បទយកការណ៍៖ ពពុះទឹកស្អុយទំនប់កប់ស្រូវធ្វើឲ្យប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ

បឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ

នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរក្បែរបឹងធំមួយ នៅភាគខាងលិច ឈាងខាងជើងនៃរាជធានីភ្នំពេញ ពួកគេនឹងបានឃើញ ពពុះទឹកពណ៌សហោះអណ្តែតពាសពេញផ្ទៃអាកាសប្រៀបដូចជាព្រិលធ្លាក់នារដូវត្រជាក់។

ពពុះទឹកពណ៌សនោះ ហោះចេញពីបឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ ប៉ុន្តែបានប្រែក្លាយទៅជាបឹងស្តុកទឹកស្អុយ ដែលបង្ហូរចេញពីទីក្រុងភ្នំពេញ។

នៅបរិវេណដែលបង្ហូរទឹកចេញមកនេះមានការកើតពពុះអណ្ដែតយ៉ាងច្រើន ហើយនៅតាមកៀនបឹងត្រង់ចំណុចដែលបង្ហូរទឹកចូលមកក៏មានពពុះជាផ្ទាំងធំៗអណ្ដែតតាមច្រាំងនៃបឹង រីឯកំប្លោរដែលដុះនៅតាមកៀនៗបឹងបានប្រែក្លាយជាខ្មៅស្រអាប់ ហើយងាប់ដោយសារទឹកសម្អុយនេះ។

ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងកើតនៃបឹងមួយនេះ បាននឹងកំពុងទទួលរងនូវផលរប៉ះពាល់យ៉ាងខ្លាំង ដោយសារតែពពុះទឹកនេះ។ពួកគេបានត្អូញត្អែរថាពពុះទឹកមិនត្រឹមតែមានក្អិនស្អុយនោះទេ តែវាបង្កបញ្ហាដល់សុខភាព ហើយជាពិសេសធ្វើឲ្យប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់គាត់ផងដែរ។

អាជីវករលក់បាយម្នាក់ អ្នកស្រី សំណាង បានប្រាប់វីអូឌីឲ្យដឹងថា ក្លិនពពុះទឹកនេះស្អុយខ្លាំងណាស់។ រាល់ថ្ងៃគាត់ប្រឈមនឹងបញ្ហាដីហុយ ហើយ ប្រឈមនឹងក្លិននេះទៀត ហើយពពុះទឹកបង្កជារមាស់។ ចំណែកការលក់បាយរបស់អ្នកស្រីវិញមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកស្រី សំណាង​​​ បាននិយាយទាំងទឹកមុខស្រពាប់ស្រពោនថា៖

បញ្ហាខ្យល់ពពុះទឹកឡើងមកហ្នឹង ត្រូវសាច់រមាស់ដែរ វាជាតិស្អុយដល់អញ្ចឹង។ យើងគេចវាកុំឲ្យត្រូវទៅ បើក(ទ្វារ)អញ្ចឹងតែយើងចូលមកក្នុងផុតៗទៅណាស់ លក់ដូរអីយ៉ាប់ដែរ មិនសូវដាច់ទេពពុះអញ្ចឹងគេមិនសូវហូបហើយក្លិនស្អុយទៀត

អាជីវករលក់បាយម្នាក់ អ្នកស្រី សំណាង

ម្ចាស់យានដ្ឋាន អ្នកស្រី អេង លាង បាននិយាយថានៅពេលពពុះនេះហើរមកម្ដងៗ ក្រុមគ្រួសារអ្នកស្រីតែងតែរត់ចូលទៅក្នុងផ្ទះឲ្យផុត ពីព្រោះទ្រាំនឹងក្លិនស្អុយរបស់ពពុះទឹកនោះមិនបាន។ ហើយម្យ៉ាងវិញទៀត អ្នកស្រីបារម្ភពីបញ្ហាសុខភាពដែលបង្កឡើងដោយពពុះទឹកស្អុយ។

ពពុះហើរស្អុយវាច្រើន បើគាត់បើកបង្ហូរពេលយប់វាអត់សូវអីប៉ុន្មានទេ អត់សូវឈឺប្រជាជនប៉ុន្មានទេ ប៉ុន្ដែបើគាត់បើកពេលថ្ងៃអញ្ចេះទៅ ពពុះវាហើរអញ្ចឹងទៅធ្វើឲ្យកូនក្មេងឥឡូវរាគរួស រលៀកបំពង់ក ឈឺក្បាល ជួនកាលក្អួត ពីព្រោះថាទឹកស្អុយនេះវាខ្លាំងពេក សូម្បីតែមនុស្សចាស់ក៏ឈឺក ក្អកអញ្ចឹងដែរ

ម្ចាស់យានដ្ឋានមួយកន្លែង អ្នកស្រី អេង

ការអភិវឌ្ឍសំណង់អចលទ្រព្យ និងកំណើនប្រជាជននៅក្នុងទីក្រុងភ្នំពេញធ្វើឲ្យតម្រូវការប្រើប្រាស់​​​ប្រចាំថ្ងៃកើនឡើងហើយការបង្ហូរទឹកសម្អុយដែលកើតចេញពីការប្រើប្រាស់មានបរិមាណកាន់តែច្រើនឡើងៗ។

ប្រធានអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុងភ្នំពេញ លោក ដួង ចាន់សារ៉ាត់ បានប្រាប់វី.អូ.ឌី តាមទូរសព្ទឲ្យដឹងថា បរិមាណពពុះទឹកសម្អុយ​​​ទាំងនេះកើនឡើងដោយសារតែកំណើនសំណង់គេហដ្ឋាន និងកំណើនប្រជាជនដែលប្រើប្រាស់ទឹកមានចំនួនច្រើនដែលធ្វើឲ្យការបញ្ចេញទឹកសម្អុយទៅកាន់បឹងមានការកើនឡើង ដែលបង្កើតបានជាពពុះទឹកជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

បរិមាណទឹកប្រើប្រាស់ប្រជាជន ឥឡូវសង់ផ្ទះ បុរីនៅទំនប់កប់ស្រូវនេះកើតបុរីច្រើន […] អ៊ីអន២អីមកតាមនេះទាំងអស់មកទំនប់កប់ស្រូវនេះទាំងអស់។ ដល់អញ្ចឹងទឹកឥឡូវស្អុយ ទឹកនេះហូរតាំងពីពោធិ៍ចិនតុងចែកខ្លួនជា២មកទំនប់កប់ស្រូវនេះផង មកទំនប់ទួលសំពៅផង។ ហើយទំនប់ទួលសំពៅទឹកមកពីកាកសំណល់រោងចក្រកាត់ដេរ​​​មកពីខាងជើងឈាងខាងត្បូងនៃពោធិ៍ចិនតុង

ប្រធានអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុងភ្នំពេញ លោក ដួង ចាន់សារ៉ាត់

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់វី.អូ.ឌីតាមទូរសព្ទឲ្យដឹងថា បញ្ហាទឹកជំនន់ និងទឹកភ្លៀង ក៏ជាមូលហេតុដែលបង្កើតឲ្យមានពពុះទឹកសម្អុយនេះច្រើនដែរ ពីព្រោះទឹកភ្លៀងដែលកើតមាននៅទីក្រុងភ្នំពេញច្រើន ហើយត្រូវមានការបង្ហូរចេញដោយសារតែការពារការលិចលង់នៅក្នុងទីក្រុង។

ដោយសារតែយើងត្រូវការបូមនៅកន្លែងស្ថានីយ​​​ពីព្រោះទឹករបស់យើង (ទឹកទន្លេ) កម្ពស់ទឹកឡើង ទឹកមួយរយៈនេះទឹកឡើងដូចនៅតាមបណ្ដាខេត្ត​​​អីផ្សេងអញ្ចឹង។​​​ យើងត្រូវគ្រប់គ្រងទឹកកុំឲ្យមានការជន់លិច។ យើងត្រូវមានការបូមវាបែកពពុះ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី

អ្នកស្រីម៉ៃ អាយុប្រមាណ៦០ឆ្នាំ ជាកសិកររស់នៅភូមិក្បែរនោះបានរំលឹកឲ្យដឹងថា កាលពីមុនបឹងនេះបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនក្រីក្រជាច្រើន​​​ ដោយពួកគាត់ អាចនេសាទត្រីដើម្បីចិញ្ចឹមជីវិត ប៉ុន្ដែចាប់តាំងពីបង្ហូរទឹកស្អុយនេះចូលបឹងមក ប្រជាជនមិនអាចរកត្រីបានទៀតនោះទេ។

អ្នកអត់អ្នកអីគេអញ្ចោតកំពីស អញ្ចោតអីបានហូបដល់គេដាក់ទឹកស្អុយនេះ​​​មកអ្នករកត្រីអីក៏អត់បានដែរ គ្រាន់តែព្រលិតស្មៅនេះងាប់អស់អាលីង

អ្នកស្រីម៉ៃ អាយុប្រមាណ៦០ឆ្នាំ ជាកសិកររស់នៅភូមិក្បែរនោះ

លោក ចាន់សារ៉ាត់ បានប្រាប់វី.អូ.ឌីថា កាលពីប្រមាណ១០ឆ្នាំមុន ទំនប់នេះមិនមានការបង្ហូរចូលនូវទឹកសម្អុយនេះនៅឡើយទេ ប៉ុន្ដែប្រមាណ៥ឆ្នាំចុងក្រោយនេះ ទើបមានការបង្ហូរទឹកសម្អុយនេះចូលទៅ ហើយមានបរិមាណកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែកំណើនប្រជាជនរស់នៅតំបន់នោះ និងការបង្ហូរចេញពីរាជធានីភ្នំពេញ។

ប្រមាណ២ ទៅ ៣ឆ្នាំចុងក្រោយមានមនុស្សនៅច្រើន ដល់អញ្ចឹងទៅទឹកវាស្អុយអញ្ចឹង។ ការសង់ស្ថានីយដំបូងប្រហែល១០ឆ្នាំដំបូងទឹកធម្មតាទឹកភ្លៀង អត់មានស្អុយអញ្ចឹងទេ។ ប្រជាជនកើនទៅការអភិវឌ្ឍទឹកនេះប្រែក្លាយជាទឹកស្អុយទាំងអស់

ប្រធានអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុងភ្នំពេញ លោក ដួង ចាន់សារ៉ាត់

អ្នកស្រី លាង ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោកបានលើកឡើងដូចគ្នាថា ពួកគាត់ចង់ឲ្យអាជ្ញាធរ​​​មានវិធានទប់ស្កាត់ពពុះទឹកស្អុយនេះ ហើយសំណូមពរឲ្យមានការបង្ហូរទឹកពេលយប់ដោយសារតែទ្រាំទ្រនឹងក្លិនរបស់ពពុះទឹកមិនបាន។

ដូចថាគ្រាន់តែសំណូមពរឲ្យគាត់បូមពេលយប់អញ្ចឹង មិនបាច់បូមពេលថ្ងៃទេ។ បូមពេលថ្ងៃសូម្បីតែអ្នកជិតតាមនេះក៏ជិះអត់កើតដែរ។ ហើយប្រសិនបើថ្ងៃសៅរ៍ ថ្ងៃអាទិត្យគេទៅអត់រួចទេ ឲ្យគ្នាទៅតាមផ្សារវាចង្អៀតបើមកតាមនេះមកអត់កើត។ អ្នកខ្លះទឹកស្អុយពពុះជាប់ទាំងឡានទៅទៀត។ លិចឡានសូម្បីឡាននេះអីឡើងជិតដល់កញ្ចក់ បើឡានយើងធំៗមកត្រឹមហ្នឹង។ ពពុះទឹកស្អុយគេច្រលំថាព្រិល មិនមែនទេពពុះទឹកស្អុយទេ ពពុះទឹកស្អុយមួយគំន

អ្នកស្រី លាង បឹងតាមោកឬបឹងទំនប់កប់ស្រូវ

លោក ចាន់សារ៉ាត់ បានបញ្ចាក់បន្ថែមថា នៅឆ្នាំ២០១៩ នឹងសម្រេចឲ្យបានចំពោះប្រព័ន្ធបង្ហូរទឹកចូលទៅក្នុងបឹងដោយតទុយោចូលឲ្យដល់បាតបឹងដើម្បីកាត់បន្ថយពពុះដែលកើតចេញពីការបង្ហូរទឹកចូលទៅស្ថានីយនេះទៀត។

ឥឡូវនេះយើងកំពុងដោះស្រាយប្រហែលជាឆ្នាំ២០១៩នេះ យើងនឹងបញ្ចូលទុយយោកប់ចូលក្នុងបឹងឲ្យជ្រៅកុំឲ្យកើតពពុះ។ […] ដំណោះស្រាយគឺគេតទុយោចាក់បាតបឹងនឹងមកកុំឲ្យកើតមានពពុះប្រហែល២០១៩

ប្រធានអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុងភ្នំពេញ លោក ដួង ចាន់សារ៉ាត់

កាលពីដើមខែកុម្ភៈឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោក​​​ជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុបប្រមាណ ៣២៣៩ហិកតា។ បច្ចុប្បន្នស្ថានីយបង្ហូរទឹកនេះមានចំនួន២ស្ថានីយ គឺស្ថានីយទំនប់កប់ស្រូវ និងស្ថានីយទួលសំពៅ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ