស្រាយជូនពលរដ្ឋសិន។

បញ្ហាដំណោះស្រាយ គឺខ្ញុំអត់ពេញចិត្តទេ ដោយសារដំណោះស្រាយមានការសន្យា តែសន្យាខ្យល់រហូត។ ខ្ញុំបានរង់ចាំ ពួកខ្ញុំបានមកភ្នំពេញនេះជាលើកទី៥ហើយ នៅតែមិនបានសម្រេច។ លោកឯកឧត្តមបានសន្យាថា នឹង​បានដំណោះស្រាយឆាប់ៗ មុនបោះឆ្នោត ឥលូវបោះឆ្នោតរួចពួកខ្ញុំនៅតែរង់ចាំ។ សម្រាប់ពីខ្ញុំជាប្រជាពលរដ្ឋ គឺគ្មានអ្វីទីពឹងទេ សង្ឃឹមតែទៅលើដី បើដីជួបទៅហ្នឹងបញ្ហាក្រុមហ៊ុនរឹបអូសយកអស់ តើពួកខ្ញុំត្រូវសង្ឃឹមអី មានតែចំណាកស្រុកប៉ុណ្ណោះ

ពលរដ្ឋម្នាក់ លោក ស៊ីវ រី

កាលឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗទៅលើ​មន្រ្តីក្រោមឱវាទរបស់ខ្លួនដែលមិនព្រមដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋ។

គាត់ដាំដុះនៅកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹងប្រគាល់ឲ្យគាត់ទៅ ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះនោះ បើក្នុង​គណបក្សខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែលោកឯងហី ? បានប្រកាច់ខំទុកធ្វើអី? មិនចែកឲ្យប្រជាជនទៅ! អាហ្នឹងនិយាយឲ្យពិត វាដូចជាហួស ស្រលាញ់ដីហួស ដីម៉ែលោកឯងហី ម៉េចមិនចែកឲ្យប្រជាជនទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ក្រុមអ្នកភូមិបានទាមទារដីមកវិញ ២ហិកតាកន្លះសម្រាប់១គ្រួសារ ខណៈពួកគេចោទក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ថា បានរំលោភយកដីធ្លីទំហំពី ៣ ទៅ ៤ហិកតាក្នុងមួយគ្រួសារ និងបំផ្លាញដំណាំ ផ្ទះសម្បែង ព្រមទាំងប្រើអំពើហិង្សាទៅលើពលរដ្ឋទៀតផង។

កាលពីថ្ងៃទី០៨ ខែមីនា អ្នកភូមិជាច្រើននាក់បានរងរបួសនៅ​ពេល​ប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុន ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A។

ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះលោក កៅ ម៉ាឌីឡែន ឲ្យដឹងថា មានពលរដ្ឋ១៦០០គ្រួសារដែលអាជ្ញាធរកំពុងរៀបចំដោះស្រាយដីធ្លីជូននៅក្នុងឃុំ២ធ្នូ ស្រុកស្នួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ