អ្នក​ជំនួញ​នៅ​អាស៊ានមានជំនឿ​​លើ​វិស័យ​អចលនទ្រព្យកម្ពុជា ​

សំណង់​អគារ​ខ្ពស់​កំពុង​លូត​លាស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ

អ្នក​ជំនាញ​វិស័យអចលនទ្រព្យ​អាស៊ាន​មាន​ជំនឿលើការ​រីក​ចម្រើននៃ​អចលនទ្រព្យ​នៅ​កម្ពុជា បើ​ទោះ​បី​បញ្ហា​នយោបាយ​រវាង​កម្ពុជា និង​អន្តរជាតិ​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​បន្តិច​ក៏​ដោយ​។

អ្នក​ជំនាញ​ផ្នែក​វិស័យ​អចលន​ទ្រព្យជាច្រើន​មក​ពី​ប្រទេសនានា​នៅ​តំបន់​អាស៊ាន​បាន​ចូល​រួម​ក្នុង​សន្និ​បាត​អចលនទ្រព្យ និង​ពិព័ណ៌​សមាគមអចលនទ្រព្យអាស៊ាន​ធ្វើ​នៅរាជធានីភ្នំពេញ​កាលពីម្សិលមិញ បាន​លើ​ក​ឡើង​ដោយ​មាន​ជំនឿលើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹងមាន​តម្លៃ​កាន់​តែ​ខ្ពស់នាពេល​ខាង​មុខ។

លើកឡើង​ប្រាប់​អ្នក​សារព័ត៌មាន​VOD អគ្គលេខា​ធិការសមាគម​អចលនទ្រព្យ​អាស៊ាន និងជា​ម្ចាស់​ក្រុម​ហ៊ុន​អចលនទ្រ​ព្យ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក ស៊ូម៉ា សាន់​ត្រាំ មានប្រសាសន៍​ថា​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុងផ្តល់​ឱកាស​ល្អ​ដល់​អ្នក​វិនិយោគ​ដែល​អាចទទួលបាន​ផល​ចំណេញ​ច្រើន ខណៈ​ដែល​លោក​ថា​មិន​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​នយោបាយ​នោះ​ទេ។

ពួក​យើង​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ស្ថាន​ភាពនយោបាយ​កម្ពុជា​នោះ​ទេ យើង​មិន​ដឹងថា​អាមេរិក​កាំ​ង​គេ​មើល​ឃើញ​យ៉ាងណា​ទេ យើង​មិ​ន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ តែ​អ្វី​ដែល​ពួក​​យើង​ឃើញ​នៅពេល​នេះខ្ញុំ​គិត​ថា​វា​ជា​ឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​

អគ្គលេខា​ធិការសមាគម​អចលនទ្រព្យ​អាស៊ាន និងជា​ម្ចាស់​ក្រុម​ហ៊ុន​អចលនទ្រ​ព្យ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក ស៊ូម៉ា សាន់​ត្រាំ

សមាជិក​នៃ​សមាគម និង​ជា​អ្នក​បង្កើតក្រុម​ហ៊ុន​អចលនទ្រព្យ​មួយនៅ​ប្រទេស​ថៃលោក សោភ័ណ ប្រឈប់​ឆៃ មាន​ប្រសាសន៍​​ថាប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន​ច្រើន ជា​ពិសេស​វិស័យ​អចលនទ្រព្យ ខណៈ​លោក​ចាត់ទុក​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ការ​រីកចម្រើនខ្លាំងជាង​គេ​ក្នុង​តំបន់​អាស៊ានលើ​​វិស័យ​នេះ។ សម្រាប់​បញ្ហា​ដែលនយោបាយ​កម្ពុជា​លោក​ថា​គ្រាន់​ជារឿង​មួយ​ភ្លែត​ប៉ុណ្ណោះដែល​អាច​ដោះស្រាយ​បាន។

រឿង​នយោបាយ​គឺ​គ្រាន់​តែ​ជា​រឿង​តែ​ក្នុង​កំឡុង​ពេល​មួយតែ​ប៉ុណ្ណោះ តែ​មូល​ដ្ឋាន​នៅក្នុង​ប្រទេស​គឺល្អ ពីមុន​កម្ពុជា​ក្រតែ​ឥលូវ​កើន​ឡើង​ហើយ ហើយ​មាន​ឱកាស​ការ​ងារ​ល្អ ហើយ​បញ្ហា​នយោបាយ​គឺ​គ្រាន់​តែ​ជា​រឿង​មួយ​ឡែក​ប៉ុណ្ណោះ ២ ទៅ ៣​ខែ​បន្ទាប់​ពី បោះឆ្នោត​ប្រហែល​ជាមាន​រឿង​មិន​ល្អ​ច្រើន តែ​បន្ទាប់​ពីនោះ​វា​គួរតែ​ល្អ

សមាជិក​នៃ​សមាគម និង​ជា​អ្នក​បង្កើតក្រុម​ហ៊ុន​អចលនទ្រព្យ​មួយនៅ​ប្រទេស​ថៃលោក សោភ័ណ ប្រឈប់​ឆៃ

ប្រធាន​សមាគមអចលនទ្រព្យភីលីពីនលោក វីល្លាម លី ហ្វរ៉េស្តា ឲ្យដឹងថា ក្រុមហ៊ុន​លោក​កំពុង​រៀប​ចំ​គម្រោង​សាង​សង់​ខុន​ដូរ​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ។ លោកថា ​ពេល​បច្ចុប្បន្នលោក​មិន​អាចធ្វើ​ការ​ទស្សន៍​បាន តែ​លោក​មាន​ជំនឿថា​នាថ្ងៃ​អនាគត​វិស័យ​អចលនទ្រព្យ​កម្ពុជា​កាន់តែ​មាន​តម្លៃ​កាន់​តែ​ថ្លៃ។

យើង​គ្មាន​រឿង​អីត្រូវ​ធ្វើ​ជា​មួយ​ពួកគេទេ(បញ្ហា​នយោបាយ) យើង​ធ្វើ​តែ​រឿង​របស់​យើង ហើយ​ប្រសិន​បើ​យើង​ធ្វើ​ត្រូវ ធ្វើ​អ្វីដែល​ល្អ​សម្រាប់​វិស័យ​នេះ សម្រាប់​ប្រទេស​ ខ្ញុំ​គិត​ថាអ្វី​ក៏ដោយ​មិន​ជា​បញ្ហា​នោះ​ទេ

ប្រធាន​សមាគមអចលនទ្រព្យភីលីពីនលោក វីល្លាម លី ហ្វរ៉េស្តា

ទោះជា​យ៉ាង​ណាសម្រាប់​អ្នក​ធ្វើ​ការ​វិស័យ​អចលនទ្រព្យមក​ពីសហ​រដ្ឋ​អាមេរិក​វិញអ្នក​ស្រី ម៉ាស្យា ខូល​លីនម៉ូស មាន​ប្រសាសន៍​ថា​ ក៏ជឿជាក់ថាបញ្ហានយោបាយជះឥទ្ធិពលលើវិស័យចលនទ្រព្យមិនអូសបន្លាយយូរទេ។​

រឿង​នយោបាយ​គឺ​ខុស​គ្នា តែ​សម្រាប់​ប្រទេស​ខ្ញុំ​អ្នក​ដឹក​នាំ​មិន​អាច​ដឹក​នាំ​មួយ​ជិវិតបាន​ទេ បើ​ទោះបីជា​មានការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដោយប្រទេស​ខ្ញុំ​ក៏​ដោយ តែ​អ្នក​ដឹក​នាំ​បន្ទាប់​អាច​ធ្វើ​រឿង​នេះ​ឲ្យ​ល្អ​វិញបាន វា​ស៊ី​សង​លើកា​រសម្រេច​ចិត្ត​របស់​White House តែ​ប៉ុណ្ណោះ

អ្នក​ធ្វើ​ការ​វិស័យ​អចលនទ្រព្យមក​ពីសហ​រដ្ឋ​អាមេរិក​វិញអ្នក​ស្រី ម៉ាស្យា ខូល​លីនម៉ូស

វិស័យ​អចលនទ្រព្យនៅ​កម្ពុជាត្រូវ​បាន​គេ​កត់​សម្គាល់​ថាមាន​កំណើន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ឡែក​ក្នុងឆ្នាំ​២០១៧​ ​ក្រសួង​រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣ ៤១៨ នៅទូទាំងប្រទេស ខណៈ​តម្លៃសរុបទឹកប្រាក់​ការវិនិយោគ​បានកើនឡើង រហូត​ដល់​៦,៨ពាន់​លាន​ដុល្លារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ